Thmey Thmey 25
លោក និក ម៉ាក ចំណាយពេលជាង២០ឆ្នាំ ដើម្បីចូលរួមសង្គ្រោះសត្វព្រៃជាមួយកម្ពុជា
04/08/2022 5:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ លោក និក ម៉ាក (Nick Mark) ជាជនជាតិអង់គ្លេស ដែលបានបម្រើការងារផ្នែកសង្គ្រោះ និងថែរក្សាសត្វព្រៃនៅកម្ពុជា ជាង២០ឆ្នាំមកហើយ។ ជនបរទេស ចេះនិយាយខ្មែររូបនេះ កំពុងបំពេញការងារក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ សហគមន៍ការពារព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ  កន្លែងថែរក្សាសត្វនៅខេត្តកោះកុង និងកិច្ចសហការរវាងអង្គការ និងអាជ្ញាធរជាតិអប្សរា នៅក្នុងព្រៃអង្គរ។
 

មានសម្បុរស  មាឌដំបង លោក និក ម៉ាក ជានាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំនៅកម្ពុជា។ លោក និក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០០១ ដើម្បីធ្វើការងារឱ្យអង្គការ Wild Aid ដែលបច្ចុប្បន្នប្តូរឈ្មោះជាអង្គការ Wildlife Alliance។ ថ្វីបើមានវ័យចំណាស់បន្តិច តែលោក និក ម៉ាក នៅតែអាចចូលព្រៃ ឡើងភ្នំ បានលឿន ដូចក្មេងជំទង់។ លោក និក ម៉ាក នៅព្រៃច្រើនជាងនៅផ្ទះទៅទៀត។

ជាក្មេងចូលចិត្តនៅក្បែរសត្វព្រៃ ជាងសាលារៀន

យុវជនអង់គ្លេស និក ម៉ាក ត្រូវបានឪពុកម្ដាយបញ្ជូនឱ្យចូលរៀនសាលាឯកជននៅស្រុកកំណើត។ គ្រួសាររបស់លោក និក មានជីវភាពធូរធារ មិនក្រលំបាកឡើយ ដោយអាចរៀននៅសាលាល្បី និងមានផ្ទះក្នុងដីទំហំ ២ហិកតា។

«ឪពុកខ្ញុំជាអ្នកមាន ព្រោះគាត់ធ្វើការជា Stock Broker ចំណូលអាចផ្គត់ផ្គង់សមាជិកគ្រួសាររស់ដោយស្រួល។ ដីផ្ទះនៅក្នុងក្រុងរបស់គ្រួសារខ្ញុំ មានប្រហែលជាង២ហិកតាឯណោះ។ ក្រៅពីនេះមានអ្នកធ្វើការជាមួយម្នាក់នៅក្នុងផ្ទះ»។ លោក​ និក ប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ដូច្នេះ។

កាលពីតូចលោកជាក្មេងម្នាក់ មិនចូលចិត្តការសិក្សាឡើយ។ ចំណង់ចំណូលចិត្តរបស់លោក និក ចាប់តាំងពីដឹងក្តីមក គឺចូលចិត្ត និងស្និទ្ធស្នាលខ្លាំងជាមួយសត្វ។ កាលនោះលោកតែងបានយកសត្វមកចិញ្ចឹម និងសង្គ្រោះពួកវានៅផ្ទះជានិច្ច។

«ខ្ញុំមិនចូលចិត្តទៅរៀនទេ មិនដែលបានសុខឡើយពេលចូលដល់សាលា។ ខ្ញុំខូចណាស់ តែងត្រូវរំពាត់គ្រូរហូតហ្នឹង។ ខ្ញុំមិនស្ដាប់គ្រូ គ្រូប្រាប់ឱ្យទៅនេះ ខ្ញុំទៅនោះ។ ច្រើនដងរាប់ភ្លេចដែលគ្រូវាយ និងដេញឱ្យចេញពីសាលា។ និយាយដោយត្រង់ខ្ញុំខូចណាស់។ មិនយល់សោះ ហេតុអ្វីម្ដាយ ឪពុកខ្ញុំ ចង់ឱ្យទៅរៀន»។ 

