Thmey Thmey 25
អភិបាលខេត្តបាត់ដំបង ស្នើទូតបារាំងជួយជួសជុលអាកាសយានដ្ឋាន ដើម្បីត្រៀមទទួលទេសចរ
23/06/2022 5:00 pm បាត់ដំបង

ដោយ៖ ជឿន ស្រីណយ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើឱ្យលោក ហ្សាក់ ប៉ឺឡេ  (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួយជួសជុលសំណង់បុរាណ និង អាកាសយានដ្ឋានក្នុងខេត្ត ដើម្បីសម្រួលដល់ការនាំចេញផលិតផលផ្សេងៗ និងត្រៀមទទួលទេសចរ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ លូ និង លោក ហ្សាក់ ប៉ឺឡេ នៅសាលាខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង គ្រោងកែលម្អអាកាសយានដ្ឋានខេត្តបាត់ដំបង ឱ្យមានសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសឱ្យស្មើខេត្តសៀមរាប។ ក្រៅពីអាកាសយានដ្ឋាន រដ្ឋបាលខេត្តក៏មានគម្រោងជួសជុល និងអភិរក្សសំណង់មួយចំនួនក្នុងខេត្តបាត់ដំបងដែរ។ ការជួសជុលសំណង់បុរាណនេះ ក្នុងគោលបំណង អភិរក្សបេតិកភណ្ឌសម្រាប់ទទួលទេសចរ។

ប៉ុន្តែគម្រោងនេះត្រូវបានរាំងស្ទះដោយសារបញ្ហាថវិកា និងបច្ចេកទេស។ ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើលោក លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ពិនិត្យមើលសំណង់បុរាណនានាក្នុងខេត្ត ដែលបារាំងអាចជួយជួសជុលបាន។

ឆ្លើយតបនឹងសំណើនេះ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) នឹងពិនិត្យមើលផែនការអភិរក្ស ដើម្បីសិក្សាពីប្លង់លម្អិត ក៏ដូចជាពិភាក្សាជាមួយភាគីបារាំងជាមុនសិន។ យ៉ាងណាមិញ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អះអាងថាលោក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍក្នុងខេត្តបាត់ដំបង ដែលជាផ្នែកមួយទាក់ទាញទេសចរ និងអ្នកវិនិយោគ។

សូមជម្រាបថា ខេត្តបាត់ដំបង មានស្ថានីយបុរាណចំនួន២១ ប្រាសាទដែលនៅមានរូបរាងចំនួន៥ ប្រាសាទបាក់បែកសល់គ្រឹះចំនួន១៦ ទួលបុរាណចំនួន៤១៥ និងវត្តបុរាណចំនួន៣២៦។ សំណង់បុរាណទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមុនជំងឺកូវីដ-១៩ និងក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ៕

 

ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com