Thmey Thmey 25
ការនាំចេញស្វាយ និងស្វាយចន្ទី ធ្លាក់ចុះ ក្នុងរយៈពេល៤ខែឆ្នាំ២០២២
23/05/2022 2:00 pm ភ្នំពេញ
ដោយ៖ ឈុំ ចន្ថា 
 
ភ្នំពេញ៖ ស្វាយ និងស្វាយចន្ទី ត្រូវបានចាត់ទុកជាផលិតផលកសិកម្មសក្ដានុពលសម្រាប់នាំចេញរបស់កម្ពុជា។ ប៉ុន្តែ រយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទាំងពីរប្រភេទនេះ បានថយចុះខ្លាំងគួរឱ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

 
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  រយៈពេលខែ៤ ឆ្នាំ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ៣៦៤ ៥៨៣ តោន ថយចុះ ៤៧ ភាគរយ​ ក្នុងនោះនាំទៅវៀតណាមច្រើនជាងគេចំនួន ៣៦៣ ២២១តោន និងបណ្ដាប្រទេសមួយចំនួនទៀតរួមមាន ថៃ ឥណ្ឌា និងចិន។ ការនាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ២៤៤តោន ថយចុះ៥៨ភាគរយ ក្នុងនោះនាំទៅប្រទេសចិន ១២៣តោន ថៃ៩២តោន ជប៉ុន ១៩តោន និងកោះតៃវ៉ាន៩តោន។
 
ចំណែក ការនាំចេញស្វាយស្រស់មានចំនួន ១០៤ ៩៥១តោន ថយចុះ ២៦ភាគរយ ក្នុងនោះនាំទៅវៀតណាម ៥៤៦៤៥តោន ចិន ២៧៤៦៧តោន ថៃ២២៦៨១តោន កូរ៉េ ១៥៥តោន និងហុងកុង ១តោន។ សម្រាប់ ដំណាប់ស្វាយ ត្រូវបាននាំចេញចំនួន ៧២៤៩តោន ថយចុះ ១៣ភាគរយ ដោយនាំទៅចិន ៦៣៣២តោន ថៃ ៤២៨តោន ហ្វីលីពីន ២៣០តោន វៀតណាម ២០០តោន  ជប៉ុន ៤២តោន អង់គ្លេស ៩តោន កូរ៉េ ៣តោន និងអ៊ីតាលី២តោន។ 
 
ជាមួយគ្នានេះ សមាគមស្វាយចន្ទីកម្ពុជា បានប៉ាន់ប្រមាណថា ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានត្រឹមតែ ៥៧ម៉ឺន ទៅ៦០ម៉ឺនតោនប៉ុណ្ណោះ ដោយសារកសិករមួយចំនួនបោះបង់ការដាំ ជាពិសេសវិបត្តិអាកាសធាតុធ្វើឱ្យគ្រាប់ស្វាយចន្ទីខូច ពុំសូវមានគុណភាពល្អ។ កត្តាទាំងនេះ អាចជាមូលហេតុធ្វើឱ្យការនាំចេញទៅវៀតណាមធ្លាក់ចុះ៕ 




 
ដោយ៖ ឈុំ ចន្ថា  © រក្សាសិទ្ធិដោយ thmeythmey25.com