Thmey Thmey 25
សាលារាជធានីផ្សាយឯកសារយុទ្ធសាស្ត្រស្ដីពីទីក្រុងវ័យឆ្លាត ការគ្រប់គ្រងភក់បង្គន់ និងការគ្រប់គ្រងគ្រោះមហន្តរាយ
24/05/2022 3:30 pm ភ្នំពេញ ដោយ: វិច្ឆិកា

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យ៣ នៅរាជធានីសម្រាប់អនាគត។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ នៅក្នុងបរិវេណនៃសាលារាជធានីភ្នំពេញ។

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយផែនទីចង្អុលផ្លូវចំនួន៣ ដែលជាឯកសារយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍរាជធានីភ្នំពេញ។ ពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនេះត្រូវបានរៀបចំធ្វើនៅក្នុងអគាររដ្ឋបាលសាលារាជធានី ក្រោមវត្តមានរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយេ ដែលជាលេខាធិការអចិន្ត្រៃយ៍នៃមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ការផ្សព្វផ្សាយដែលត្រូវបានធ្វើសម្រាប់អ្នកពាក់ព័ន្ធនានានៅក្រោមរដ្ឋបាលសាលារាជធានី ត្រូវបានរៀបចំភ្លាមៗ ក្រោយពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការដោយលោក ឃួង ស្រេង ដែលជាអភិបាលរាជធានី និងលោក ព្យែរ ប៊ៃយេ។ 
 
ឯកសារយុទ្ធសាស្ត្រទាំងបីនោះរួមមាន៖ ផែនទីចង្អុលផ្លូវជាយុទ្ធសាស្ត្រស្ដីពីទីក្រុងឆ្លាត និងមានចីរភាព, ឯកសារយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងសំណង់ភក់បង្គន់ឆ្នាំ២០៣៥ ក្នុងរាជធានីភ្នំពេញ និង ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងគ្រោះមហន្តរាយ។ ឯកសារសំខាន់ទាំងបីនេះត្រូវបានសរសេររួមគ្នាដោយមន្ត្រីជំនាញនៃសាលារាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
 
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនោះថា ឯកសារទាំងនេះមិនត្រឹមតែតម្រង់ទិសមន្ត្រីថ្នាក់ក្រោមជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញនេះផងដែរ។ លោកអភិបាលរងបានលើកឧទាហរណ៍ជាក់ស្តែងតែម្ដងចំពោះការបើសម្ពោធការដ្ឋានស្ថានីយប្រព្រឹត្តកម្មភក់បង្គន់នៅខណ្ឌកំបូលនៅថ្ងៃទី២៤ខែឧសភានេះ៕
ដោយ៖ វិច្ឆិកា © រក្សាសិទ្ធិដោយ thmeythmey25.com