Thmey Thmey 25
ត្រីទឹកសាបមានស្រកាទាំង១០ប្រភេទ ដែលសម្បូរនៅលើទីផ្សារ
21/02/2022 9:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ កម្ពុជាមានទន្លេ ព្រែក និងបឹងបួច្រើនកន្លែង នៅទូទាំងប្រទេស។ ទន្ទឹមនឹងមានប្រភពទឹកសាបច្រើន ត្រីដែលរស់នៅក៏មានច្រើនប្រភេទ។ បច្ចុប្បន្នត្រីមួយចំនួន នៅមានរបាយច្រើននៅឡើយ និងមានខ្លះទៀតបានផុតពូជ ឬកំពុងប្រឈមមុខនឹងការផុតពូជ។ សារព័ត៌មានថ្មីៗ សូមលើកយកត្រីមានស្រកាទាំង១០ ប្រភេទដែលសម្បូរ និងមានលក់នៅតាមទីផ្សារនានា នៅក្នុងប្រទេសកម្ពុជា។

ប្រភេទត្រីមានស្រកា ដែលរស់នៅក្នុងទឹកសាបមានច្រើន ចំពោះត្រីទាំង១០ប្រភេទខាងក្រោម ត្រូវបានអាជីករ ឬកសិករមួយចំនួនចិញ្ចឹម និងនាំទៅលក់នៅលើទីផ្សារ។ 

ត្រីផ្ទក់៖ ត្រីប្រភេទនេះ ជាត្រីមានស្រកា គ្មានធ្មុងដូចត្រីដទៃទេ។ ពលរដ្ឋភាគច្រើនស្គាល់ ទាំងចាស់ក្មេង ដោយសារវាសម្បូរនៅលើទីផ្សារគ្រប់រដូវ។ នាពេលបច្ចុប្បន្ន ត្រីផ្ទក់ត្រូវបានបង្កាត់ពូជ និងចិញ្ចឹមជាលក្ខណៈកសិដ្ឋាន ឬលក្ខណៈគ្រួសារហូរហែ។ ត្រីផ្ទក់អាចមានពណ៌ខុសគ្នាបន្ដិច អាស្រ័យតាមតំបន់ ឬទឹកដែលពួកវារស់នៅ។ ត្រីប្រភេទនេះ គេអាចយកទៅស្លបានស្ទើរគ្រប់មុខ។ អាចយកទៅប្រឡាក់  ឬយកទៅធ្វើផ្អក ប្រហុក និងទឹកត្រីជាដើម។ ត្រីផ្ទក់អាចមានប្រវែងពី២ ទៅ៤ សង់ទីម៉ែត្រ និងទម្ងន់អតិបរមា អាចដល់៣គីឡូក្រាម។  ត្រីផ្ទក់ច្រើនរស់នៅក្នុងបឹង តែធម្មជាតិរបស់វា គឺចូលចិត្តរស់នៅក្នុងត្រឹប ឬដីប្រមោកកើតចេញពីសំណល់ស្លឹករុក្ខជាតិ។ 

 

ត្រីក្រាញ់៖ ត្រីប្រភេទនេះ រស់នៅក្នុងទឹកបឹង ត្រពាំង ប្រឡាយ អូរ ព្រែក និងតាមវាលស្រែ។ ត្រីក្រាញ់  សម្បូរបំផុតនៅរដូវទឹកឡើង។ លក្ខណៈពិសេសរបស់ត្រីប្រភេទនេះ គឺអាចរស់នៅក្រោមកំដៅថ្ងៃបានយូរ និងអាចននៀលបានឆ្ងាយ ដើម្បីស្វែងរកប្រភពទឹក ដើម្បីបន្ដជីវិតរស់។ ត្រីនេះមានធ្មុងលើក្រោម។ ត្រីក្រាញ់កាន់តែធំ រសជាតិកាន់ឆ្ងាញ់។ ត្រីប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់មួយចំនួន ចូលចិត្តអាំង និងជ្រលក់ជាមួយទឹកត្រីម្ជូរស្វាយ ឬម្ជូរអម្ពិល។ ក្រៅពីអាំង ត្រីប្រភេទនេះ អាចយកទៅចម្អិនធ្វើម្ហូបបានច្រើនប្រភេទមិនចាញ់ត្រីផ្ទក់ទេ។ 

