Thmey Thmey 25
លោក ម៉ុង ឫទ្ធី ថា យើងអភិវឌ្ឍជនបទដើម្បីឲ្យពលរដ្ឋមានជីវភាពធូរធារ មិនមែនដើម្បីឲ្យស្រែកតវ៉ាឡើយ
25/09/2021 3:00 pm កំពង់ស្ពឺ

ដោយ៖ ផាត ដាណេ

ឧកញ៉ា ម៉ុង ឫទ្ធី បានបង្កើតតំបន់អភិវឌ្ឍកសិ-ទេសចរណ៍ នៅខេត្តកំពង់ស្ពឺ ព្រោះលោក បានសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិសម្បូរបែប មិនចាញ់ខេត្តដទៃ។ ជាង១៦ឆ្នាំនេះ លោក បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសំរោងទង អភិរក្សសត្វព្រៃ និងព្រៃធម្មជាតិ រួមទាំងបង្កើតការងារសម្រាប់ពលរដ្ឋក្នុងតំបន់នោះផងដែរ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោកឧកញ៉ា ម៉ុង ឫទ្ធី ដូចតទៅ៖


លោក ម៉ុង ឫទ្ធី បោះទុនបង្កើតតំបន់កសិ-ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ ព្រោះសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិ ដែលមានតាំងពីភ្នំ ព្រៃឈើ និងសត្វព្រៃជាដើម។ លោក ម៉ុង ឫទ្ធី ចង់ចូលរួមចំណែក អភិរក្សសម្បត្តិធម្មជាតិទាំងនោះ ដើម្បីបង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ហើយវាក៏ជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ 

លោក ម៉ុង ឫទ្ធី បានលើកឡើងថា៖«ខេត្តកំពង់ស្ពឺមានផ្ទៃដី និងសម្បត្តិធម្មជាតិល្អស្រស់បំព្រង មានទឹកមានព្រៃភ្នំជាច្រើន។ ប៉ុន្តែតំបន់ដែលខ្ញុំអភិវឌ្ឍនេះគឺ មានចម្ងាយតែ៥០គីឡូម៉ែត្រពីភ្នំពេញ។ ដោយសារតែតំបន់ទេសចរណ៍នោះតែ៥០គីឡូម៉ែត្រពីភ្នំពេញ អ៊ីចឹងងាយស្រួលអ្នកទេសចរទៅលេងកម្សាន្តនៅព្រៃភ្នំ ហើយបើយើងប្រៀបធៀបទៅមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ គឺឆ្ងាយ»។ 

ទន្ទឹមនឹងនេះ ការបង្កើតតំបន់កសិ-ទេសចរណ៍របស់លោក ម៉ុង ឫទ្ធី ក៏ជួយបង្កើនជីវភាពរបស់ពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញនោះផងដែរ ដោយលោក បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងបង្កើតការងារឱ្យពលរដ្ឋជាដើម។ 

លោក ម៉ុង ឫទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«ការអភិវឌ្ឍនេះ គឺយើងអភិវឌ្ឍជនបទ ដើម្បីប្រជាជនមានជីវភាពធូរធារ មិនមែនអភិវឌ្ឍជនបទដើម្បីឱ្យប្រជាជនស្រែកតវ៉ា គឺអត់ទេ។ ដែលផ្ដល់ឱ្យគាត់ធំបំផុត សំខាន់ឱ្យគាត់មានបានតកូនតចៅ គឺការសាងសងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ភ្លើងហ្នឹងតែម្ដង»៕

 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com