Thmey Thmey 25
រដ្ឋបាលខេត្តកែប កាយភ្នំយកដីពង្រីកឆ្នេរជិត ៣ពាន់ម៉ែត្រ ដើម្បីធ្វើសួន និងអនុវត្តគម្រោងនានា
17/01/2022 5:00 pm កែប

ដោយ៖ ជឿន ស្រីណយ 

ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានចាក់ដីចូលឆ្នេរ ដើម្បីធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងរបស់ខេត្តនាពេលខាងមុខ។ កន្លងមក ការចាក់ដីលុបឆ្នេរនេះ ត្រូវបានអ្នកជំនាញបរិស្ថាន អ្នកនេសាទ និងមហាជនរិះគន់ជាច្រើន។ ជាការឆ្លើយតប អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ អះអាងថា ការលុបឆ្នេរនេះ គឺដើម្បីបម្រើប្រយោជន៍សាធារណៈ។

រដ្ឋបាលខេត្តកែប បានចាក់ដីពង្រីកឆ្នេរប្រវែង ២ ៧០០ម៉ែត្រ ពីចំណុចផ្សារក្ដាម រហូតដល់ព្រៃកោងកាង ដែលសម្រេចបានជាង៩០ភាគរយ។ យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ ការចាក់ដីពង្រីកឆ្នេរប្រវែង ២ ៧០០ម៉ែត្រ ក្នុងនោះមាន ឆ្នេរខ្សាច់កម្សាន្តសាធារណកម្រិតខ្ពស់ ដែលមានទទឹងបណ្ដោយ ៣០ម៉ែត្រ និងសួនច្បារតាមចំណីឆ្នេរសមុទ្រមានទទឹង៥០ម៉ែត្រ។ ទីតាំងពង្រីកឆ្នេរនេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។


បើតាម លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ការចាក់ពង្រីកឆ្នេរនេះក្នុងគោលបំណងធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងរបស់ខេត្តពេលមានថវិកា។ រដ្ឋបាលខេត្តនឹងទុកដីនេះសម្រាប់ធ្វើសួនច្បារ កន្លែងហាត់ប្រាណ និងសម្រាប់ទុកធ្វើព្រឹត្តិការណ៍ណាមួយរបស់រដ្ឋបាលខេត្ត។


«យើងទុកកន្លែងហ្នឹងប្រើប្រាស់សម្រាប់ធ្វើគម្រោងនានា ទាក់ទាញវិស័យទេសចរណ៍ មានសួនច្បារសាធារណៈ កន្លែងអង្គុយលេង កន្លែងហាត់ប្រាណ កន្លែងសម្រាកយកខ្យល់បរិសុទ្ធជាដើម។ ហើយទី២ កន្លែងនេះគឺដើម្បីខេត្តប្រើប្រាស់ក្នុងការរៀបចំព្រឹត្តិការណ៍ណាមួយរបស់ខេត្ត»។ នេះជាការបញ្ជាក់របស់លោក សោម ពិសិដ្ឋ។ 

ការចាក់លុបឆ្នេរនេះ នឹងក្លាយជាដីកម្មសិទ្ធិរបស់រដ្ឋបាលខេត្តកែប។ លោក សោម ពិសិដ្ឋ អះអាងដូច្នេះ៖ «ចាក់ដីនេះហើយ គឺធ្វើប្លង់រឹងជូនដល់រដ្ឋបាលខេត្តក្នុងការប្រើប្រាស់ បានន័យថាមិនមែនរបស់ឯកជនណាឡើយ »។ 

ដីដែលចាក់បំពេញឆ្នេរប្រវែង ២ ៧០០ម៉ែត្រ គឺយកពីតំបន់ភ្នំវល្លិ៍ និងតំបន់ភ្នំព្រះ ។ ជុំវិញការជីកភ្នំយកដីបំពេញឆ្នេរនេះ លោកស្រី ខៃ ចិន្តា អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅតំបន់ភ្នំវល្លិ៍ប្រមាណ២០ឆ្នាំ លើកឡើងថា ការជីកភ្នំវល្លិ៍យកដី ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ព្រោះដើម្បីទាក់ទាញភ្ញៀវបានគឺត្រូវរក្សាធនធានធម្មជាតិឱ្យស្រស់បំព្រង។ ភ្ញៀវទេសចរទៅលេងខេត្តកែបដោយសារធម្មជាតិ ភ្នំ សមុទ្រ និងធនធានមនុស្សដែលស្វាគមន៍ទេសចរ។

