Thmey Thmey 25
ឱកាសល្អ! អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារូបករណ៍៥០កន្លែង ដល់កម្ពុជា
28/09/2021 5:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្ដល់អាហារូបករណ៍សិក្សាមុខវិជ្ជាទេសចរណ៍ តាមអនឡាញ ៥០កន្លែង ដល់សិស្ស និស្សិត មន្ត្រីរាជការ និងវិស័យឯកជន។ ការផ្ដល់អាហារូបករណ៍នេះ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងស្ដារទេសចរណ៍ក្នុងបរិបទកូវីដ-១៩។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ អាហារូបករណ៍ដែលអង្គការទេសចរណ៍ពិភពលោកផ្ដល់ឱ្យមានជំនាញ យុទ្ធសាស្ត្រធុរកិច្ច គណនេយ្យហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនៃម៉ាឃឹតធីងឌីជីថល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ និងមូលដ្ឋានគ្រឹះនៃនរានុវត្ត និងការផ្លាស់ប្ដូរឌីជីថល។

អាហាររូបករណ៍ ៥០កន្លែងនេះ នឹងត្រូវផ្ដល់ឱ្យមន្ត្រីទេសចរណ៍ ២០កន្លែង ផ្នែកឯកជន ២០កន្លែង និងសិស្ស និស្សិត១០កន្លែង។ បេក្ខជន ដែលចង់ដាក់ពាក្យប្រឡង ត្រូវជាបុគ្គលិកមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា និស្សិតកំពុងសិក្សាជំនាញទេសចរណ៍ ឬបុគ្គលិកកំពុងបម្រើការក្នុងវិស័យទេសចរណ៍ឯកជន។ បេក្ខជន អាចទំនាក់ទំនងទៅនាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ រហូតដល់ថ្ងៃទី ៣១តុលា ៕
 

 

ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com