Thmey Thmey 25
ត្រីប្រហុក «ត្រូវ» ដល់ថ្ងៃទី ១៤មករានេះ
10/01/2022 11:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា
 
ត្រីប្រហុក «ត្រូវ»ម្ដងទៀត រហូតដល់ថ្ងៃទី១៤ ខែមករានេះ នៅចំណុចគន្លងដាយតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងរាជធានីភ្នំពេញ បើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលពីព្យុះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី៦ មករា។
 
រដ្ឋបាលជលផល ក៏បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ។

គួរកត់សម្គាល់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋជាច្រើនមកពីខេត្តនានា បាននាំគ្នាមកទិញត្រី សម្រាប់ធ្វើប្រហុក ឬស្តុកទុកលក់ និងបរិភោគប្រចាំឆ្នាំ និងខ្លះទៀតផ្ញើទៅឲ្យសាច់ញាតិនៅឯស្រុក។ ក្នុងមួយឆ្នាំៗ «ត្រីសម្បូរ» អាចមាន២ ឬ៣ លើកប៉ុណ្ណោះ គឺនៅខ្នើតមាឃតូច ខ្នើតខែបុស្ស និងខ្នើតមាឃធំ។ 
 
លោក អ៊ីង ទ្រី មន្រ្តីរដ្ឋបាលជលផល ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា បរិមាណត្រីមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ប៉ុន្តែបើអាកាសធាតុមានការប្រែប្រួលនោះ បរិមាណត្រី«ត្រូវ»នឹងធ្លាក់ចុះវិញ។ នេះជាខ្នើតទី២ ឬហៅថាខ្នើតខែបុស្ស ដែលភាគច្រើនត្រីសម្បូរនៅអំឡុងខែមករា និងកុម្ភៈ។ លោក ប្រាប់ដូច្នេះថា៖«បើយើងនិយាយអំពីខ្នើតមុន គឺត្រីប្រហាក់ប្រហែល ឬច្រើនជាងឆ្នាំទៅ។ អ៊ីចឹង បើខ្នើតដែលកំពុង«ត្រីត្រូវ»ហ្នឹង មានធាតុអាកាសប្រែប្រួលវានឹងបាត់ត្រីទៅវិញ»។
 
ទោះជាឆ្នាំនេះ បរិមាណត្រី«ត្រូវ» ប្រហែលនឹងឆ្នាំមុនក៏ដោយ ប៉ុន្តែតម្លៃរបស់វា បានចុះជាងឆ្នាំមុនពាក់កណ្តាល។ ឆ្នាំនេះត្រីប្រហុក មានតម្លៃចន្លោះពី ២ ២០០ ទៅ២ ៥០០រៀល រីឯឆ្នាំមុន មានតម្លៃចន្លោះពី ៤ពាន់ ទៅ៥ពាន់រៀល៕
 
relate 110626


 

ដោយ៖ ឈុំ ចន្ថា   © រក្សាសិទ្ធិដោយ thmeythmey25.com