Thmey Thmey 25
ឧបករណ៍នេសាទបុរាណមួយចំនួនលែងមានអ្នកប្រើ ធ្វើឱ្យយុវជនមិនសូវស្គាល់
16/10/2021 9:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ឧបរណ៍នេសាទចាស់ៗបែបប្រពៃណីរបស់ខ្មែរ ត្រូវបានប្រើពេចុះនេសាទតាម ទន្លេ បឹង ស្ទឹង ដើម្បីជាម្ហូបសម្រាប់បរិភោគ ឬផ្គត់ផ្គង់ជីវភាពគ្រួសារ តែបច្ចុប្បន្នឧបករណ៍ទាំងនោះ ស្ទើរតែត្រូវបានគេបោះបង់ឈប់ប្រើអស់ទៅហើយ។ ជាមួយគ្នានេះ យុវជនខ្មែរភាគច្រើន មិនសូវបានស្គាល់ និងដឹងថា តើខ្មែរជំនាន់មុនមានឧបករណ៍នេសាទអ្វីខ្លះសម្រាប់ប្រើ មុនពេលប្រើរបរទំនើប។

ពលរដ្ឋតាមស្រុកស្រែចម្ការនៅក្នុងប្រទេសកម្ពុជាសម័យមុន ក្រៅពីការងារដាំដុះពួកគាត់តែងតែនេសាទត្រី ដើម្បីធ្វើម្ហូបសម្រាប់គ្រួសារ។ ជាក់ស្ដែងនៅតាមផ្ទះនីមួយៗ តែងមានឧបករណ៍នេសាទតូចធំ។ ទ្រូ លប លាន់ ឈ្នាង អង្រុត ទ្រុង ឈ្នក់ ជុច ជាឧបរកណ៍នេសាទធ្វើពីឫស្សីរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋប្រើតាមស្រុកស្រែចម្ការជាងកន្លះសតវត្សរ៍មុន។

លោក ជា ព្រេង កសិកររស់នៅភូមិឃ្សុំ ខេត្តកណ្ដាល លើកឡើងថា ឧបករណ៍នេសាទបែបបុរាណ នៅពេលនេះមិនសូវមានអ្នកប្រើទៀតទេ ដោយអ្នកនេសាទភាគច្រើន និយម ឆក់ ដាក់មងសន្ទូច និងបង់សំណាញ់ ជំនួសការដាក់ទ្រូ លប លាន់បែបបុរាណ។ ឧបករណ៍នេសាទបុរាណៗ ដែលលោក ព្រេង ស្គាល់មានមិនច្រើនទេ ហើយភាគច្រើន លោកស្គាល់ ដោយសារឃើញអ្នកជិតខាងយកទៅប្រើពេលចុះរកត្រីតាមបឹង។

«ខ្ញុំធ្លាប់ស្គាល់ តែមិនច្រើនទេ។ កាលជាង២០ឆ្នាំមុននៅមានអ្នកប្រើច្រើន ក្មេងស្របាលខ្ញុំស្គាល់ ទ្រូ លប លាន់ អង្រុតគ្រប់ៗគ្នា ព្រោះជាញឹកញាប់។ ប៉ុន្ដែបច្ចុប្បន្នរបស់ទាំងនេះ អ្នកស្រុកខ្ញុំខាងកៀនស្វាយភាគច្រើន មិនមានអ្នកនៅប្រើទេ ព្រោះខ្ញុំមិនដែលប្រទះភ្នែកឃើញ»។ នេះជាការបញ្ជាក់របស់លោក ព្រេង។