ត្រីឆ្ពិន៖ ជាប្រភេទត្រីពណ៌ស មានស្រកា និងមានធ្មុងផ្នែកខាងលើ។ ត្រីឆ្ពិនធម្មជាតិភាគច្រើនសម្បូរនៅរដូវទឹកឡើង គេអាចនេសាទបាននៅតាមទន្លេ និងបឹង។ ត្រីប្រភេទនេះ ធ្វើដំណើរចូលបឹង នៅពេលរដូវទឹកឡើង ខណៈពេលទឹកទន្លេមេគង្គហូរចាក់ចូលបឹង។ ត្រីឆ្ពិនអាចយកទៅចម្អិនជាម្ហូបដូចជាចៀន អាំង ស្ងោរជ្រក់ និងស្លច្រើនប្រភេទទៀតតាមតម្រូវការ និងការច្នៃប្រឌិត។ 

 

ត្រីកំភ្លាញ៖ ជាប្រភេទត្រីរស់នៅតាមបឹង ព្រែក អូរ និងស្រែ។ ត្រីប្រភេទនេះ សម្បូរតាមរដូវ។ វាមិនទាន់ត្រូវបានគេយកទៅចិញ្ចឹម បានដូចត្រីមួយចំនួនទៀតនៅឡើយទេ។ ត្រីកំភ្លាញជាត្រីមានធ្មុង នៅផ្នែកខាងលើ វាចូលចិត្តរស់នៅក្នុងស្រះ ឬអណ្ដូងបែបធម្មជាតិ។ សម្រាប់ត្រីប្រភេទនេះ មិនធននឹងអាកាសធាតុដូចជាត្រីក្រាញ់ និងត្រីផ្ទក់ទេ វាអាចរស់បានត្រឹមពេលពីរ ឬបីនាទីប៉ុណ្ណោះ នៅលើកគោក។ ធម្មជាតិត្រីកំភ្លាញ គេអាចប្រឡាក់ហាល ស្ងោរជ្រក់ និងខប្រៃ។ 

 

ត្រីកន្ធរ៖ ត្រីប្រភេទនេះភាគច្រើន នៅក្នុងធម្មជាតិមានសូវសម្បូរ ដូចជាត្រីកំភ្លាញទេ។ បច្ចុប្បន្នត្រីកន្ធរ ត្រូវបានគេច្នៃចិញ្ចឹមតាមកសិដ្ឋាន ដែលធ្វើឱ្យចំនួនរបស់វា សម្បូរនៅលើទីផ្សារ។ ត្រីកន្ធរភាគច្រើន ពលរដ្ឋចូលចិត្តយកទៅប្រឡាក់ ចៀន ឬអាំង។ រស់ជាតិរបស់វាអាចឆ្ងាញ់ និងសម្បូរសាច់ជាងត្រីកំភ្លាញ។ 

ត្រីក្អែក៖ ជាត្រីមួយប្រភេទដែលអាចរស់នៅទាំងក្នុងបឹង និងទន្លេ។ ត្រីប្រភេទនេះ អាចលូតលាស់អាស្រ័យតាមតំបន់។ ជាក់ស្ដែងត្រីក្អែកនៅក្នុងបឹង តាមទន្លេមេគង្គក្រោម មានទំហំតូចៗ។ ចំណែកឯ ត្រីក្អែកដែលរស់នៅតាមដងទន្លេស្រែពក ក្នុងភូមិភាគឦសានវិញ ត្រីមួយក្បាលៗ អាចមានទម្ងន់រហូរដល់៥ ទៅ៦គីឡូក្រាម។ ពលរដ្ឋចូលចិត្តច្នៃត្រីក្អែកធ្វើប្រហិត  ហើយត្រីប្រភេទនេះ ក៏អាចយកធ្វើផ្អក និងប្រហុកបានដែរ។ 

 

ត្រីច្រកែង៖  ជាត្រីមានស្រកា មានធ្មុងលើក្រោម វាភាគច្រើនចូលចិត្តរស់នៅតាមបឹង ព្រែក និងទន្លេ។ ត្រីប្រភេទនេះ សម្បូរស្ទើរគ្រប់រដូវ។ ពលរដ្ឋភាគច្រើន ស្គាល់រូបរាង និងរសជាតិរបស់ត្រីប្រភេទនេះ។ បើប្រៀបធៀបរសជាតិត្រីនេះ អាចមានរសជាតិក្រោមត្រីឆ្ពិនបន្ដិច។ ត្រីច្រកែង គេអាចយកទៅចៀន ស្ងោរជ្រក់ ខ និងធ្វើប្រហុក ផ្អក បានដូចត្រីប្រភេទផ្សេងបាន ប៉ុន្ដែពលរដ្ឋមិនសូវនិយមទេ។ 