«កាយភ្នំយកដីយកថ្ម ប្រៀបបាននឹងមុខដ៏ស្រស់ស្អាតរបស់ស្ត្រីវ័យក្មេងម្នាក់ត្រូវគេជះទឹកអាស៊ីតលើក្រហូងអស់សម្រស់អាលីង។ នៅពេលគេជីកភ្នំយកដីយកថ្ម គឺវាដូចគ្នាអ៊ីចឹង កែមិនកើតទេ ព្រោះមិនអាចយកដីទៅចាក់ភ្នំវិញបានទេ »។ នេះជាការលើកឡើងរបស់លោកស្រី ខៃ ចិន្តា។ 


លោកស្រី ខៃ ចិន្តា បន្តថា ការអភិវឌ្ឍនេះមិនចំណេញដល់វិស័យទេសចរណ៍ទេ តែប៉ះពាល់ដល់ប្រជាជននៅតំបន់ភ្នំវល្លិ៍។ ភ្ញៀវទេសចរនឹងមិនទៅកម្សាន្តទីនោះទៀតទេ។ លោកស្រីក៏បានស្នើឱ្យ រដ្ឋបាលខេត្តកែប ពិចារណាយកដីពីទីតាំងផ្សេង ដែលនៅឆ្ងាញពីទីប្រជុំជន និងតំបន់អេកូទេសចរណ៍ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកពឹងផ្អែកចំណូលពីតំបន់ភ្នំវល្លិ៍នេះ។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)  លោក ហេង គីមហុង ព្រួយបារម្ភលើផលប៉ះពាល់បរិស្ថាន និងជីវៈចម្រុះបាតសមុទ្រ។ ចំណែកធនធានមច្ឆជាតិ នឹងបន្តខ្សត់ខ្យោយ ដែលនាំឱ្យប៉ះពាល់ដល់អ្នកនេសាទ។ 

លោក ហេង គីមហុង បានលើកឡើងដូច្នេះ៖ « ការយកដីទៅចាក់សមុទ្រធម្មជាតិ មិនមែនសមុទ្រកែច្នៃទេ។ ផ្ទៃសមុទ្រមានការប្រែប្រួល នេះគឺជាការព្រួយបារម្ភ បើសិនមិនមានការវាយតម្លៃពីផលប៉ះពាល់។ ជាពិសេសទៀតយើងឃើញថា ធនធានមច្ឆជាតិរបស់យើងក្នុងសមុទ្របច្ចុប្បន្ន ក៏មានការត្អូញត្អែរដែរពីខាងអ្នកនេសាទ ហើយពេលចាក់ដីច្រោះចូលសមុទ្រ ថាតើវាប៉ះពាល់ប៉ុណ្ណាដល់មច្ឆជាតិ »។ 

លោក ហេង គីមហុង បន្តថាការអភិវឌ្ឍនេះគួរមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុន ហើយផ្សព្វផ្សាយជាសាធារណៈ ឱ្យប្រជាជនបានទទួលព័ត៌មានពីផលប៉ះពាល់ និងផលចំណេញដើម្បីឱ្យមានតម្លាភាពនៃការអភិវឌ្ឍ។ 

ជុំវិញបញ្ហានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទថា ការអភិវឌ្ឍតំបន់ឆ្នេរជាគម្រោងរបស់រដ្ឋាភិបាល ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជា បានសិក្សាពីផលប៉ះពាល់ដោយក្រសួងបរិស្ថាន ជាមួយក្រសួងរ៉ែ និងថាមពល។ 

«ការយកដីពីតំបន់ភ្នំគឺចេញអាជ្ញាបណ្ណដោយក្រសួងរ៉ែ និង ថាមពល ដោយមានការសិក្សាផលប៉ះពាល់ វាយតម្លៃដោយអន្តរក្រសួង មានក្រសួងបរិស្ថាន និងក្រសួងរ៉ែជាដើម។ …ការចាក់បំពេញឆ្នេរ គឺមិនមានប៉ះពាល់កម្មសិទ្ធឯកជនណានោះទេ។ យើងធ្វើពីគន្លងចាស់ពីឆ្នាំ២០១៩ »។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកែប៕ 

 

ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com