Thmey Thmey 25
មន្ត្រីកសិកម្ម ស្នើឱ្យកសិករស្វែងយល់ឱ្យច្បាស់មុនដាំដំណាំឈើរីនៅកម្ពុជា
28/07/2021 5:00 pm ភ្នំពេញ ដោយ៖ ខន ណារី

ភ្នំពេញ៖ ឈើរី ជាប្រភេទផ្លែឈើ ដែលពេញនិយមដាំដុះនៅតំបន់ប៉ែកអឺរ៉ុប ដោយសារអំណោយផលនឹងអាកាសធាតុត្រជាក់។ បច្ចុប្បន្ន នៅកម្ពុជា កំពុងមានការផ្សព្វផ្សាយ ពាសពេញបណ្ដាញសង្គម ឱ្យកសិករដាំដំណាំឈើរីនេះ។ ពាក់ព័ន្ធបញ្ហានេះ មន្រ្តីកសិកម្ម និងអ្នកជំនាញក្នុងវិស័យកសិកម្ម បានស្នើដល់កសិករក្នុងស្រុក គួរពិចារណា និងស្វែងយល់ឱ្យបានច្បាស់លាស់ជាមុន ព្រោះដំណាំប្រភេទនេះ មិនសមស្របនឹងអាកាសធាតុនៅកម្ពុជា។


សព្វថ្ងៃ កសិករមួយចំនួន កាន់តែចាប់អារម្មណ៍ ដាំដំណាំឈើរី  និងដំណាំមួយចំនួនទៀត ដែលមានប្រភពពីប៉ែកអឺរ៉ុប។ ដ្បិតថា ធ្លាប់មានកសិករខ្លះ ដាំឈើរី នៅកម្ពុជា ទទួលបានផល តែដំណាំនេះ មិនទាន់មានការសិក្សាណាមួយពីក្រសួងកសិកម្ម ថា សមស្រប ជាមួយលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា នៅឡើយ។

លោក ហ៊ាន វណ្ណហន អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារលើគណនីហ្វេសប៊ុកដាស់តឿនដល់កសិករ ដែលមានបំណងដាំឈើរី ឱ្យគិតគូរ មុននឹងសម្រេចចិត្តដាំឈើរី ដោយមិនត្រូវដាំតាមការបំផុសបំផុលរបស់ឈ្មួញខិលខូចនោះទេ។ មន្ត្រីកសិកម្មរូបនេះ បានសរសេររៀបរាប់ដូច្នេះ៖«ដំណាំឈើរី ពិតជាមិនរើសដីពិតមែន។ តែជាទូទៅ មិនអាចដាំនៅកម្ពុជាបានទេ ព្រោះវានឹងមិនចេញផ្កានិងផ្លែ។ វាអាចដុះនៅស្រុកយើង តែមិនបានផលនោះទេ។ ដូច្នេះ កសិករមិនគួរចំណាយលុយ ទិញកូន តាមការផ្សព្វផ្សាយ យកទៅដាំឡើយ»។


លោក ហ៊ាន វណ្ណហន អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជុំវិញបញ្ហានេះ លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម ក៏លើកឡើង មិនខុសគ្នាប៉ុន្មាន ពីលោក ហ៊ាន វណ្ណហន ដែរ។ លោក គៀន សុភា ឱ្យដឹងថា ទង្វើរបស់ឈ្មួញដែលផ្សព្វផ្សាយឱ្យកសិករដាំឈើរី និងដំណាំដទៃមានប្រភពពីអឺរ៉ុប ក្នុងគោលបំណងប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានសិក្សាពីលក្ខខណ្ឌរបស់កម្ពុជាឱ្យបានច្បាស់ គឺជាទង្វើមួយដែលអសីលធម៌។ 

ប្រធាននាយកដ្ឋានដំណាំរួមផ្សំ បានរៀបរាប់បែបនេះ៖«យើងមិនបានសិក្សានៅឡើយ ដោយដំណាំទាំងនេះ ជាដំណាំសម្រាប់តំបន់ត្រជាក់។ យើងមិនដឺងថា តើឈ្មួញនាំចូលពីប្រភពណា តើគេបានដាំសាកល្បងនៅប្រទេសយើងប៉ុន្មានឆ្នាំហើយ? លទ្ធផលទទួលបានដូចម្តេច? អ្នកចង់ដាំគួរស្វែងយល់ឲ្យច្បាស់សិនមុនសំរេចចិត្តវិនិយោគ»។


លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម

លោក សុភា អំពាវនាវដល់ឈ្មួញគួរតែបញ្ឈប់ផ្សព្វផ្សាយ ថានៅកម្ពុជា ដាំឈើរីទទួលបានផល ផ្ទុយការពិត ព្រោះកម្ពុជា មិនទាន់មានការសិក្សាច្បាស់លាស់ពីដំណាំឈើរីនៅឡើយទេ៕


ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com