បើតាមអ្នកស្រុកបន្ទាយដែករូបនេះ ក្មេងឥឡូវបើសួរក៏នៅមានអ្នកស្គាល់ដែរ តែស្គាល់ភាគតិចណាស់ ព្រោះរបស់ទាំងនោះ ចាស់ពុកផុងអស់ច្រើន និងគ្មានអ្នកយកទៅតាំងបង្ហាញសម្រាប់ឱ្យក្មេងៗស្គាល់។ លោក ព្រេង បន្តថា អ្នកនេសាទនៅតាមបឹងវិញ ពេលខ្សត់ត្រីគេបោះបង់ចោលឧបករណ៍ទាំងនោះ ដោយងាកទៅរករបស់របរច្នៃថ្មីៗ ដែលអាចរកត្រីបានច្រើនជំនួសស្ថានការ។

ជាអ្នករស់នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល លោក ចាប់ សុខលី បានឱ្យដឹងថា ឧបករណ៍នេសាទដូចជា ទ្រូ ឈប អង្រុត នៅមានវត្តមាន នៅក្នុងភូមិវិហារសួគ៌នៅឡើយ។ យុវជនវ័យ១៩រូបនេះ យល់ថា ឧបករណ៍នេសាទបែបបុរាណៗ សម្រាប់កូនអ្នកស្រុកស្រែចម្ការ នៅតែមានអ្នកស្គាល់ ទោះបីគេមិននិយមច្រើនប្រើដូចពេលមុន។

លោក សុខលី រៀបរាប់បែបនេះ៖ «ខ្ញុំជឿថា ទោះតាមផ្ទះគេមិនសូវប្រើដូចមុន ក៏នៅតែមានក្មេងមួយចំនួនស្គាល់ឧបករណ៍ទាំងនេះ តាមរយៈរៀបចំតាំងលម្អនៅតាមវត្ត ពេលមានកម្មវីធីបែបប្រពៃណី ហើយពួកគេក៏បានថតរូបឧបករណ៍ទាំងនោះផងដែរ»។

ចំណែកលោក ធឿន អតីតអ្នកធ្វើឧបករណ៍នេសាទ និងជាអ្នកនេសាទក្រោយសម័យសង្គ្រាម និយាយថា ឧបករណ៍ចាស់ៗធ្វើពីឫស្សី គេនិយមប្រើកាលពីសម័យមុន ព្រោះត្រី អន្ទង់ សម្បូរ ដូច្នេះឧបករណ៍ប្រភេទណាក៏អាចរកត្រីបានដែរ។  «សម័យមុនអ្នកណាក៏ស្គាល់ដែរទ្រូ លប លាន់ ឈ្នាង អង្រុត ព្រោះជាឧបករណ៍ដែលពេញនិយម គ្រួសារណាក៏មាន។ បែកពីសង្គ្រាមភ្លាមៗ មានអ្វីមានតែរបរនេសាទនេះហើយស្រួលជាងគេ មិនថាមនុស្សក្មេង ឬចាស់ដាក់លប ទ្រូ ពេញវាលស្រៃ។ តែសម័យនេះគេមិនសូវស្គាល់ឧបករណ៍បុរាណចាស់ៗទេ។ របស់ខ្លះគេឈប់ប្រើ មានរបស់ខ្លះបាត់ទាំងរូបរាងទៀត ដូច្នេះហើយឱ្យគ្នាក្មេងៗស្គាល់ម្តេចហ្នឹងកើត»។ នេះជាការរៀបរាប់របស់លោក ធឿន។

ឧបករណ៍នេសាទរបស់ខ្មែរមានច្រើនប្រភេទ ដែលឧបករណ៍នេសាទ ភាគច្រើនត្រូវបានប្រជាពលរដ្ឋរស់នៅតាមស្រុកស្រែ និងស្រុកចម្ការប្រើ ដើម្បីនេសាទ ត្រី ក្ដាម ខ្យង និងអន្ទង់យកបរិភោគ ឬលក់យកប្រាក់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។ ឧបករណ៍នេសាទខ្មែរ ភាគច្រើនធ្វើពីឫស្សី និងអាចរក្សាទុកបានចន្លោះពីពីរទៅបីឆ្នាំ៕

ដោយ៖ ប៉ូ សុភា © រក្សាសិទ្ធិដោយ thmeythmey25.com