Thmey Thmey 25
អាជ្ញាធរ គ្រោងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សាមួយទៀត មុនពេលប្រកួតស៊ីហ្គេម ២០២៣
13/01/2022 9:00 am ភ្នំពេញ

ដោយ៖ ធឿន បញ្ញាឫទ្ធិ 

ភ្នំពេញ៖ រដ្ឋបាលរាជភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សាមួយទៀត មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣។
 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងសាងសង់ស្ពានអាកាសនេះថា ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) ដោយនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ។ បើតាមលោក សាំ ពិសិដ្ឋ ក្រុមជំនាញនឹងសិក្សាពីផ្លូវវាង និងផលប៉ះពាល់មួយចំនួន នៃគម្រោងសាងសង់នេះ។ 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ស្ពានអាកាសថ្មីនេះ នឹងធ្វើឱ្យចប់ជាស្ថាពរ មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោក ឃួង ស្រេង ជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន ocic សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀត ដើម្បីចង់ដឹងពីផលប៉ះពាល់ និងគម្រោងចំណាយថវិកាទំហំប៉ុណ្ណា សម្រាប់ការសាងសង់នេះ។ បើតាមអភិបាលរាជធានីភ្នំពេញ ការសាងសង់ស្ពាននេះ ដើម្បីដោះស្រាយការស្ទះចរាចរណ៍នៅតំបន់នេះ ។

រដ្ឋបាលរាជធានីភ្នំពេញ បានស្រង់ប្រសាសន៍លោក ឃួង ស្រេង ដូច្នេះថា៖« ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ  លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី)នេះ»។

គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ក្នុងនោះប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ, ទទឹងតួស្ពាន ១៥.៨ម៉ែត្រ និងកម្ពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០-៥.៥ម៉ែត្រ៕

 

ដោយ៖ ធឿន បញ្ញាឫទ្ធិ © រក្សាសិទ្ធិដោយ thmeythmey25.com