Thmey Thmey 25
ប្រាសាទបន្ទាយសំរែ ជាអតីតអារាមហិណ្ឌូសាសនា នៅពាក់កណ្ដាលសតវត្សរ៍ទី១២
17/08/2022 4:00 pm សៀមរាប
ដោយ៖ ឡុង តូន 
សៀមរាប៖ នៅក្នុងវង់ទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប ប្រាសាទបន្ទាយសំរែក៏ជាបុរាណស្ថានមួយដ៏មនោរម្យដែលនៅតែទាក់ទាញដល់ទេសចរជានិច្ច។ បើធ្វើដំណើរពីផ្លូវបំបែក ត្រង់ទីប្រជុំជនភូមិព្រះដាក់ ស្រុកបន្ទាយស្រី ឆ្ពោះមកទិសខាងកើតប្រមាណ២គីឡូម៉ែត្រ ទេសចរនឹងមកដល់ផ្លូវចូលពីខាងជើងនៃប្រាសាទនេះ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 


យោងតាមឯកសាររបស់លោក ម៉ូរី គ្លែហ្ស៍ (Maurice GLAIZE) ដែលជាអ្នកជួសជុលប្រាសាទបន្ទាយសំរែដោយផ្ទាល់ បានបញ្ជាក់ថា ក្រោយពីបានកាប់ឆ្ការត្រួសត្រាយសម្អាតព្រៃនៅឆ្នាំ១៩៣០ ការប្រើបច្ចេកទេសតាមបែប “អាណាស្ទីឡូ” (Anastylose)ដើម្បីជួសជុលប្រាសាទនេះ ក៏បានប្រព្រឹត្តទៅនៅចន្លោះឆ្នាំ១៩៣៦ ដល់ ១៩៤៤។

យោងតាមសំណល់កម្រាលថ្មនិងបង្កាន់ដៃនាគ ព្រមទាំងរានហាលនៅខាងមុខប្រាសាទ អាចឲ្យដឹងថា ដើមឡើយ ផ្លូវដែលសំខាន់សម្រាប់ចូលទីអារាមនេះ គឺពីខាងកើត។ នៅអមខាងផ្លូវចូលពីខាងកើតនេះទៀតសោតក៏មានស្រះទឹក២ផងដែរ។ ចំណែកផ្លូវចូលពីខាងលិច (ភ្ជាប់ទៅទំនប់ខាងកើតនៃបារាយណ៍យសោធរតដាក) មានលម្អដោយបង្គោលធំៗ ប៉ុន្តែបង្គោលទាំងនេះមានសភាពទ្រុឌទ្រោមអស់ទៅហើយ។ 

ប្រាសាទបន្ទាយសំរែជាសំណង់ដែលមានតួប៉មទោលសង់ភ្ជាប់ដោយមណ្ឌបលយចេញទៅទិសខាងកើត និងអមដោយ"ហោត្រៃ"ចំនួនពីរនៅជ្រុងអាគ្នេយ៍និងឦសាន។ ចំពោះរួតខាងក្រៅ ដ្បិតនៅសល់តែជញ្ជាំងនិងសសរខ្លះៗ ប៉ុន្តែអ្នកស្រាវជ្រាវនៅអាចកំណត់បានថា ដើមឡើយដំបូលនៃរួតខាងក្រៅនេះមានប្រក់ក្បឿង ព្រោះគេបានប្រទះឃើញបំណែកក្បឿងជាច្រើន។ 

គួរកត់សម្គាល់ដែរថា តាមរយៈការជួសជុលគ្រឿងបង្គុំដំបូលនៃរួតខាងក្នុង នាងច្រាល(បង្គោលស្រួចៗដែលលម្អលើព្រំដំបូល)ត្រូវបានរៀបចំលម្អនៅតាមទីតាំងដើមឡើងវិញដែលមើលទៅហាក់ដូចជាសំណង់ដែលទើបសាងសង់។ ស្លាកស្នាមនៅតាមគ្រោងបង្អួចនិងជញ្ជាំងជាច្រើនកន្លែង ដែលស្ថិតនៅរួតខាងក្នុងនិងខាងក្រៅ គេអាចយល់ថាប្រាសាទនេះទំនងជាសង់មិនទាន់ចប់សព្វគ្រប់។ 
ថ្វីដ្បិតពុំមានសិលាចារឹកបញ្ជាក់យ៉ាងច្បាស់លាស់ក្ដី ប៉ុន្តែយោងតាមរចនាបថនៃស្ថាបត្យកម្មនិងសិល្បៈដែលមានភាពលាំគ្នាយ៉ាងខ្លាំងជាមួយប្រាសាទអង្គរវត្ត អ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថាប្រាសាទបន្ទាយសំរែ ជាអតីតអារាមហិណ្ឌូសាសនាដែលបានកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១២។

ចម្លាក់លម្អនៅតាមផ្ដែរនិងហោជាងនៅមានលក្ខណៈល្អៗ ហើយភាគច្រើនជាប្រភេទចម្លាក់លៀន និងកន្លែងខ្លះក៏មានលក្ខណៈលោតដោយអន្លើ។ ជាទូទៅ ចម្លាក់នៅប្រាសាទបន្ទាយសំរែនេះមានបង្ហាញលាយឡំគ្នារវាងទេពសំខាន់ៗនៅក្នុងព្រហ្មញ្ញសាសនា ដែលក្នុងនោះការបង្ហាញអំពីអទិទេពអង្គព្រះនរាយណ៍ ក៏ដូចជាអង្គព្រះឥសូរ មានឆ្លាក់នៅតាមហោជាងសំខាន់ៗជាច្រើន។ តាមការស្រាវជ្រាវខ្លះក៏មានបញ្ជាក់អំពីចម្លាក់លម្អដែលទំនងជាទាក់ទងនឹងពុទ្ធសាសនាខ្លះៗផងដែរ។ បើសង្កេតនៅតាមខឿនខាងក្នុងនៃតួប៉មកណ្ដាល ឃើញថាមានការឆ្លាក់តុបតែងនូវក្បាច់ផ្កាភ្ញីព្រមទាំងសកម្មភាពនៃតួអង្គមនុស្សសត្វជាច្រើនយ៉ាងលម្អិត។

ពេលធ្វើកំណាយស្រាវជ្រាវក្នុងអំឡុងពេលជួសជុលនាទសវត្សរ៍១៩៣០ ក្រុមការងារបានប្រទះឃើញ"ប្រអប់ថ្ម"មួយរាងបួនជ្រុងទ្រវែងដែលអ្នកស្រាវជ្រាវខ្លះចាត់ទុកថាជា"មឈូសថ្ម"។ ដោយយោងលើភិនភាគប្រអប់ថ្ម ដែលគម្របមានប្រហោងពីលើនិងមានរន្ធមួយនៅផ្នែកខាងបាត ក៏បានធ្វើឲ្យមតិខ្លះលើកឡើងថាមិនជា“មឈូស”ដូចការពោលខាងលើនោះឡើយ។ ប្រអប់ថ្មនេះត្រូវបានយកមកតម្កល់ក្នុងមណ្ឌប ផ្នែកខាងមុខនៃតួប៉មកណ្ដាលរហូតបច្ចុប្បន្ន៕

 


 
ដោយ៖ ឡុង តូន © រក្សាសិទ្ធិដោយ thmeythmey25.com