Thmey Thmey 25
សហគមន៍ទួលព័ន្ធតាឡី ព្រួយបារម្ភព្រៃជម្រកសត្វស្លាបកាន់តែរេចរឹល
17/10/2021 1:00 pm ព្រៃវែង ដោយ៖ ប៉ូ សាគុន

ព្រៃ​វែង​៖ ស្រប​ពេល​ដែល​សត្វ​ស្លាប​ខ្ទង់រាប់​​លាន​ក្បាល​ កាន់​តែ​កើន​ឡើង​ជា​បន្តបន្ទាប់ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ព្រៃ​ឈើ​ដែល​ជា​ជម្រក​សត្វ​ទាំង​នោះ​​ ក៏​កាន់​តែ​រេចរឹល​ទៅ​ៗ ព្រោះ​តែ​សត្វ​ទាំង​នោះ​កាច់​យក​ទៅ​ធ្វើ​ជា​​សម្បុក​។ ទោះ​ជា​យ៉ាង​ណា​ ​សហគមន៍​អភិរក្សសត្វ​ស្លាប​ទួល​ព័ន្ធ​តាឡី-បឹង​ស្នេហ៍ កំពុង​តែ​ប្រឹង​ប្រែង​រក​ដំណោះ​ស្រាយ ជា​មួយ​ដៃ​គូ​ពាន់​ព័ន្ធ​នានា​ ដើម្បី​ដាំ​ដើម​ឈើ​បន្ថែម​។

លោក នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្សសត្វ​ស្លាប​ទួល​ព័ន្ធ​តាឡី-បឹង​ស្នេហ៍ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ ខណៈ​លោក​កំពុងឈរ​នៅ​លើ​ប៉ម​មើល​សត្វ​ស្លាប​ ក្នុង​តំបន់​ទួល​ព័ន្ធ​តាឡី-បឹង​ស្នេហ៍​ ថា​កន្លង​មក​សហគមន៍​បាន​ដាំ​ដើម​ឈើ​ប្រមាណ​​ជាង​២ពាន់​ដើម​មកហើយ ដើម្បី​បន្ថែម​លើ​ព្រៃ​ឈើធម្មជាតិ​​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​ដើម​ឈើ​ទាំង​នោះ​ ត្រូវ​បាន​រេច​រិល​ទៅ​វិញ​ ព្រោះ​តែ​សត្វ​ស្លាប​កាច់​យក​ទៅ​ធ្វើ​សម្បុក​ ដើម្បី​ពង​កូន​។ 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

 
ជា​ង​នោះ​ទៅ​ទៀត​​ ដើម​ឈើ​ខ្លះ​ត្រូវ​រេច​រឹល ហើយ​ជ្រុះ​ស្លឹក​ស្ទើរតែ​​អស់ ​​ព្រោះ​តែ​សត្វ​បន្ទោ​បង់​លាមកដាក់​។ ជា​ដំណោះ​ស្រាយ​ សហគមន៍​អភិរក្សសត្វ​ស្លាប​ទួល​ព័ន្ធ​តាឡី-បឹង​ស្នេហ៍ កំពុង​រក​មធ្យោបាយ​យ៉ាង​ណា ​ដាំ​ដើម​ឈើ​ដែល​អាច​លិច​ទឹក​បាន​ ទុក​ជា​ជម្រក​សត្វ​ស្លាប​ផង នឹង​សម្រាប់​អភិរក្ស​ពូជ​ត្រី​ផង​។
 
លោក នួន សារ៉េត បន្ថែម​ថា លោក​ពុំ​អាច​រាប់​ចំនួន​សត្វ​ស្លាប​នៅ​ទី​នេះ​បាន​ឡើយ​ ព្រោះ​វា​មាន​ចំនួន​ច្រើន រហូត​មិន​ក្រោម​រាប់​លាន​ក្បាល​​ ម្យ៉ាង​សត្វ​ចេះ​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ 



«​​ឆ្នាំ​២០២០​សត្វ​កើន​ឡើង​កាន់​តែ​ច្រើន​​។ ពីមុន​សត្វ​មក​ទី​នេះ​តែ​២ទៅ​៣​ខែ វា​ក៏​ផ្លាស់​ទី​ទៅ​វិញ ទើប​តែ​​​ចុង​ឆ្នាំ​២០១៩​និង​ដើម​ឆ្នាំ​២០២០ សត្វ​ចាប់​ផ្ដើម​កើន​ច្រើន​ ទាំង​ការ​ពង​កូន និង​កាច់​សម្បុក​។ ខ្ញុំ​ស្មាន​មិន​ដល់​ថា​សត្វ​កើន​ឡើង​ដល់​ថ្នាក់​នេះ។ ស្រប​ពេលនេះ ព្រៃរបោះ​ក៏រេច​រឹលព្រោះ​សត្វ​កាច់​សម្បុក​។​ សហគមន៍​នឹង​ប្រឹង​ប្រែង​រក​ដៃ​គូ ​ដាំដើម​ឈើ​លិច​ទឹក​​បន្ថែម។ សត្វ​នៅ​ទី​នេះ​មាន​៥៣​ប្រភេទ ដូច​ជា​ននៀលពណ៌ ក្អែកទឹក កុក ត្រយង​ខ្លួនស ត្រយង​ខ្លួន​រលោង ខ្វែក តាដក់ និង​ចង្កៀលខ្យង​ជា​ដើម»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក នួន សារ៉េត​។

បន្ថែម​ពី​នោះ លោក អនុប្រធាន​សហគមន៍ បញ្ជាក់​ទៀត​ថា ​ក្រសួង​បរិស្ថានមាន​គម្រោង​​​ជីក​បៀ ដោយ​ទប់​​ជា​ទំនប់​ ដើម្បី​ឱ្យ​ត្រី​រស់​នៅ​ក្នុងនោះ ព្រម​ទាំង​​អាច​ចិញ្ចឹម​ខ្យង​ ទុក​ជា​ចំណី​​សម្រាប់​សត្វស្លាប​​ណា​ ដែល​នៅ​តូចៗ​ ឬ​សត្វ​ចាស់​ៗ​ខ្លាំង ​ហើរ​ទៅ​រក​ចំនី​ឆ្ងាយ​មិន​បាន។ 
 
សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១៩៩០-១៩៩៧ ​តំបន់​ទួល​ព័ន្ធ​តាឡី-បឹង​ស្នេហ៍ ត្រូវ​បាន​អភិរក្ស​ដើម្បី​ជា​កន្លែង​ត្រីពង​ ​ជាកន្លែង​ជម្រក​ចិញ្ចឹម​សត្វ​ រួម​ទាំង​ទប់​ស្កាត់​ការ​រុក​រាន​ព្រៃ​ឈើ​ផង​ដែរ​​។ រហូត​មក​ដល់​​ឆ្នាំ​២០១៩ -២០២០ សហគមន៍នេះ ​ត្រូវ​បាន​រៀបចំ​ឱ្យ​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ សម្រាប់​ទទួល​​ប្រជា​ពល​រដ្ឋ​ទៅ​ទស្សនា​សត្វស្លាប​៕
ដោយ៖ ប៉ូ សាគុន © រក្សាសិទ្ធិដោយ thmeythmey25.com