Thmey Thmey 25
ការឱ្យតម្លៃជាងគំនូរផ្ទាល់ដៃ ជាការ​ផ្ដល់​តម្លៃ​ដល់​សិល្បៈវប្បធម៌ខ្មែរ
17/08/2022 5:00 pm ភ្នំពេញ
ដោយ៖ ហេង ស្រីលីន
ភ្នំពេញ៖ លោក​ អ៊ុក ជឹមវិចិត្រ គឺជាជាងគំនូរ និងជាអ្នកសូនរូបទំនើបមួយរូប ដែលមានបទពិសោធជាង២៥ឆ្នាំមកហើយ។ ជំនាញទាំងពីរនេះ ជាចំណង់ចំណូលចិត្តរបស់វិចិត្រករ ជឹមវិចិត្រ តាំងពីកុមារភាព ដោយសារលោកមានឈាមជ័រពី​ឪពុក ជាជាងគំនូរ។ រាល់ស្នាដៃរបស់​វិចិត្រកររូបនេះ បានគូរសុទ្ធសឹងតែបង្ហាញពីការច្នៃប្រឌិតថ្មី និងភាពរស់រវើក។ «ការឱ្យតម្លៃជាងគំនូរគូរផ្ទាល់ដៃ គឺជាការឱ្យតម្លៃសិល្បៈ វប្បធម៌ខ្មែរ»។ នេះជាការលើកឡើងរបស់លោក អ៊ុក ជឹមវិចិត្រ។

ចាប់កំណើតក្នុងត្រកូលដែលមានឪពុកជាជាងគំនូរ លោក អ៊ុក ជឹមវិចិត្រ បាន​ចាប់ចិត្ត​ស្រឡាញ់ និង​ទេព​កោសល្យពី​កំណើតលើ​វិស័យ​គំនូរ។ លោក អ៊ុក ជឹម​វិចិត្រ បានសម្រេចចិត្តដើរតាមគន្លងឪពុក ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន។

ស្ថិតក្នុង​វ័យ១៦ឆ្នាំ ពោល​ក្នុងឆ្នាំ១៩៩៧ ជាងគំនូររូបនេះ បានប្រឡូកក្នុងវិស័យគូរគំនូរ ដោយបានចូលរៀននៅសាលាវិចិត្រសិល្បៈជាតិ​​ ចម្លាក់ឈើ។ ក្រោយមកនៅឆ្នាំ២០០២ យុវជន វិចិត្រ បានចូលសិក្សានៅមហាវិទ្យាល័យវិចិត្រសិល្បៈ លើជំនាញសូនរូបទំនើប និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៦។



បច្ចុប្បន្នលោក អ៊ុក ជឹមវិចិត្រ គឺជាគ្រូបង្រៀនស្ថាបត្យកម្ម និងនគរូបនីយកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រៅពីបង្រៀនសិស្សនៅសាកលវិទ្យាល័យ កូនអ្នកភ្នំពេញរូបនេះ នៅតែបន្តគូរគំនូរ ប្លែកៗ អសា្ចរ្យ ដើម្បីរក្សាទឹកដៃ ក៏ដូចជាចូលរួមលើកស្ទួយផ្នែក​គំនូរក្នុងស្រុក ជាពិសេសចូលរួមបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយ ដែលស្រឡាញ់អាជីពជាជាងគំនូរនេះឱ្យលូតលាស់ទៅមុខ។

«អាចនិយាយបានថាខ្ញុំមានដុងពីកំណើតក៏ថាបាន ​ពីព្រោះគ្រួសាររបស់ខ្ញុំសុទ្ធតែជាអ្នកស្រឡាញ់គំនូរ។ ខ្ញុំបានចូលសិក្សាជំនាញនេះ  ដោយមានគ្រួសារជំរុញ និងឪពុកជាអ្នកបង្ហាត់រាល់ថ្ងៃ»។ នេះជាការ​លើក​ឡើង​របស់​វិចិត្រករ ជឹម​វិចិត្រ។

ស្នាដៃជាច្រើនរបស់​លោក វិចិត្រ​ ត្រូវ​​បានបង្ហាញនៅតាមពិព័រណ៌ ការប្រកួត និងការដាក់តាំងស្នាដៃនៅក្នុងសាលា​វិចិត្រសិល្បៈ រួមទាំង​សណ្ឋាគារ​នានា។ លើសពីនេះ រាល់ស្នាដៃនីមួយៗសុទ្ធសឹងតែបង្កប់អត្ថន័យគ្រប់រូបភាពទាំងអស់។

