Thmey Thmey 25
តើគេបានថ្មពណ៌ផ្កាឈូកសម្រាប់សង់ «ប្រាសាទបន្ទាយស្រី» តែមួយគត់ មកពីណា? 
22/11/2022 5:00 pm សៀមរាប

ដោយ៖ សែម វណ្ណា 

សៀមរាប៖ ប្រាសាទបន្ទាយស្រី កសាងក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវម៌្មទេវ-ទី២ (រាជេន្រ្ទវរ្ម័ន) និងព្រះបាទជយវម៌្មទេវ-ទី៥ (ជយវរ្ម័ន) នៅសតទី១០ ដោយព្រះរាជគ្រូនាម យជ្ញវរាហ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរនិងព្រះនរាយណ៍។ ជាប្រាសាទ ដែលល្បីល្បាញផ្នែកចម្លាក់ឆ្ងាយជាងដែនអាណាចក្ររបស់ខ្លួន ក្បាច់រចនានៅប្រាសាទបន្ទាយស្រី ត្រូវបានឆ្លាក់លើថ្មភក់។ បើពិនិត្យឱ្យល្អិតល្អន់ ក្បាច់ទាំងនោះ មានភាពល្អិតៗ នៅជ្រៅខ្លាំង ដែលងាយខូចខាត។ ប៉ុន្តែហេតុអ្វីបានជាថ្មភក់នេះ ជាប់បានយូរយ៉ាងនេះ?

ដើម្បីជ្រាប់កាន់តែច្បាស់ សូមទស្សនាបទសម្ភាសរវាង លោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ខៀវ ច័ន្ទ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
 



ប្រាសាទក្នុងរមណីយដ្ឋានអង្គរ មានច្រើនណាស់ ដែលប្រើប្រាស់ថ្មភក់។ ប៉ុន្តែថ្មភក់ ដែលមានពណ៌ផ្កាឈូកដូចប្រាសាទបន្ទាយស្រីនេះ មានតែប្រាសាទបន្ទាយស្រីមួយនោះទេ។ ថ្មភក់ នៅប្រាសាទបន្ទាយស្រីនេះ មិនមានប្រភពថា យកមកពីទីតាំងណានោះទេច្បាស់នោះទេ។ ប៉ុន្តែបើតាមការស្រាវជ្រាវ លោក ខៀវ ច័ន្ទ បានសន្និដ្ឋានថា ថ្មភក់ ពណ៌ផ្កាឈូកនេះ យកចេញពីជើងភ្នំគូលែន។ 

ថ្មភក់ពណ៌ផ្កាឈូក ត្រូវបានប្រើជាសសរ គ្រោងទ្វារ បង្អួច តាមផ្ដែរ ហោជាង និងស្រទាប់ខាងក្រៅនៃតួប៉មទាំងបី ប្រាសាទបន្ទាយស្រី។ ក្រៅពីនេះ ថ្មបាយក្រៀម ក៏ត្រូវបានប្រើប្រាស់សម្រាប់សាងសង់កំពែង  ខ្លោងទ្វារ អគាររណប និងស្រទាប់ទីពីរនៃតួប៉មទាំងបីផងដែរ។ ប្រាសាទបន្ទាយស្រី ក៏ប្រើឈើនៅក្នុងគ្រឿងបង្គំដំបូលនៃអគាររណបផ្សេងៗនិងថែវដែលនៅអមខាងផ្លូវចូល។ តែថា ថែវដែលនៅអមខាងផ្លូវចូលនេះ នៅសល់តែជញ្ជាំងនិងសសរខ្លះៗតែប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ក្រៅពីថ្មភក់ និងថ្ម បាយក្រៀម ប្រាសាទបន្ទាយស្រី ក៏ត្រូវបានប្រើឥដ្ឋនៅតាមកំពែង និងតាមដំបូលនៃប៉មនីមួយៗ៕ 














 



 
ដោយ៖ សែម វណ្ណា  © រក្សាសិទ្ធិដោយ thmeythmey25.com