Thmey Thmey 25
គ.ជ.ប ទទួលបានផ្ទៃបឹងតាមោក៣ហិកតា សម្រាប់ធ្វើទីស្តីការថ្មី
09/02/2022 9:00 am ភ្នំពេញ
ដោយ: សារព័ត៌មានថ្មីៗ
រដ្ឋាភិបាលកម្ពុជា បានកាត់ផ្ទៃបឹងតាមោក៣ហិកតា ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការកាត់ផ្ទៃបឹងតាមោក៣ហិកតា ជូនទៅគ.ជ.ប. នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា គ.ជ.ប នឹងប្រើប្រាស់ផ្ទៃបឹងតាមោក៣ហិកតា ដែលរដ្ឋាភិបាលប្រគល់ជូន សម្រាប់សាងសង់ទីស្តីការថ្មី។ លោក មានប្រសាសន៍ដូច្នេះថា៖«គ.ជ.ប ត្រូវមានទីស្តីការរបស់ខ្លួនផ្ទាល់»។ 
 
លោក មិនទាន់ដឹងជាក់លាក់នោះទេថា ទីស្តីការថ្មីរបស់គ.ជ.ប លើផ្ទៃបឹងតាមោកនោះ នឹងត្រូវចាប់ផ្តើមសាងសង់នៅពេលណា។ យ៉ាងណា លោក សន្និដ្ឋានថា ទីស្តីការថ្មីរបស់គ.ជ.ប ទំនងជានឹងត្រូវសាងសង់នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ឬក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។
 
ដើមឡើយ ទីស្តីការគ.ជ.ប ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ។ នៅឆ្នាំ២០១៧ គ.ជ.ប ក៏រើចេញពីក្រសួងមហាផ្ទៃ ទៅកាន់ទីស្តីការថ្មី ដែលស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ បើតាមលោក ហង្ស ពុទ្ធា ទីស្តីការថ្មីរបស់គ.ជ.ប នៅទល់មុខពុទ្ធសាសនបណ្ឌិត្យនេះ នឹងត្រូវប្រគល់ជូនរដ្ឋវិញ ក្នុងថ្ងៃខាងមុខ។ 
 
គួរបញ្ជាក់ថា ស្ថាប័នរដ្ឋមួយចំនួនផ្សេងទៀត ក៏ទទួលបានចំណែកនៃផ្ទៃបឹងតាមោកដែរ ហើយទៅថ្ងៃអនាគារ ស្ថាប័នរដ្ឋទាំងនោះ នឹងត្រូវប្តូរទីតាំងទៅតំបន់បឹងតាមោក។ ក្រៅពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននានា ទទួលបានផ្ទៃបឹងតាមោកជាបន្តបន្ទាប់ ពីរដ្ឋាភិបាល។ គិតមកដល់ឆ្នាំ២០២២នេះ ផ្ទៃបឹងតាមលើសពី១ពាន់ហិកតាហើយ ដែលត្រូវបានកាត់ទៅឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន។ 
 
អនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលចេញកាលពីឆ្នាំ២០១៦ បានឲ្យដឹងថា បឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ មានផ្ទៃសរុបជាង៣,២ពាន់ហិកតា៕ 
ដោយ៖ សារព័ត៌មានថ្មីៗ © រក្សាសិទ្ធិដោយ thmeythmey25.com