ការច្នៃប្រឌិត និងការរុករកថ្មី

បើនិយាយពីស្នាដៃសូនរូបដែលធ្វើឡើងពីឈើ និងថ្ម ត្រូវបានសូនចេញទៅជារូបមនុស្ស សត្វ ដោយ​លេចរូបរាងឡើងទៅតាមការច្នៃប្រឌិត ប្រកបដោយក្បូរក្បាច់ប្លែកភ្នែក និង​បូកបញ្ចូលនូវរចនាបថខ្មែរ។ ចំណែកចម្លាក់សូនពីដែកវិញ ត្រូវបានផ្សារផ្គុំភ្ជាប់គ្នាពីកាំភ្លើង ស្ពាន់ជាច្រើន ​​ដើម្បីបង្កើតទៅជារូបប្លែកៗ និងបង្កប់អត្ថន័យជ្រាលជ្រៅ។ នាពេលកន្លងមក​វិចិត្រកររូបនេះ បានធ្វើ​រូបចម្លាក់សត្វនាគ ដោយផ្គុំឡើងពីដែក,  មនុស្សយន្តច្នៃពីកាំភ្លើងជាច្រើនដើម, ចម្លាក់បក្សីដែកមានស្លាបកាំភ្លើង និងមានខ្លួនជាដែកជាដើម។

ក្រៅតែជាជាងសូនរូប លោក​ អ៊ុក ជឹមវិចិត្រ ក៏ជាអ្នក​គូររូបដ៏មានប្រជាប្រិយភាពមួយរូប ក្នុងចំណោមវិចិត្រករឆ្នើមនៅកម្ពុជាផងដែរ​។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ស្នាដៃរបស់ជាងគំនូរវ័យ៤២ឆ្នាំរូបនេះ គឺការគូរគំនូរប្លែកភ្នែក និងកើតចេញពីការច្នៃប្រឌិតរបស់លោក។



ផ្ទាំងគំនូរនីមួយៗ បានបង្ហាញពីសកម្មភាពនៃតួអង្គយ៉ាងរស់រវើក ហាក់ដូចជាមានជីវិ​ត។ សរសៃជក់ ជ្រលក់ទឹកថ្នាំជាច្រើនពណ៌ ដែលគូសវាសនៅលើផ្ទាំងក្រណាត់សមួយផ្ទាំងនោះ គឺជាអ្វីដែលជាងគំនូរបញ្ចូលរូបារម្មណ៍បែបសិល្បៈច្នៃប្រឌិតឱ្យលេចជារូបភាពយ៉ាងមា​នអត្ថន័យ។
វិចិត្រកររូបនេះ ពន្យល់ដូច្នេះ៖ «គំនូរដែលខ្ញុំគូរភាគច្រើន កើតចេញពីអារម្មណ៍របស់ខ្ញុំ។ ​បើទោះជារូបគំនូរមានរូបភាពខុសគ្នាក៏ពិតមែន ប៉ុន្តែអ្នកមើលនៅតែអាចដឹងបានថាគំនូរនេះ គឺជាវិចិត្រកររូបណាជាអ្នកគូរ»។

គំនូរចម្រុះពណ៌លាយឡំគ្នា ទៅតាមស្ទាយទឹកដៃ បានបញ្ជាក់យ៉ាងច្បាស់ទាំងគុណតម្លៃវិចិត្រករ និងអត្ថបទលើផ្ទាំងគំនូរ។ ស្នាមអុជៗតូចៗ ដែលប្រឡាក់លើក្រណាត់សនោះ បានរំលេចឡើងទៅតាម​ការច្នៃ បែបសិល្បៈនៃជាងគំនូរ។ គំនូរខ្លះគេឃើញមានដានស្នាមជក់ពាសប្រដេញគ្នា បង្កើតទៅជារូបគំនូរយ៉ាងល្អគន់។​ រាល់គំនូរនីមួយៗ ភាគច្រើនបង្ហាញពីការបង្កើត និងការរុករកថ្មី ដែលមើលទៅហាក់ដូចជាស្ថិតនៅក្នុងយុគសម័យណាមួយ​។

