Thmey Thmey 25
១០ខែ កម្ពុជា នាំចូលទំនិញតម្លៃជាង២៣ពាន់លានដុល្លារ ឯការនាំចេញមានត្រឹមជាង១៤ពាន់ដុល្លារ
28/12/2021 2:00 pm ព្រះសីហនុ

ដោយ៖ អ៊ូ សុខមាន
 
ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជា បាននាំទំនិញទៅកាន់ទីផ្សារពិភពលោកក្នុងទំហំទឹកប្រាក់ត្រឹមប្រមាណ១៤ពាន់ដុល្លារម៉េរិកប៉ុណ្ណោះ ខណៈការនាំចូលវិញមានទំហំរហូតដល់ជាង ២៣ពាន់ដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។

 
កម្ពុជា សម្រេចនូវទំហំពាណិជ្ជកម្មបានសរុប ៣៧ ៣៤៦លានដុល្លារ ជាមួយនឹងបណ្តាប្រទេស-តំបន់នៅក្នុងពិភពលោក នារយៈពេល១០ខែដើមឆ្នាំ២០២១។ ក្នុងចំណោមពាណិជ្ជកម្មពាណិជ្ជកម្មនេះ ការនាំចូលរបស់កម្ពុជាមានតម្លៃរហូតដល់ ២៣ ០៦០លានដុល្លារ។ របាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃទំនិញដែលកម្ពុជានាំចូលពីបរទេសនេះ គឺបានកើនក្នុងអត្រា៥៨ភាគរយ ខណៈការនាំចេញកើនបានត្រឹម២ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
 
បើតាមក្រសួងពាណិជ្ជកម្ម ប្រទេសដែលនាំទំនិញចូលកម្ពុជាច្រើនជាងគេក្នុងរយៈ១០ខែមកនេះ មានប្រទេសចិនមានទំហំទឹកប្រាក់ ៧ ៧៦០លានដុល្លារ,  ប្រទេសថៃមានទំហំ ២ ៧៤២លានដុល្លារ, ប្រទេសវៀតណាម មាន ២ ៥៣០លានដុល្លារ, ប្រទេសជប៉ុន មាន៥២៩លានដុល្លារ  និងនាំចូលពីប្រទេសអាម៉េរិក មាន២៧៨លានដុល្លារ។
 
សូមជម្រាបថា រយៈពេល១០ខែនៃឆ្នាំ២០២០ ការនាំទំនិញចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៤ ៥៥០លានដុល្លារ និងនាំចូលវិញ មាន ១៤ ៦២៤លានដុល្លារ៕ 



 

ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com