Thmey Thmey 25
លោក ឡុង កុសល៖ សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរថយចុះ ព្រោះពលរដ្ឋចូលរួមយ៉ាងសកម្ម  
12/05/2022 12:00 pm សៀមរាប
ដោយ៖ អ៊ុត រស្មី 
សៀមរាប៖ សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ បានថយចុះជាង៧០ភាគរយ។ នេះជាការលើកឡើងរបស់ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យនៃអាជ្ញាធរជាតិអប្សរា ដែលបានបញ្ជាក់ថា សកម្មភាពប៉ងសង់សំណង់ខុសច្បាប់នាបច្ចុប្បន្ន ហាក់ស្ងាប់ស្ងាត់ ដោយសារការចូលរួមយ៉ាងសកម្មពីពលរដ្ឋ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ២៥ ជាមួយ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 



ការសាងសង់សំណង់នានា ក្នុងតំបន់រមណីដ្ឋានអង្គរ ត្រូវបានកំណត់ដោយអាជ្ញាធរជាតិអប្សរា។ លោក ឡុង កុសល បានបញ្ជាក់ថា ការសង់សំណង់ខុសច្បាប់នាពេលបច្ចប្បន្ន បានថយចុះ ដោយសារកត្តា មួយចំនួនដូចជា ការផ្សព្វផ្សាយរបស់អាជ្ញាធរដល់ពលរដ្ឋ ជាពិសេសនោះគឺការយល់ដឹង និងចូលរួមរបស់ពលរដ្ឋដែលបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរ។ 

លោក ឡុង កុសល បញ្ជាក់ដូច្នេះ៖ «តាមពិតទៅសកម្មភាពនៃការសាងសង់ខុសច្បាប់នេះ មិនមានជាកម្រិតធំ ឬអាគារធំៗនោះទេ។ មានដែលអាគារធំៗ ប៉ុន្តែអ្នកខ្លះពួកគាត់បានស្នើសុំដល់អាជ្ញាធរជាតិអប្សរា ប៉ុន្តែគាត់យកទៅសង់ខុសពីកម្មវត្ថុនៃការស្នើរបស់គាត់។ ចំណុចនេះយើងក៏បានរុះរើចេញវិញ យើងមិនអាចអនុញ្ញាត  ឱ្យគាត់ធ្វើកិច្ចការងារ ដែលពុំស្របជាមួយអ្វីដែលជាកម្មវត្ថុនៃការស្នើសុំនោះទេ» ។ 

លើសពីការផ្សព្វផ្សាយ អាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យ និងជួយគាំទ្រលើការរចនាសំណង់ឱ្យបានត្រឹមត្រូវ តាំងពីពេលស្នើសុំរហូតដល់ពេលសាងសង់។ បើតាមលោកឡុង កុសល ការគាំទ្រយ៉ាងខ្នះខ្នែងរបស់អាជ្ញាធរជាតិអប្សរា ក៏ជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឱ្យការសង់សំណង់ខុសច្បាប់ថយចុះនោះដែរ។ 

«ក្នុងករណីដែលទទួលបានការអនុញ្ញាត គឺក្រុមជំនាញបានចេញទាំងរចនាបថ យើងជួយគូជាផ្ទះជូនគាត់ យើងមានក្រុមការងារចុះជួយពិនិត្យ បច្ចេកទេសជូនគាត់ទៀត ហើយរាល់សេវាកម្មទាំងអស់ មិនតម្រូវឱ្យបង់ប្រាក់នោះទេ។ មួយប្រភេទទៀត យើងមានក្រុមការងារ ជួយសម្រួលតម្រូវការក្នុងការរស់នៅជាក់ស្ដែងរបស់ពលរដ្ឋ ចង់ជូសជុលដំបូលផ្ទះ ជញ្ជាំងផ្ទះ កាំជណ្ដើរ សសរ និងបង្គន់អនាម័យជាដើម »។ នេះជាការបញ្ជាក់របស់លោក ឡុង កុសល។ 

គួរជម្រាបថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ មានពលរដ្ឋជិត១ពាន់គ្រួសារ បានស្នើសុំសាងសង់លំនៅដ្ឋាន និងសំណង់នានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ ដល់គ្រប់ករណី ឬខ្នងផ្ទះនីមួយៗ ដើម្បីធានាសំណង់ទាំងអស់នោះធ្វើឡើងស្របតាមសំណើរស្នើសុំ។ រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕


 
ដោយ៖ អ៊ុត រស្មី  © រក្សាសិទ្ធិដោយ thmeythmey25.com