Thmey Thmey 25
របាយការណ៍៖ ការទន្រ្ទានដីព្រៃលិចទឹក នៅសៀមរាប មានជិត ២ពាន់ហិកតា
07/12/2021 5:00 pm សៀមរាប

ដោយ៖ ឈុំ ចន្ថា

ករណីកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់នៅខេត្តសៀមរាប មានជិត ២ពាន់ហិកតា។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

បើតាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាប បានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ចំនួន ១៨៧ទីតាំង ស្មើផ្ទៃដីប្រមាណ ១,៩៧០.៨២២ហិកតា ស្ថិតនៅក្នុងស្រុកចំនួន៦ និង៣០ឃុំ។ លោក វេង សាខុន បញ្ជាក់ថា ស្រុកក្រឡាញ់ មាន២ឃុំ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប ហើយពលរដ្ឋរស់នៅ១៩គ្រួសារ និងបានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ២៨.៣០ ហិកតា។
 
ចំណែក ក្រុងសៀមរាប មាន៧ សង្កាត់ ដែលពលរដ្ឋ៤០គ្រួសារ ទន្រ្ទានយកដី៨៩ហិកតា ក្នុងសង្កាត់ ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។ ស្រុកប្រាសាទបាគង មាន ៥ឃុំ និងមានពលរដ្ឋ ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីចំនួន១៨១.៣៨ ហិកតា។ 

ស្រុកពួក មាន ៦ឃុំ ដែលបានទន្ទ្រានកាន់កាប់ដី ៦៨,៧៦ ហិកតា និងមានពលរដ្ឋរស់នៅ១៤គ្រួសារ។ ស្រុកជីក្រែង មាន៧ឃុំ បានទន្រ្ទានយកដី ១,៤៣៦.៩៤ ហិកតា និងមានពលរដ្ឋរស់នៅ ៣៣០គ្រួសារ។ ស្រុកសូទ្រនិគម មាន៤ឃុំ ដែលបានទន្រ្ទានយកដី១១០.៧៦ ហិកតា និងមានពលរដ្ឋរស់នៅ៥៣ គ្រួសារ។ 
 
ជុំវិញរឿងនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដាក់ចេញវិធានការមួយចំនួន ដូចជា ត្រូវដកហូតដីដែលអ្នកមានអំណាច និងពលរដ្ឋចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។ រដ្ឋបាលខេត្តត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។
 
ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក វេ​ង សាខុន កាលពី​ថ្ងៃទី​៥ ខែធ្នូ បង្ហាញថានៅ​ខេត្តពោធិ៍សាត់ និងបាត់ដំបង អាជ្ញាធរ​បាន​រកឃើញ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹកជាង៨ពានហិកតា។ ក្នុងនោះ ពោធិ៍សាត់ រកឃើញ ៤,៤៣៤.០៧​ហិកតា ដែលមាន​ពលរដ្ឋ​រស់​នៅ​ចំនួន ១៩២១​គ្រួសារ ស្ថិតនៅ​ស្រុក​បាកាន កណ្ដៀង និង​ក្រគរ​។ ភូមិ​សាស្ត្រ​ខេត្តបាត់ដំបង រកឃើញដីព្រៃកាប់​ទន្ទ្រានប្រមាណ ៣៧៦៨,៤​ហិកតា នៅស្រុក​សង្កែ ថ្មគោល មោងឫស្សី​ ​និងស្រុកឯកភ្នំ។ 

គួរបញ្ជាក់ដែរថា តាមរយៈ​សារ​សំឡេង​ពិសេស ពាក់ព័ន្ធ​នឹង​បញ្ហា​បឹង​ទន្លេសាប នៅ​ថ្ងៃទី​២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។ សម្ដេច ហ៊ុន សែន បានប្រកាស​មិន​អត់ឱន​ឱ្យ​មន្ត្រី​ណា ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​លោភលន់​ខុសច្បាប់ ខណៈ​រដ្ឋាភិបាល កំពុង​រវល់​ប្រឹងប្រែង​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នេះ​ទេ​៕

ដោយ៖ ឈុំ ចន្ថា © រក្សាសិទ្ធិដោយ thmeythmey25.com