Thmey Thmey 25
ការនាំចេញផលនេសាទថយចុះជិតពាក់កណ្ដាល ដោយសារទឹកទាប និងមនុស្សបំផ្លាញជម្រកត្រីពងកូន
25/05/2022 5:00 pm ភ្នំពេញ
ដោយ៖ ឈុំ ចន្ថា
ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២២ កម្ពុជា បាននាំចេញផលនេសាទជាង ១២១៣តោន ទៅកាន់បណ្ដាប្រទេសមួយចំនួនក្នុងតំបន់។ ការនាំចេញផលនេសាទនេះ ត្រូវបានឱ្យដឹងថា ថយចុះជាងពាក់កណ្ដាល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១មានចំនួន៣៤៦៩។ 

យោងតាម របាយការណ៍ផ្ដល់ដោយរដ្ឋបាលជល កម្ពុជា បានផលិតផលនេសាទទឹកសាបចំនួន ៩៣៦៥០តោន សមុទ្រ ៤៦៦០០តោន និងវារីវប្បកម្មចំនួន ២០៧០០តោន សរុបជាង១៦ម៉ឺនតោន ក្នុងរយៈពេល ៥ខែឆ្នាំ២០២២នេះ។

លោក អ៊ីង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការនាំចេញផលនេសាទថយចុះជិតពាក់កណ្ដាល ដោយសារកម្រិតទឹកបឹងទន្លេសាបពីឆ្នាំមុនទាបពេក ធ្វើឱ្យត្រីឆ្នាំនេះ​ពុំសូវសម្បូរ។ លើសពីនេះ កត្តាមនុស្ស ក៏បានគំរាមកំហែងដល់ជម្រកត្រីពងកូន ដូចជា កាប់ទន្រ្ទាន់ដីព្រៃលិចទឹក និងបទល្មើសនេសាទខុសច្បាប់ជាដើម។

លោក ពន្យល់ដូច្នេះថា៖« ត្រីរស់នៅ ត្រូវពឹងផ្អែកលើទឹក អ៊ីចឹង កាលណាទឹកធំ ច្បាស់ជាសម្បូរត្រី។ បើទឹកស្រកលឿន ចំពេលខែត្រីពងទៀត អ៊ីចឹង វាធ្វើឱ្យត្រីមួយចំនួនប៉ះពាល់ហើយ។ មួយទៀត បញ្ហាកាប់ព្រៃលិចទឹក ទន្ទ្រានយកដី ដែលរដ្ឋាភិបាល ទើបតែបង្រ្កាបនេះ ក៏ជាមូលហេតុធ្វើឱ្យត្រីធ្លាក់ចុះដែរ ព្រោះថា ត្រីបាត់បង់ជម្រក។ ឥឡូវ រដ្ឋាភិបាល និងក្រសួងកសិកម្ម បានប្រមូលដីមកវិញ ហើយដាំព្រៃលិចទឹកឡើងវិញ អ៊ីចឹង យើងចាំមើលបន្តទៀត»។

អនុប្រធានរដ្ឋបាលជលផលរូបនេះ រំពឹងថា បរិមាណត្រីនឹងកើនឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីសម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ដាំកូនឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតា ដែលបានរឹបអូសពីពលរដ្ឋ និងឈ្មួញកាប់ទន្ទ្រានខុសច្បាប់ ជុំវិញបឹងទន្លេសាបនាពេលកន្លងមក។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២កន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដាំកូនឈើក្នុងផ្ទៃដីជាង៦ម៉ឺនហិកតា ដើម្បីប្រែក្លាយតំបន់នោះទៅជាព្រៃលិចទឹក និងផ្ដល់ជម្រក និងបង្កើនធនធានត្រីជុំវិញបឹងទន្លេសាប។  សម្ដេច សង្កត់ធ្ងន់ថា ប្រសិនបើ មិនបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះទេ ផលប្រយោជន៍ជាតិនឹងត្រូវបាត់បង់។

សម្ដេច ថ្លែងយ៉ាងដូច្នេះថា៖«រឿងគឺបាត់បង់ព្រៃលិចទឹក និងធនធានត្រី។ ឥឡូវ ដីជាង៦ម៉ឺនហិកតា ត្រូវដាំព្រៃលិចទឹកឡើងវិញ ដើម្បីការពារទន្លេសាបរបស់យើង។ ហើយសូមកុំឱ្យមានបន្តសកម្មភាពទៀត(មន្រ្តី) នេះចេះយើងយកមកបានជាង ៦ម៉ឺនហិកតាត្រឡប់មកវិញ។ អ៊ីចឹងប្រសិនបើ ខ្ញុំមិនបញ្ជាឱ្យធ្វើសកម្មភាពទេ វាមិនត្រឹមតែមិនទទួលបានជាង ៦ម៉ឺនហិកតានោះទេ គឺត្រូវបាត់បងថែមទៀត»។

គួរបញ្ជាក់ថា ការនាំចេញផលត្រីរបស់កម្ពុជានឹងកើនឡើងថែមទៀត ប្រសិនបើ ទទួលបានការអនុញ្ញាតនាំចេញត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិនបានក្នុងពេលឆាប់ៗ៕
 
 
 
 
 
ដោយ៖ ឈុំ ចន្ថា © រក្សាសិទ្ធិដោយ thmeythmey25.com