រម្លឹករឿងអតីតកាលជាថ្មី បុរសរូបនេះ ញញឹមនិងបានរៀបរាប់ដូច្នេះ៖ «អ្នកជិតខាងជា​​ច្រើនគេដឹងថាខ្ញុំចូលចិត្តសត្វ ដូច្នេះនៅពេលមានសត្វឈឺ គេតែងយកមកឱ្យខ្ញុំ។ កាលនោះមានក្ដីសុខណាស់ មកពីរៀនមានសត្វនៅផ្ទះ។ មានសត្វខ្លះខ្ញុំយកទៅនៅក្នុងបន្ទប់ជាមួយ អាចមានដូចជា បក្សីនិងសត្វតូចៗ ចំណែកឯសត្វធំៗដូច ជាទុកក្រៅ។ បើសួរសត្វអ្វីខ្លះខ្ញុំមិនចាំទេ»។ 

ផ្ដើមនិស្ស័យការងារជាមួយសត្វព្រៃនៅទឹកដីអង់គ្លេស

នៅអាយុ១៩ឆ្នាំ លោក និក បានចូលទៅធ្វើការនៅក្នុងសួនសត្វមួយមានឈ្មោះ WINDSOR SAFARI PARK នៅក្នុងទីក្រុង WINDSOR ដោយទទួលបានប្រាក់ឧបត្ថម្ភតិចតួច។ ធ្វើការបានជិត១ឆ្នាំ លោកក៏សម្រេចចិត្តឈប់ និងបន្តទៅធ្វើការនៅក្នុងសួនសត្វមួយផ្សេងទៀតនៅក្នុងទីក្រុង  Canterbury kemi នៅក្នុងសួនសត្វ HOWLETTS WILD ANIMAL PARK ។ នៅទីនោះ លោក និក ទទួលខុសត្រូវមើលថែ និងសម្អាតទ្រុងរបស់សត្វស៊ីសាច់ជាអាហារ ក្នុងនោះរួមមាន សត្វខ្លារខិន ខ្លាដំបង ខ្លាពពក ឆ្កែព្រៃ និងពពួកសត្វផ្សេងពីនេះជាង១០ប្រភេទទៀត។

«ខ្ញុំគិតថាសួនសត្វទីពីរ ដូចជាផ្ទះ។ ការងារថែខ្លានៅទីនេះ ប្រៀបដូចជាខ្ញុំទៅកម្សាន្តនិងលេងជាមួយវាដូច្នេះដែរ។ អ្វីដែលខ្ញុំពេញចិត្តខ្លាំង គឺខ្ញុំស្រឡាញ់គេ គេក៏ស្រឡាញ់ខ្ញុំដូចគ្នា»។ នេះជាការលើកឡើងរបស់លោក និក។ 

ធ្វើការបានជិតមួយឆ្នាំ បុរសរូបនេះ បានចាកចេញពីកន្លែងការងារនៅក្នុងសួនទី២  និងសម្រេចចិត្តចេញស្វែងរកបទពិសោធបន្ថែម នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយនេះក៏ជាលើកទីមួយដែលបុរសរូបនេះ ចេញពីប្រទេសកំណើត។

បុរសរូបនេះចាប់ផ្ដើមធ្វើការជាអ្នកថែរក្សាសត្វ និងផ្ដល់សេវាកម្មទេសចរណ៍នៅក្នុងនៅក្នុងសួន MALA MALA GAME  RESERVE OF  SOUTH AFRICA នេះចាប់ពីអាយុ២១ ដល់២៣ឆ្នាំ​។ បន្ទាប់ពីនោះលោកបានបន្តដំណើរប្រទេសទី៣ ​គឺប្រទេសឥណ្ឌា ក្នុងនាមជាអ្នកចំណាកស្រុករកការងារធ្វើទាក់ទងការមើលថែសត្វព្រៃ។

នៅប្រទេសឥណ្ឌា លោក និក បានទៅធ្វើការនៅក្នុងសួន DUDHWA MATIONAL PAKE INDIA  រយៈពេល២ឆ្នាំ គឺនៅចន្លោះអាយុ២៣ ដល់២៥ឆ្នាំ ។ ការងារនៅទីនោះ ស្ម័គ្រចិត្តថែសត្វព្រៃ ដោយមិនយកប្រាក់ឧបត្ថម្ភ។  នៅសួនក្នុងប្រទេសឥណ្ឌា លោកទទួលបានត្រឹមការស្នាក់នៅ អាហារបរិភោគ និងមើលថែសត្វក្នុងព្រៃ ដែលជាក្តីប្រាថ្នារបស់លោកប៉ុណ្ណោះ។ 

