Thmey Thmey 25
ទេវៈ៥អង្គក្នុងសាសនាហិណ្ឌូ ដែលទទួលការគោរពខ្លាំងជាងគេនាសម័យអង្គរ
30/07/2021 3:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី

សាសនាហិណ្ឌូ ធ្លាប់ជាសាសនារបស់រដ្ឋនៅសម័យអង្គរ។ ក្នុងសាសនាហិណ្ឌូ គេជឿថាអាទិទេព អាចជួយសម្រេចពរដែលមនុស្សសុំពីព្រះអង្គ។ មានទេវៈច្រើនអង្គដែលទទួលបានការគោរពប្រតិបត្តិ នៅក្នុងសាសនាហិណ្ឌូ ប៉ុន្តែមានទេវៈ៥ព្រះអង្គ ដែលទទួលបានការគោរពប្រតិបត្តិខ្លាំងជាងគេ នៅប្រទេសកម្ពុជា។
 
ទេវៈទាំង៥អង្គនោះមាន៖

ព្រះព្រហ្ម៖ ជាអ្នកបង្កើតលោក មានមុខ៤ ដៃ៤ និងមានយានជំនិះជាហង្ស។ ព្រះអង្គមានថូ ខ្សែផ្គាំ ស្លាបព្រា គម្ពីរ ជាកេតនភណ្ឌរបស់ទ្រង់។ ចំពោះរូបសំណាកទ្រង់វិញ គេសាងរូបព្រះព្រហ្ម ក្នុងឥរិយាបថឈរ ឬគង់លើផ្កាឈូកដែលដុះចេញពីផ្ចិត ព្រះវិស្ណុផ្ទំលើពស់បណ្ដែតលើទឹក។ 


ព្រះនាងលក្ម្សី៖
ជាមហេសីព្រះវិស្ណុ និងទេវីតំណាងសោភណភាព និងទ្រព្យសម្បត្តិ។ ព្រះនាង កើតចេញពីការកូរសមុទ្រទឹកដោះ។ ចំពោះរូបរាងរបស់ព្រះនាងវិញ មានរូបរាងជាមនុស្ស ច្រើនឈរ និងអង្គុយនៅចន្លោះដំរី២ ដែលកំពុងប្រោះទឹកមន្តថ្វាយ។ 

ព្រះវិស្ណុ ឬនារាយណ៍ ឬហរិ៖ ជាអ្នកថែរក្សាលោក ទ្រង់មានរូបរាងជាមនុស្សដៃ២ ឬដៃ៤ ឬដៃ៨ ឈរឬផ្ទំលើពស់អានន្តៈ និងគ្រុឌជាយានជំនិះ សម្រាប់ព្រះអង្គ។ ចំពោះកេតនភណ្ឌទ្រង់វិញ មានដុំមូលកងចក្រ ខ្យងស័ង្ខ ដំបង...។ ទ្រង់បែងភាគ ជាអវតារចុះមកលើផែនដី ដូចជាព្រះក្រឹស្ណៈ និងព្រះរាម ដែលមានប្រជាប្រិយភាពជាងគេ។ 

ព្រះសិវៈ ឬឥសូរ ឬហរៈ៖ ទ្រង់ជាអ្នកបង្កើត និងបំផ្លាញលោក។ ជាតំណាងសម្រាប់ព្រះអង្គ គេសាងសង់រូបលិង្គ ឬមនុស្សដៃ២ ឬដៃ៤ ឬឥសីតាំងសិល្ប៍។ ចំពោះយានជំនិះព្រះអង្គវិញ គឺគោនន្ទិន។ ឯលក្ខណៈសម្គាល់វិញគឺមានចំណិតខែលើផ្នួងសក់ ភ្នែក៣ នៅចំកណ្ដាលថ្ងាស និងត្រីសូល៍។ 

ព្រះឥន្ទ្រ៖ ជាទេវៈតំណាងផ្គរ រន្ទះ ហើយទ្រង់មានរូបរាងជាមនុស្សជិះដំរីក្បាល៣ ឈ្មោះអៃរាវ័ត និងមានវជិរៈ(កាំរន្ទះ)ជាអាវុធ។ ដោយឡែកក្នុងពុទ្ធសាសនាមហាយាន ព្រះអង្គជាអធិបតី នៃពួកទេវតា៕

(ដកស្រង់ពីសៀវភៅខ្ញុំចង់ដឹង «យើងទៅទស្សនាប្រាសាទអង្គរ៖ អង្គរវត្ត និងបាយន្ត ភាគ១» របស់អង្គការ Sipar ទំព័រ៤២)


 

ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com