Thmey Thmey 25
បុគ្គល​ឆ្នើម​៦៨​រូប ទទួលបាន​បណ្ណ​សរសើ​រ​មេត្រីភាព​បរិស្ថាន​ពី​ក្រសួងបរិស្ថាន​
07/04/2022 3:00 pm ភ្នំពេញ ​ដោយ​៖ ស៊ុ​ល រ៉​វី 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែមេសា ក្រសួងបរិស្ថាន​បានប្រគល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន ដល់​រូបវន្តបុគ្គល និង​នីតិបុគ្គល​មាន​ស្នាដៃ​ឆ្នើម ចំនួន​៦៨​នាក់ ដែល​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​ផ្លាស់ប្ដូរ​ឥរិយាបថ សង្គម មក​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​។ បុគ្គល​ឆ្នើម​ទាំង​៦៨​នាក់ ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​នោះ មកពី​អន្តរ​វិស័យ ទាំង​សាធារណៈ និង​ឯកជន​។ 


​នា​ពិធី​ប្រគល់​បណ្ណ​សរសើរ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លើកឡើងថា កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង លើកទឹកចិត្ត​ចំពោះ​ការចូលរួម និង​បំផុស​ចលនា​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត ដើម្បី​ឱ្យមាន​កិច្ច​គាំពារ​បរិស្ថាន និង​លើកកម្ពស់​មេត្រីភាព​បរិស្ថាន កាន់តែ​ប្រសើរ​។ 

«​អ្វីដែល​កម្ពុជា​ចង់បាន គឺ​ភូមិឋាន​ស្អាត ការរស់នៅ​ស្អាត សុខភាព​ល្អ សហគម​ន៍បវរ សង្គម​រុងរឿង ដើម្បី​ឆ្ពោះទៅ​កម្ពុជា​ប្រកបដោយ​ភាពរុងរឿង​»​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ដោយ​បន្ថែមថា វឌ្ឍនភាព​នៃ​សង្គម​កម្ពុជា ជា​ចំណែក​នៃ​ការចូលរួម​របស់​ពល​រដ្ឋ​គ្រប់រូប ទាំង​វិស័យ​ឯកជន សាធារណៈ និង​មន្ត្រី​គ្រប់លំដាប់​នៃ​ក្រសួងបរិស្ថាន ក្នុងការ​ចូលរួម​ផ្លាស់ប្ដូរ​ឥរិយាបថ ការគិតគូរ និង​ផ្នត់គំនិត​ចំពោះ​បរិស្ថាន​។ 


ពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន នៅទីស្ដីការក្រសួងបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

​ទន្ទឹមនឹង​គ្នា​នេះ លោកស្រី Nancy J. Eslick នាយក​បេសកកម្ម USAID ទទួលស្គាល់​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យុវជន​កម្ពុជា​។ លោកស្រី​បន្ថែមថា ជាង​៦០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា ជា​យុវជន​ដែលមាន​សក្ដានុពល សម្រាប់​ប្រទេសជាតិ លើ​ការចូលរួម​ក្នុងការ​អភិរក្ស និង​កិច្ច​គាំពារ​បរិស្ថាន​។ 


លោកស្រី Nancy J.Eslick នាយកបេសកកម្ម USAID នាពិធីប្រគល់បណ្ណសរសើរបុគ្គលឆ្នើមមេត្រីភាពបរិស្ថាន។រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

​ជាមួយគ្នានេះ USAID បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម របស់​គម្រោង​អនាគត​បៃតង ក្រោម​ប្រធានបទ «​ការកាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​គ្រឿងសង្ហារិម​ពី​ឈើប្រណិត​» ផងដែរ​៕
ដោយ៖ ស៊ុ​ល រ៉​វី  © រក្សាសិទ្ធិដោយ thmeythmey25.com