Thmey Thmey 25
  មនុស្ស១៣នាក់ ស្លាប់ដោយសាររន្ទះបាញ់ ក្នុងខែឧសភា 
15/06/2022 12:00 pm ភ្នំពេញ
ដោយ៖ ឈុំ ចន្ថា 
ភ្នំពេញ៖ នាខែឧសភានេះ រន្ទះបាញ់បានសម្លាប់មនុស្សចំនួន ១៣នាក់ របួស៨នាក់ និងងាប់គោក្របី ៣០ក្បាល។ នេះបើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
  

ប៉ុន្មានខែនេះ កម្ពុជា បានទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធផ្សេងៗ បណ្ដាលឱ្យមានភ្លៀង និងខ្យល់បកបោកខ្លាំងជាបន្តបន្ទាប់ ជាពិសេសប៉ះពាល់ដល់លំនៅដ្ឋាន និងអាយុជីវិតពលរដ្ឋ។ ជាក់ស្ដែង នាខែឧសភាកន្លងទៅ រន្ទះបាញ់កើតឡើង១៤លើក ក្នុងខេត្ត១៤ ដែលធ្វើឱ្យពលរដ្ឋ១៣នាក់ស្លាប់ របួស៨នាក់ និងងាប់គោក្របី ៣០ក្បាល។ 

ចំណែក ខ្យល់កន្រ្តាក់បានកើត១៩លើក ក្នុងខេត្ត១៣ បណ្ដាលឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរចំនួន១៦៩ខ្នង របើកដំបូលនិងខូចមធ្យម ២៩៤ខ្នង របើកដំបូលសាលារៀនចំនួន ២អាគារ ក្យូសនិងតូបលក់ដូរ៩ សាលាឆាន់មួយខ្នង និងស្លាប់មនុស្សម្នាក់។ 

បាក់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរីមួយកន្លែង បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០បន្ទប់ និងតូបលក់ទំនិញចំនួន២ ដាច់ស្ពានឈើមួយកន្លែង និងជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់។

ជាមួយគ្នានេះ ភ្លៀងក៏បានបង្កផលប៉ះពាល់ដល់ការងារបង្កបង្កើនស្រូវវស្សារបស់ពលរដ្ឋផងដែរ ជាពិសេសនៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី។ ខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំ រងការជន់លិចស្រូវច្រើនជាងគេ ក្នុងនោះខេត្តបន្ទាយមានជ័យ ប៉ះពាល់ស្រូវ ៤៦៦៤ហិកតា ខូចខាត ២៣៨០ហិកតា និងត្បូងឃ្មុំប៉ះពាល់ស្រូវ ១៣៣៧ហិកតា និងខូចខាត ១១៣៣ហិកតា។ 

របាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដដែល បានបញ្ជាក់ថា ចាប់ពីខែមេសាមក ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី កម្រិតទឹកភ្លៀងធ្លាក់រហូតដល់៧០ ទៅ១០០មីលីម៉ែត្រ។ 

សូមបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២២នេះ ខ្យល់កន្ត្រាក់ កើតឡើងចំនួន ៧៩លើក បណ្ដាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរប្រមាណ ៥២៧ខ្នង ផ្ទះរបើកដំបូល ១៧៧៧ខ្នង មនុស្ស១៦នាក់របួស និងស្លាប់២នាក់។ ចំណែក រន្ទះបាញ់ បានសម្លាប់មនុស្ស២២ នាក់ របួស ១៧នាក់ និងងាប់គោ ក្របី ៥៣ក្បាល ថយចុះពាក់កណ្ដាល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕ 

 
ដោយ៖ ឈុំ ចន្ថា  © រក្សាសិទ្ធិដោយ thmeythmey25.com