«ខ្ញុំនៅទីនោះ មិនមានប្រាក់ខែឡើយ ប៉ុន្ដែខ្ញុំទទួលបានអាហារ និងកន្លែងស្នាក់នៅ។ ខ្ញុំមិនត្រូវការលុយទេ ព្រោះមានហើយ! អ្វីជាតម្រូវការនោះគឺ បានធ្វើការជាមួយសត្វប៉ុណ្ណោះ។ វាជាក្តីសុខធំបំផុតរបស់ខ្ញុំ»។ ​លោក និក អះអាងដូច្នេះ។

បន្ទាប់ពីធ្វើការនៅប្រទេសឥណ្ឌាបានជាង២ឆ្នាំ លោកបានសម្រេចចិត្តធ្វើដំណើរត្រលប់ទៅស្រុកកំណើតនៅប្រទេសអង់គ្លេសវិញ។​ រយៈពេលប៉ុន្មានឆ្នាំនេះ លោកជួបរឿងរ៉ាវជាច្រើន និងបានសម្រេចចិត្តចូលរៀនវិញ។

លោក និក បានយកពេលទំនេរទៅរៀន ថ្នាក់បរិញ្ញាបត្រជំនាញ បរិស្ថាន រយៈពេលមួយឆ្នាំ ដើម្បីកសាងសមត្ថភាព និងជំនាញគ្រប់គ្រង។ ក្រោយមក នៅក្នុងឆ្នាំ២០០១ លោកធ្វើដំណើរមកស្រុកខ្មែរ ដើម្បីធ្វើការងារជាមួយអង្គការ Wild Aid ដែលបច្ចុប្បន្នប្តូរឈ្មោះ ជាអង្គការ Wildlife Alliance។  បុរសរូបនេះ បានចាប់ផ្ដើមធ្វើការលើកិច្ចការពារ និងសង្គ្រោះសត្វព្រៃនៅជុំវិញប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០១ និងកំពុងបន្តនាពេលបច្ចុប្បន្ន។  

 

ចាប់ចិត្ត កម្ពុជា

បុរសវ័យ៧១ឆ្នាំរូបនេះ បានបញ្ជាក់ថា មុនពេលចូលដល់កម្ពុជា ​លោកគិតថា ប្រទេសនេះអាចនឹងដូចគ្នាទៅហ្នឹងប្រទេសផ្សេងទៀតដែលធ្លាប់ទៅធ្វើការ។ ប៉ុន្ដែពេលចូលដល់ស្រុកខ្មែរ លោកមានអារម្មណ៍ថាខុស ប្លែកពីប្រទេសដទៃ។

«កម្ពុជា ជាប្រទេសងាយស្រួលសម្រាប់ខ្ញុំ ទាំងអាហារ ការរស់នៅ ទំនាក់ទំនង និងអាកាសធាតុ។ ធាតុពិតប្រទេសខ្ញុំ​ត្រជាក់ ប៉ុន្ដែមកដល់កម្ពុជាអាកាសធាតុមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ។ គ្រប់យ៉ាងរលូន។ កម្ពុជាខុសពីប្រទេសផ្សេងត្រង់ ប្រជាជនខ្មែរភាគច្រើន រួសរាយរាកទាក់ និងចិត្តល្អណាស់ ចាត់ទុកខ្ញុំដូចជាគ្រួសារគេដែរ។ នៅខ្មែរទោះជាគេអត់ស្គាល់យើងក៏ដោយ ក៏គេស្វាគមន៍និងផ្ដល់ភាពកក់ក្តៅប្លែកពីប្រទេសដទៃ។ បើធៀបទៅស្រុកខ្ញុំវិញ ខុសគ្នាដាច់ស្រឡះ»។ លោក និក​ រៀបរាប់ពីដំណើរមកដល់កម្ពុជាដំបូងដូច្នេះ។

មកកម្ពុជានៅឆ្នាំ២០០១ អង្គការ Wildlife Alliance បានឱ្យលោក និក ធ្វើការនៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកឯការងារមួយទៀតគឺ សហការជាមួយក្រុមការងារប្រឆាំង និង បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា ដែលហៅកាត់ថា MU។

