Thmey Thmey 25
កូ​វីដ​-១៩ ធ្វើឱ្យ​ក្រូចពោធិ៍សាត់​របស់លោក ឃុន សុភាព គ្មាន​ស្ថិរភាព​ទីផ្សារ​
31/08/2021 2:00 pm ពោធិ៍សាត់ ​ដោយ​៖ ផាត ដា​ណេ​

​វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​ទីផ្សារ​ក្រូចពោធិ៍សាត់​របស់លោក ឃុន សុភាព គ្មាន​ស្ថេរភាព​ច្បាស់លាស់ តម្លៃ​ឡើង​ចុះៗ ក្នុង​រដូវ​កាល​ប្រមូល​ផល​។ ជាក់ស្ដែង​ចន្លោះ​ពី​ខែកុម្ភៈ ដល់​ខែឧសភា ក្រូចពោធិ៍សាត់​របស់​ក​សិ​ករ​រូបនេះ ជួប​បញ្ហា​ស្ទះ​ទីផ្សារ និង​តម្លៃ​ធ្លាក់ចុះ​។ ដោយឡែក​ខែមិថុនា​វិញ បែរ​ជាមាន​ទីផ្សារ​ខ្ពស់ និង​តម្លៃ​កើនឡើង ប៉ុន្តែ​មកដល់​ខែសីហា​នេះ ក្រូចពោធិ៍សាត់​របស់លោក បាន​ធ្លាក់ចុះ​ជាថ្មី ព្រោះ​ឈ្មួញ​ផ្អាក​ការបញ្ជាទិញ​។​


​លោក ឃុន សុភាព ជា​ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់ ជាង​២០​ហិកតា ស្ថិតនៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ដោយសារតែ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​តម្លៃ​ក្រូចពោធិ៍សាត់​របស់លោក ឃុន សុភាព ធ្លាក់ចុះ និង​ពិបាក​រក​ទីផ្សារ​។​

​កន្លងមក​ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា ដែលជា​ដើមរដូវ​ប្រមូល​ផល​ក្រូចពោធិ៍សាត់ លោក ឃុន សុភាព ប្រឈម​នឹង​បញ្ហា​ទីផ្សារ​ម្ដង​រួចមកហើយ ដោយ​តម្លៃ​ធ្លាក់ចុះ ការបញ្ជាទិញ​តិច និង​ពិបាក​នាំចេញ​។ កាលនោះ​ក្រូច​របស់លោក សុភាព លក់បាន​តម្លៃ​ចន្លោះ​ពី​២៣​ម៉ឺន​រៀល ទៅ​២៥​ម៉ឺន​រៀល ក្នុង​មួយ​ស្លឹក​។ លោក អះអាងថា មុនពេល​មាន​វិបត្តិ​កូ​វីដ​-១៩ តម្លៃ​ក្រូច​របស់លោក លក់បាន​ថ្លៃ​ជាង​នេះ​។​



​បញ្ហា​កកស្ទះ​ទីផ្សារ​ក្រូចពោធិ៍សាត់​របស់លោក ឃុន សុភាព បានអូសបន្លាយ​ពេល​ជាង​៣​ខែ រហូតដល់​ខែមិថុនា ទើប​មាន​សន្ទុះ​ឡើងវិញ ទាំង​ការបញ្ជាទិញ និង​តម្លៃ​។ កសិករ​រូបនេះ បាន​លើកឡើងថា អំឡុង​ពេលនោះ​មាន​ការបញ្ជាទិញ​ច្រើន លោក បាន​នាំ​ចេញទៅ​ខេត្ត​គោលដៅ​មួយចំនួន​ដូចជា បាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប​ជាដើម​។ 

​រហូតមកដល់​ខែសីហា​នេះ ក្រូចពោធិ៍សាត់​របស់លោក ឃុន សុភាព បាន​ធ្លាក់ចុះ​ម្ដងទៀត​។ កសិករ​រូបនេះ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ដូច្នេះ​ថា​៖«​ឥឡូវ​ហ្នឹង​ធ្លាក់​ទៀតហើយ​។ និយាយ​ទៅ​ខែសីហា​ហ្នឹង ចាប់ពី​ថ្ងៃទី​៨​មក​។ ឈ្មួញ​គេ​មិន​ហ៊ាន​ទិញ​យកទៅលក់ ព្រោះ​ផ្សារ​បិទ​ច្រើន ពិសេស​នៅ​ខេត្ត​គោលដៅ​ហ្នឹង​។ អ៊ីចឹង​ហើយ​បាន​គេ​ផ្អាក​សិន គេ​ខ្លាច​ដូច​តែ​គ្នា​ហ្នឹង​»​។ 



​ដ្បិត​ទីផ្សារ​ក្រូចពោធិ៍សាត់​គ្មាន​លំនឹង​ច្បាស់លាស់ តែ​លោក សុភាព មិន​បារម្ភ​អ្វី​ច្រើន​ឡើយ ហើយ​នៅតែ​រំពឹងថា ទីផ្សារ​នឹង​ត្រឡប់មក​ប្រសើរ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ ថយចុះ​នូវ​ចំនួន​អ្នក​ឆ្លង​។ កសិករ​រូបនេះ​អះអាងថា ទិន្នផល​ក្រូច​របស់លោក ឆ្នាំនេះ​ឡើង​ច្រើនជាង​ឆ្នាំមុន ដូច្នេះ​ទោះបី ទីផ្សារ​ធ្លាក់ចុះ ក៏​លោក មិន​ប្រឈម​នឹង​ការខាតបង់​ច្រើន​ដែរ​។ «​ឆ្នាំមុន​ខាត​ច្រើន ព្រោះ​កូ​វីដ​-១៩​ផង ទឹកជំនន់​ផង​។ តែ​មក​ឥឡូវ បាន​ម្យ៉ាង អត់​ម្យ៉ាង អ៊ីចឹង​អត់​អី​ទេ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃុន សុភាព​៕
ដោយ៖ ផាត ដា​ណេ​ © រក្សាសិទ្ធិដោយ thmeythmey25.com