Thmey Thmey 25
លោក ម៉ិច សីហា ជំរុញសិស្សធ្លាក់បាក់ឌុ​បឱ្យបន្តសិក្សា​​ ព្រោះ​គេក៏មានជម្រើសអាជីព​​ច្រើន
05/02/2022 3:00 pm ភ្នំពេញ
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey លើកទឹកចិត្តសិស្សដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ ឱ្យបន្តការសិក្សាទៀត ព្រោះពួកគេក៏មានជម្រើសសិក្សា និងអាជីពសម្បូរបែបដែរ។  បើតាម លោក ម៉ិច សីហា បេក្ខជនធ្លាក់បាក់ឌុប ពួកគេអាចបន្តការសិក្សាថ្នាក់ទី១២ឡើងវិញ ឬដាក់ពាក្យប្រឡងស្វ័យរិន ហើយពួកគេចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅឧត្តមសិក្សាតែម្តង លើមុខជំនាញ វិជ្ជាជីវៈ ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ។

ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ម៉ិច សីហា ដូចតទៅ៖
 
 
«ជម្រើសសិក្សា និងបរិយាកាសការងារ សម្រាប់សិស្សធ្លាក់បាក់ឌុប»

«ជម្រើសសិក្សា និងបរិយាកាសការងារ សម្រាប់សិស្សធ្លាក់បាក់ឌុប» =================== ក្នុងឆ្នាំ២០២១ សិស្សធ្លាក់បាក់ឌុប មានចំនួនជាង៤ម៉ឺននាក់។ លទ្ធផលចំពោះមុខ បានធ្វើឱ្យសិស្សទាំងនោះ ហាក់ខកចិត្តខ្លាំង រហូតមានសិស្សខ្លះ អាចនឹងសម្រេចចិត្តឈប់រៀនតែម្តង។ ទន្ទឹមគ្នានោះ ពួកគាត់ក៏ខ្វល់ខ្វាយពីជំនាញសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្ររង ឬក៏ចាប់ផ្តើមរៀនថ្នាក់ទី១២ ឡើងវិញទៀតផង ព្រោះវាទាក់ទងនឹងបរិយាកាសការងារទៅថ្ងៃអនាគតរបស់ពួកគេរៀងៗខ្លួន។ តើជម្រើសមុខជំនាញសិក្សាសម្រាប់សិស្សធ្លាក់បាក់ឌុប គួរមើលលើលក្ខខណ្ឌអ្វីខ្លះ? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey. ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។

Posted by Thmey Thmey on Monday, January 31, 2022


លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey បានប្រាប់ឱ្យសិស្សដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ កុំបាក់ទឹកចិត្ត និងលើក​ទឹកចិត្តពួកគេ ឱ្យបន្តការសិក្សាបន្តទៀត។
តាមរយៈកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ម៉ិច សីហា ដែលធ្លាប់មានបទពិសោធន៍ប្រឡងធ្លាក់ថ្នាក់ទី៩ដែរនោះ បានប្រាប់ទៅយុវជន ក៏ដូចជាបេក្ខជនដែលបានប្រឡងធ្លាក់បាក់ឌុបថា នេះគ្រាន់តែជាបរាជ័យមួយ ក្នុងចំណោមបរាជ័យជាច្រើនទៀត នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ​។ «បើប្អូនៗមានអារម្មណ៍ថាខ្លួនបរាជ័យ សូមដើរសួរមនុស្សជុំវិញខ្លួនឱ្យបាន១០០នាក់សិន តើនរណាម្នាក់ដែលមិនធ្លាប់បរាជ័យក្នុងជីវិត? ជាក់ស្តែងរូបខ្ញុំផ្ទាល់ក៏ធ្លាប់ប្រឡងធ្លាក់ថ្នាក់ទី៩ដែរ ទម្រាំក្លាយជាម្ចាស់វិទ្យាស្ថានដូចបច្ចុប្បន្ន»។ ​លោក ម៉ិច សីហា បញ្ជាក់ដូច្នេះ រួចបន្តថា  បេក្ខជនធ្លាក់បាក់ឌុប ក៏មានជម្រើសសិក្សា និងអាជីពសម្បូរបែបដែរ។

ពួកគេអាចបន្តការសិក្សាថ្នាក់ទី១២ឡើងវិញ ឬដាក់ពាក្យប្រឡងស្វ័យរិន ហើយពួកគេចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅឧត្តមសិក្សាតែម្តង លើមុខជំនាញ វិជ្ជាជីវៈ ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះបើតាម លោក ម៉ិច សីហា។

លើសពីនេះ លោក ក៏ទទូចដល់ ឪពុកម្តាយ ឬ​អាណាព្យាបាល ​ផ្តល់កម្លាំងចិត្តបន្ថែម និងធ្វើជាទីប្រឹក្សារបស់សិស្ស ឬបេក្ខជនដែលប្រឡងថ្លាក់ ​ជាជាងការស្តីបន្ទោស ដែលកាន់តែផ្តល់សម្ពាធដល់ពួកគេ៕

 
  

 
ដោយ៖ សុង សុធាវី © រក្សាសិទ្ធិដោយ thmeythmey25.com