Thmey Thmey 25
លោក កែវ ពិសិដ្ឋ យកបញ្ហាសង្គមបង្កើតជារូបត្លុក សម្រាប់ឱ្យមហាជនគិតពិចារណា
15/08/2022 3:00 pm ភ្នំពេញ
ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ លោក កែវ ពិសិដ្ឋ ជាវិចិត្រកររូបត្លុកម្នាក់ ដែលភាគច្រើនស្គាល់ថា Piseth’s Whatever។ ជារឿយៗ វិចិត្រកររូបនេះ បានប្រើទេពកោសល្យនៃការគូរគំនូររបស់ខ្លួន បង្កើតជារូបត្លុកបែបកំប្លែង ដែលទាក់ទងនឹងបញ្ហាសង្គម។ រូបត្លុកខ្លះ មានខ្លឹមសារសន្ទនារវាងតួអង្គមួយនឹងតួអង្គមួយ ហើយរូបខ្លះ មិនមានខ្លឹមសារបកស្រាយឡើយ។ លោក ពិសិដ្ឋ បានឱ្យដឹងថា រូបខ្លះ ទោះគ្មានអក្សរបកស្រាយអំពីអត្ថន័យ តែវាមានន័យទូលាយ ដែលអ្នកទស្សនាអាចយល់ន័យតាមការគិតរៀងខ្លួន។

Piseth’s Whatever ជាទំព័រហ្វេសប៊ុកមួយ ដែលកំពុងទទួលការចាប់អារម្មណ៍ជាច្រើនពីមហាជន ទាក់ទងនឹងស្នាដៃគូររូបត្លុកដ៏ប៉ិនប្រសព្វ រួមផ្សំនឹងខ្លឹមសារបង្កប់ន័យអប់រំ និងកំប្លុកកំប្លែងមួយចំនួនផងដែរ។ ជីវិតពិតនៃការរស់នៅប្រចាំថ្ងៃ បញ្ហាការងារ បញ្ហាសង្គម និងរឿងរ៉ាវមួយចំនួនទៀត​ ត្រូវបានលោក កែវ ពិសិដ្ឋ យកមកកែច្នៃជាគំនូរត្លុក និងបានចែកចាយជូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមើល។

ក្រោយផ្សព្វផ្សាយរូបត្លុករបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក មានមនុស្សជាច្រើនចូលចិត្ត ដ្បិតវាបង្កប់អត្ថន័យកំប្លែង គួមផ្សំនឹងរឿងពិតផងនោះ។ កូនអ្នកខេត្តសៀមរាបរូបនេះ ក៏បានយកបញ្ហាសង្គមមួយចំនួនបង្កើតជា​រូបត្លុកយ៉ាងទាក់ទាញ។ ទោះរូបទាំងនោះគ្មានអក្សររ៉ាយរ៉ាប់ពីអត្ថន័យ តែមហាជនភាគច្រើនបានយល់ពីខ្លឹមសារ ដោយបានបញ្ចេញមតិ(comment) និងចែករំលែក(Share) អមជាមួយពាក្យពេចន៍ បែបកំប្លែង និងចំអកចំអន់ផងដែរ។

លោក កែវ ពិសិដ្ឋ បានប្រាប់សារព័ត៌មានThmeyThmey25 អំពីការគូររូបត្លុកខ្លះមានអក្សរ និងខ្លះគ្មានអក្សរ ដូចនេះថា៖«គំនូរត្លុកខ្លះមានអក្សរ ព្រោះសាច់រឿង និងភាពកំប្លុកកំប្លែងស្ថិតនៅលើពាក្យសម្ដី ដូចរឿងកំប្លែងនាយពាក់មីជាដើម។ សម្រាប់គំនូរត្លុក ដែលគ្មានអក្សរ សាច់រឿងស្ថិតនៅលើសកម្មភាពតួអង្គ អត្ថន័យទូលំទូលាយមានភាពជាសកល អាចមើលយល់ដោយមិនចាំបាច់ចេះភាសា ឧទាហរណ៍ដូចជារឿង Mr. Bean»។

