Thmey Thmey 25
រោងចក្រ៥ មានទុនជាង២៦លានដុល្លារ នឹងបង្កើតការងារជាង៤០០០កន្លែង
08/08/2022 10:00 am ភ្នំពេញ

ដោយ ៖ ធន់ សេងហុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៥ ផលិតបន្ទះសូឡា និងរោងចក្រផ្សេងៗទៀតនៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង២៦លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជាង ៤០០០កន្លែង។

បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD ដែលបោះទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ គ្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅខណ្ឌជ្រោយចង្វារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ២៤០៤កន្លែង។

ទន្ទឹមនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន១ ០១៨កន្លែង។

ជាមួយគ្នានេះ CDC ក៏អនុម័តឱ្យក្រុមហ៊ុន Cambodian Xihanouke Cabinet Co., Ltd ដែលមានទុនវិនិយោគចំនួន ៣លានដុល្លារ ហើយគ្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅខេត្តព្រះសីហនុ និងបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ២៥០កន្លែង។

ដោយឡែកក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd គ្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញក៏ត្រូវបាន CDC អនុម័តផងដែរ។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ១២លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ៥០០កន្លែង។
ក្រៅពីក្រុមហ៊ុនទាំងបួនខាងលើ CDC ក៏អនុម័តឱ្យក្រុមហ៊ុន Taica (Cambodia) Corporation គ្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារ និងបង្កើតឱកាសការងារបានចំនួន ២០កន្លែង៕

 

ដោយ៖ ធន់ សេងហុង © រក្សាសិទ្ធិដោយ thmeythmey25.com