ការផ្ទេរចំណេះដឹង

ថ្ងៃខ្លះគេឃើញលោកគូរគំនូរនៅផ្ទះ ថ្ងៃខ្លះទៀតគេឃើញគូរនៅក្នុងរោងជាង ជាមួយជាងគំនូរ និងកូនសិស្សជាច្រើននាក់។ ចំណែកពេលខ្លះទៀតគេឃើញវិចិត្រករម្នាក់នេះ បង្ហាញស្នាដៃនៅលើទឹកដីអង្គរ។ រាល់ការងារទាំងអស់នេះ មិនមែ​នលោកធ្វើតែម្នាក់ឯងនោះទេ គឺមានក្រុមការងារ និងកូនសិស្សជាច្រើនរូប ដែលសុទ្ធតែមានបទពិសោធ​ និងទឹកដៃល្អៗ ដើម្បីរួមដំណើរក្នុងកិច្ចការងារនេះ។

គ្រូគំនូរ និង​សូនរូបរូបនេះ តែងបង្ហាត់កូនសិស្សជាច្រើនរូប ដែលស្រឡាញ់អាជីពជាអ្នកគូរគំនូរ។ លោក បានចែករំលែកគន្លឹះ និងផ្តល់បទពិសោធ ទាក់ទងនឹងរបៀបផាត់ ដាក់ពណ៌ និងគន្លឹះច្នៃប្រឌិតដើម្បីបង្ហាញពីភាពរស់រវើក នៃផ្ទាំងគំនូរ។

ការច្នៃប្រឌិតភ្ជាប់នឹងវប្បធម៌របស់វិចិត្រករ អ៊ុក ជឹមវិចិត្រ បានធ្វើឱ្យអ្នកគាំទ្រមិនតិចទេ​ដែលពេញចិត្ត ពីភាពច្នៃប្រឌិតអស្ចារ្យ។ គំនូរមួយផ្ទាំងៗ ដែលលោកគ្រូអាចលក់បាន គឺ​មិនក្រោម ១០០ដុល្លារឡើយ និង​រូបគំនូរខ្លះអាចលក់បានរាប់ពាន់ដុល្លារក៏មាន។ មិនសូវខុសពីគំនូរ​ឡើយ ចម្លាក់សូនរូបរបស់លោក វិចិត្រ ក៏​អាចលក់បានមិនក្រោម​ ១ពាន់ដុល្លារផងដែរ​។

បុរសវ័យ​៤២ឆ្នាំរូបនេះ​ បញ្ជាក់ដូច្នេះ៖ «អ្នកគាំទ្រភាគច្រើនជាភ្ញៀវបរទេស ឯភ្ញៀវខ្មែរក៏មានដែរ តែពួកគាត់ជាវរូបគំនូររបស់ខ្ញុំទៅតាមទំហំរូប។ រូបគំនូរមានតម្លៃថ្លៃ ដោយសារយើងចំណាយពេលគូរយូរ។ គំនូរខ្លះមានទំហំតូចយើងចំណាយពេលគូរតិច ដូច្នេះតម្លៃក៏ទៅតាមហ្នឹងដែរ»។

លោក បន្តថា គំនូរខ្លះត្រូវបានគូរឡើងតាមគម្រោងអតិថិជន ប៉ុន្តែរូបភាពដែលដាក់ឱ្យគូរទាំងនោះ ភាគច្រើនឆ្លុះពីមជ្ឈដ្ឋានជុំវិញ ខុសពីការច្នៃដោយខ្លួនឯង។ បើទោះរូបភាពគម្រោង មានភាពទាក់ទងក្តី តែលោក យល់ថាការគូរនេះ គឺមិនបានបង្ហាញពីស្នាដៃខ្លួននៅក្នុងផ្ទាំងគំនូរនោះឡើយ។ លោកបន្ថែមថា៖ «ការឱ្យតម្លៃជាងគំនូរគូរផ្ទាល់ដៃ គឺជាការឱ្យតម្លៃសិល្បៈ វប្បធម៌ខ្មែរ»៕


 
ដោយ៖ ហេង ស្រីលីន © រក្សាសិទ្ធិដោយ thmeythmey25.com