ជាក់ស្តែង បញ្ហាសង្គមជាច្រើនបានកើតឡើងក្នុងពេលថ្មីៗនេះ ដែលរឿងខ្លះវាគួរឱ្យព្រួយបារម្ភ ហើយរឿងខ្លះវាក្លាយជារឿងហួសចិត្តសម្រាប់វិចិត្ររូបនេះទៅវិញ។ «យើងរមែងសង្កេតឃើញរឿងគ្រប់បែបយ៉ាងកើតឡើងក្នុងសង្គម។ មានរឿងពិតមួយចំនួនក៏មើលទៅធ្វើឲ្យខ្ញុំសើច ហួសចិត្តស្ទើរតែដូចរឿងត្លុកកំប្លែងដែរ ដែលជំរុញឲ្យខ្ញុំគូរជាគំនូរឡើងគ្រាន់ចែកគ្នាសើច»។

នេះជាការលើកឡើងរបស់លោក ពិសិដ្ឋ ដោយបានបញ្ជាក់បន្ថែមថា ទោះគំនូរខ្លះឆ្លុះបញ្ចាំងពីបញ្ហាសង្គមពិត តែការគូររូបត្លុកនេះលោកមិនបានរំពឹងអ្វីច្រើនឡើយ ដោយលោកគូរទៅតាមការនឹកឃើញដូចវិចិត្រដទៃដែរ។

ទន្ទឹមនោះ វិចិត្រករវ័យ២៨ឆ្នាំ កែវ ពិសិដ្ឋ ក៏មានភាពរីករាយនៅពេលរូបត្លុក ដែលគ្មានអក្សររបស់លោកទទួលការពេញចិត្តពីមហាជន ជាពិសេសនៅពេលវាជារូបត្លុក ដែលទាក់ទងនឹងបញ្ហាសង្គម និងជាកង្វល់សម្រាប់មនុស្សគ្រប់រូប។ ម្ចាស់ផេក Piseth’s Whatever បានលើកឡើងថា៖«ខ្ញុំរីករាយដែលទទួលការគាំទ្រច្រើន វាបង្ហាញថា មិនមែនមានតែខ្ញុំម្នាក់ទេដែលមើលឃើញបញ្ហានេះ»។

សម្រាប់លោក ពិសិដ្ឋ ការគូរគំនូរជីវចលនេះ គឺជាការងារមួយដែលលោកស្រលាញ់ខ្លាំង និងបានចាប់ផ្តើមគូរតាំងពីឆ្នាំ២០១៦ មក។ ការគូររូបត្លុក ជាផ្លូវមួយដែលអាចឲ្យវិចិត្រកររូបនេះ ចែកចាយគំនិត និងសាច់រឿងរបស់លោកទៅកាន់មនុស្សជាច្រើនបានយ៉ាងងាយ។

ការជួបជុំមិត្តភក្តិ ការជជែកគ្នាលេងសើចរឿងកំប្លែង បានជំរុញឱ្យបុរសរូបនេះមានគំនិតបង្កើតជារូបត្លុក ចែកមនុស្សឯទៀតក្រៅពីរង្វង់មិត្តភក្តិបានរីករាយ ដ្បិតខ្លួនមានជំនាញគូររូបរួចជាស្រេច។ លោកបានលើកឡើងពីប្រវត្តិដែលនាំឱ្យលោកយករឿងកំប្លែង បង្កើតជាគំនូរត្លុកបែបនេះថា៖«ដំបូងគ្រាន់តែសរសេរជារឿងបង្ហោះទេ តែរឿងខ្លះតម្រូវឲ្យឃើញនឹងភ្នែកទើបមើលទៅកំប្លែង ខ្ញុំក៏រួមបញ្ចូលគ្នារវាងរឿងដែលខ្ញុំសរសេរ ជាមួយសមត្ថភាពគូរគំនូររបស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាអ្វីថ្មីទេ នៅបរទេសគេធ្វើមករាប់សិបឆ្នាំហើយ។ ខ្ញុំរីករាយដែលខ្ញុំអាចផលិតគំនូរត្លុកទាំងនេះបាន ហើយមានអ្នកចូលចិត្ត និងគាំទ្រដូចសព្វថ្ងៃ»៕
 
 


 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com