Thmey Thmey 25
សត្វកម្រ និងជិតផុតពូជជាច្រើន ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិ ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង 
15/01/2022 3:00 pm ភ្នំពេញ
ដោយ៖ អ៊ុត រស្មី 
ភ្នំពេញ៖ សត្វកម្រ និងជិតផុតពូជ ជាច្រើនប្រភេទ ត្រូវបានម៉ាស៊ីនស្វ័យប្រវត្តិថតបាន នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ នេះបើតាមការបង្ហាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ មករា។ 

ក្រសួងបរិស្ថាន បានបង្ហាញវត្តមានសត្វព្រៃ កម្រ និងជិតផុតពូជជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ សត្វទាំងនោះរួមមាន  ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ រួមទាំងបក្សីមួយចំនួនទៀតជាដើម។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំង នៅដែនជម្រកសត្វព្រៃក្នុងខេត្តពោធិ៍សាត់ ចំនួន ២៣ គ្រឿង បាត់ដំបង ១៦ គ្រឿង និងខេត្តកោះកុង ១០ គ្រឿង។ បើតាម លោក នេត្រ ភក្ត្រា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ គឺក្នុងគោលបំណងដើម្បី  បង្កើនចំណេះដឹង ពីវិធីសាស្រ្តសិក្សាប្រមូលទិន្នន័យជីវៈចម្រុះ  ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វកម្រជិតផុតពូជ ដែលទទួលរងគ្រោះថ្នាក់គំរាមកំហែង និងវាយតម្លៃស្ថានភាពសត្វព្រៃសំខាន់ៗ។

នេះជាលើកទី២ហើយ ដែលក្រសួងបរិស្ថាន បានប្រមូលទិន្នន័យរូបភាព និងវីដេអូសត្វព្រៃពីម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ រូបភាពសត្វព្រៃ កម្រ និងជិតផុតពូជទាំងនោះ មានដូចជា សត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល៕ 

 
ដោយ៖ អ៊ុត រស្មី  © រក្សាសិទ្ធិដោយ thmeythmey25.com