និយាយមួយៗ ក្នុងសំនៀងបែបបរទេស បុរសរូបនេះបានលើកឡើងថា  លោកពិតជាចង់ឃើញ ពលរដ្ឋគ្រប់រូបចេះថែរក្សា សត្វព្រៃ និងព្រៃឈើ ដែលសល់ សម្រាប់អ្នកជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកដឹងច្បាស់ថា កាលណាគ្រប់គ្នាមិនចូលរួមថែធនធានទាំងនោះ ពិតណាស់ថា នៅពេលវាបាត់បង់ហើយ ពិតជាពិបាកស្ដារមកវិញណាស់។  

 

ផលលំបាកមួយចំនួនក្នុងនាមជាអ្នកសង្គ្រោះសត្វព្រៃ

លោក និក បានបញ្ជាក់ថា ពីមុន ការងាររបស់លោក ហាក់ងាយស្រួលជាង ពេលបច្ចុប្បន្នឆ្ងាយណាស់។ «ចូលមកដំបូង ការងារដូចជាមិនសូវមានផលលំបាកអ្វីទេ ព្រោះបញ្ហាភាគច្រើនកើតមានចំពោះសត្វនិងមនុស្ស  ប៉ុន្ដែបច្ចុន្បន្ននេះ បញ្ហាកើតមានច្រើន ស្ទើរគ្រប់ចំណុច។ យ៉ាប់ណាស់ពេលនេះ»។ នេះជាការលើកឡើងរបស់លោក និក។ 

បុរសរូបនេះធ្វើការនៅកម្ពុជា បានជាង២០ឆ្នាំហើយ។ លោក និក យល់ថា សកម្មភាពខ្លះត្រូវការ ការសហការពីពលរដ្ឋ អាជ្ញាធរ ​និងអ្នកជាប់ពាក់ព័ន្ធ។ ពលរដ្ឋមិនសូវមានយល់ពីតម្លៃរបស់ជីវិតសត្វ ជាកត្តាធំបំផុត ដែលចោទជាបញ្ហាសម្រាប់ការងាររបស់លោក និងក្រុមការងារ ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។ 

លោក និក សង្កត់ធ្ងន់ដូច្នេះ៖ «អ្វីដែលពិបាកសម្រាប់ខ្ញុំ គឺមន្ត្រី និងប្រជាពលរដ្ឋមួយចំនួនធំ និយាយថាស្រឡាញ់ និងចូលរួមការពារបរិស្ថាន នៅលើតែបបូរមាត់ ប៉ុន្ដែជាការចូលរួមគ្មាន។ ពួកគាត់ មិនស្រឡាញ់ចេញពីបេះដូងទេ ភាគច្រើនបានត្រឹមការសម្ដែងប៉ុណ្ណោះ។ នេះហើយដែរជាបញ្ហាធំសម្រាប់កិច្ចការពារកន្លងមក»។

ទន្ទឹមនេះ លោកសង្ឃឹមថា ប្រសិនបើពលរដ្ឋ និងមន្ត្រីមួយចំនួនចាប់ផ្ដើមស្រឡាញ់សត្វព្រៃ និងធនធានធម្មជាតិចេញពីចិត្ត គ្រប់យ៉ាងអាចនៅទាន់ពេល។ មួយវិញទៀត ធនធានទាំងនោះ ជាទ្រព្យសម្បត្តិរួម ត្រូវការការសហការពីគ្រប់គ្នានៅក្នុងប្រទេស​ ដើម្បីប្រែក្លាយទីតាំងក្នុងព្រៃធម្មជាតិឱ្យមានសុវត្ថិភាព សម្រាប់សត្វព្រៃ។

ជនជាតិអង់គ្លេសរូបនេះ មិនចង់ឃើញការអភិវឌ្ឍ ដែលប៉ះពាល់ដល់ព្រៃធម្មជាតិជាជម្រកសត្វ ឱ្យទៅជាកន្លែងធ្វើអាជីកម្មរបស់ក្រុមហ៊ុន ឬវិស័យឯកជន ដោយមិនគិតពីផលប៉ះពាល់ធ្ងនធ្ងរ​ និងអាចជាវិនាសកម្មសម្រាប់ជីវិតសត្វនៅក្នុងធម្មជាតិ៕

 

 

 

 

ដោយ៖ ប៉ូ សុភា © រក្សាសិទ្ធិដោយ thmeythmey25.com