 

ស្រីរ៉ស់៖ ត្រីរ៉ស់បើនិយាយពីរូបរាងពេលនៅតូចៗ គេអាចចាប់ច្រឡំ ជាមួយត្រីផ្ទក់ ព្រោះទំហំ និងដងខ្លួនរបស់វា ប្រហាក់ប្រហែលគ្នា។ ចំពោះ ត្រីរ៉ស់មានសម្បុរ ក្រឡា និងឆ្នូតពណ៌ខ្មៅ រួមជាមួយព្រុយ ខុសគ្នាដាច់ពីត្រីផ្ទក់នៅពេលវាធំ។ ត្រីប្រភេទនេះ គេអាចយកធ្វើជាម្ហូបបានច្រើនមុខ ស្ងោរ ស្លម្ជូរ ខ ប្រឡាក់ ធ្វើប្រហុក ផ្អក។ ត្រីរ៉ស់ នាពេលបច្ចុប្បន្ន គេអាចចិញ្ចឹម និងលក់បានគ្រប់រដូវនៅលើទីផ្សារ។ ត្រីនេះ នៅក្នុងធម្មជាតិមិនសូវសម្បូរ ដូចជាត្រីប្រភេទផ្សេងទេ  ហើយជាក់ស្ដែងត្រីប្រភេទនេះ ភាគច្រើនវាចូលចិត្តរស់នៅក្នុងបឹងធំៗ ជាពិសេស បឹងដែលមានកំប្លោក ត្រឹប និងចម្ការឈូកបែបធម្មជាតិជាដើម។ ត្រីរ៉ស់ អាចមានទម្ងន់ចន្លោះពី ១ ដល់៧គីឡូក្រាម ឬលើសពីនេះក៏មាន។  

ត្រីឆ្កោក រូបភាពដោយ លោក តុន ណៃ
 

ត្រីឆ្កោក៖  ជាប្រភេទត្រី មានស្រកា សម្បុរស មានធ្មុងផ្នែកខាងលើ។ រីឯខ្លួនមានវែង ក្បាលស្រួចជាងត្រីឆ្ពិន និងត្រីច្រកែង។ ត្រីឆ្កោក ពលរដ្ឋភាគច្រើន តែងនិយមយកទៅស្ងោរជ្រក់ និងចៀន។ ត្រីប្រភេទនេះ បូករួមជាមួយត្រី ឆ្ពិន និងឆ្កោក ជាត្រីដែលសម្បូរឆ្អឹង ដូច្នេះពលរដ្ឋតែងតែអង្កន់ មុនពេលយកទៅចម្អិន។ ត្រីឆ្កោកនៅទីផ្សារ មិនសូវសម្បូរដូចត្រី ឆ្ពិនទេ ហើយពលរដ្ឋ ក៏មិនសូវនិយមបរិភោគដែរ។  

ត្រីរៀលតូច  រូបភាពដោយ តា បិលម្រិច


ត្រីរៀលតូច៖ ជាប្រភេទត្រីសម្បូរតាមរដូវ  នៅក្នុងធម្មជាតិ។ ត្រីរៀលតូចភាគច្រើន បង្ហាញវត្ដមាននៅរដូវទឹកស្រក។ ត្រីប្រភេទនេះសម្បូរ ពីរ ឬបីដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ត្រីរៀលតូច ត្រូវបានពលរដ្ឋខ្មែរ ហៅថាជាត្រីប្រហុក ផ្អក ព្រោះភាគច្រើនពលរដ្ឋតែងនាំគ្នាកាត់ត្រីប្រភេទនេះ ធ្វើប្រហុក ផ្អក និងឆ្អើរ នៅពេលរដូវត្រីត្រូវប្រចាំឆ្នាំ។ ក្រៅពីអាចយកធ្វើគ្រឿងផ្អាប់ទុករយៈពេលយូរ ត្រីប្រភេទនេះ ក៏អាចយកស្លបានច្រើនប្រភេទដែរ រួមមាន ខ ស្ងោរ ម្ជូរ អាំង និងចៀន៕ 


 

ដោយ៖ ប៉ូ សុភា © រក្សាសិទ្ធិដោយ thmeythmey25.com