Thmey Thmey 25
«រាជិនីលង្វែក» រមណីយដ្ឋានសម្រាប់លម្ហែលក្ខណៈគ្រួសារ ជិតរាជធានីភ្នំពេញ
22/05/2022 3:00 pm កណ្តាល

ដោយ៖ សែម វណ្ណា 

កណ្ដាល៖ រមណីយដ្ឋានរាជិនីលង្វែក ជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម លើផ្ទៃដីប្រមាណ២៥០ហិកតា។ តំបន់ទេសចរណ៍ថ្មីមួយនេះ មានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ 


រមណីយដ្ឋាន រាជិនីលង្វែក បើកឳ្យទេសចរគ្រប់រូបចូលលេងកម្សាន្តដោយឥតគិតថ្លៃបណ្ដោះអាសន្ន។ ជាមួយគ្នានេះ រាជិនីលង្វែក នឹងរៀបចំកម្មវិធីប្រពៃណីជាច្រើនសម្រាប់ទេសចរទស្សនា។ 

លើសពីវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាន រាជិនីលង្វែក មានឡូរីសម្រាប់ទេសចរជិះកម្សាន្ត និងសួនព្រហ្មចារី ដែលមានដើមឈើ និងផ្កាជាច្រើនប្រភេទលម្អក្នុងសួន។ នៅជិតសួនព្រហ្មចារី ក្នុងរមណីដ្ឋាននេះ ក៏មានខ្យុះសម្រាប់ភ្ញៀវទេសចរអង្គុយ លក្ខណៈគ្រួសារផងដែរ ។ ខ្យុះនីមួយៗ ត្រូវបានដាក់តាមមាត់ទឹក ដែលទេសចរអាចជិះទូកលេងកម្សាន្តបាន។ ទេសចរ អាចអាំងសាច់ សម្រាប់ពិសានៅតាមកញ្ចុះនីមួយៗ និងអាចទិញម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខ ដែលចម្អិនដោយចុងភៅជំនាញ ពីរមណីយដ្ឋាន។

និយាយពីបន្ទាយលង្វែក គេនឹកឃើញដល់ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ ព្រះមហាក្សត្រ ចន្ទរាជា ឬអង្គចន្ទទី១ (១៥១៦-១៥៦៦) គឺជាបិតាស្ថាបនិកបន្ទាយលង្វែក ហើយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ ក្រោយសម័យអង្គរ។ នៅក្នុងរមណីយដ្ឋាននេះ មានដើមឫស្សីរាប់ម៉ឺនដើម, ចម្លាក់ថ្មធ្វើប្រាក់ឌួង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់ និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក៕ 

ដោយ៖ សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey25.com