Thmey Thmey 25
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំដំណើរយាត្រាលើកទី១ ទៅកាន់ប្រាសាទព្រះវិហារ 
15/10/2022 11:00 am ភ្នំពេញ ដោយ៖ ហេង ស្រីលីន 

ភ្នំពេញ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំយុទ្ធនាការដំណើរយាត្រាលើកដំបូង ទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយតំបន់បេតិកភណ្ឌពិភពលោក ឱ្យទៅជាគោលដៅវប្បធម៌មនុស្សជាតិ។


ព្រឹត្តិការណ៍យាត្រាលើកទី១ ដើម្បីបេតិកភណ្ឌ(Temple Work) តម្រូវឱ្យអ្នកចូលរួមដើររយៈចម្ងាយ ៧គីឡូម៉ែត្រដោយគិតពីចំណតរថយន្ត (បារាយណ៍ខាងលិច) រហូតដល់គោបុរៈ នៃប្រាសាទព្រះវិហារ។ យុទ្ធនាការនេះ នឹងមានមនុស្សប្រមាណជាង ១៥00នាក់ ដែលមកពីខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ធំ និងខេត្តសៀមរាប ក្នុងនោះក៏មានជនជាតិថៃប្រមាណ ៥០០នាក់ផងដែរ។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យុទ្ធនាការនេះ ដើរដើម្បីបរិស្ថាន ដើម្បីទេសចរណ៍ មិត្តភាព និងដើរដើម្បីបេតិកភណ្ឌមនុស្សជាតិ។ លើសពីនេះ វាជាការគាំទ្រសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ ចូលរួមកែលម្អសេដ្ឋកិច្ចជនបទ ការកាត់បន្ថយភាពក្រីក្រ តាមរយៈកីឡា និងទេសចរណ៍ផងដែរ។


លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក រុបភាពពី៖ PATA Cambodia Chapter

ប្រធានសមាគមទេសចរណ៍រូបនេះ បញ្ជាក់ដូច្នេះ៖ «ដំណើរយាត្រាលើកទី១ ទៅកាន់ប្រាសាទព្រះវិហារ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថានបៃតង ជួយលើកកម្ពស់អនាម័យ ទេសភាពព្រៃឈរ និងសេវាកម្មល្អ។ ម្យ៉ាងកម្ពុជា ក៏បានកសាងមិត្តភាពរវាងប្រទេសជិតខាងយើងទៀតផង»។

លោក ធួន ស៊ីណាន រំពឹងថា ក្រោយចប់ព្រឹត្តការណ៍នេះកម្ពុជានឹងមានចរន្តភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ ចំណែកតំបន់ទេសចរណ៍នៃប្រាសាទព្រះវិហារ នឹងមានទេសចរមកកម្សាន្តច្រើនបន្ថែមទៀត។ យុទ្ធនាការ ត្រូវតែចូលរួមគាំពារតំបន់បេតិកភណ្ឌនេះ ឱ្យបានល្អតាមរយៈផ្សព្វផ្សាយ និងជំរុញឱ្យទេសចរមកស្គាល់តំបន់ដាច់ស្រយាលនេះឱ្យបានច្រើន ដូចតំបន់ផ្សេងៗដែរ។

សួមបញ្ជាក់ថា អ្នកដែលមានបំណងចូលរួមដំណើរយាត្រានេះ ត្រូវបំពេញបែបបទសម្រាប់ការធ្វើដំណើរ ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៨ ២៤៣  ៤៤៤៤, ០៩២ ៨៨ ៣៣៣០, ០៩៦ ២៦ ៩៩ ១៩៨ និង០៧៨ ៥៨៥ ៣៤៧។ លោកអ្នក អាចចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ខាងមុខនេះ៕
ដោយ៖ ហេង ស្រីលីន  © រក្សាសិទ្ធិដោយ thmeythmey25.com