Thmey Thmey 25
«ប្រាសាទនគរបាជ័យ» បុរាណស្ថាន នាស្រុកកំពង់សៀម ខេត្តកំពង់ចាម
21/08/2021 9:00 am ភ្នំពេញ ដោយ៖ ស៊ុល រ៉វី

«ប្រាសាទនគរបាជ័យ» ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ចំណុះដោយភូមិជង្ហុក និងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រាសាទនេះ ត្រូវបានដូនតាខ្មែរ កសាងពីថ្មបាយក្រៀម និងថ្មភក់ នាសតវត្សរ៍ទី១២ រាជ្យព្រះបាទជ័យវរ្ម័នទី៧។


មានរចនាប័ទ្មបាយ័ន «ប្រាសាទនគរបាជ័យ» កសាងបែរទៅទិសខាងកើត រាងជាចតុកោណកែង និងមានកំពែងបីជាន់​ ព្រមទាំងមានគោបុរៈ(ខ្លោងទ្វារ)គ្រប់ទិសធំទាំងបួន។ នៅកំពែងទី១ នៃប្រាសាទនេះ បាក់បែក និងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២ និងកំពែងជាន់ទី៣នៅរក្សារូបរាងគួរសម។

ក្នុងបរិវេណកំពែងទី២ គេឃើញមានស្រះទឹកតូចៗចំនួន២ និងតួប្រាសាទស្ថិតក្នុងកំពែងទី៣។ នៅផ្នែកតួប្រាសាទនេះ មានទម្រង់ជាចេតិយសាងសង់ពីថ្មភក់។ រីឯតាមហោជាង និងជញ្ជាំង នៃប្រាង្គនេះ មានបន្សល់នូវចម្លាក់យ៉ាងប្រណិត និងព្រះពុទ្ធបដិមា គង់ទាំងបួនទិស។


កំពែងប្រាសាទនគរបាជ័យ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

យោងតាមបញ្ជីឈ្មោះបែងចែកប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានី-ខេត្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដំបូងឡើយប្រាសាទនេះ កសាងសម្រាប់ឧទ្ទិសចំពោះពុទ្ធសាសនាមហាយាន។ លុះក្រោយមកក្នុងរាជស្ដេចបន្ទាប់មក ប្រាសាទនេះ ត្រូវបានកែតម្រូវតាមសាសនាថ្មី ដែលព្រះរាជាអង្គនោះគោរពបូជា គឺព្រហ្មញ្ញសាសនា។

បន្ទាប់មកនៅសម័យកណ្ដាល រវាងសតវត្សទី១៦ និងសតវត្សទី១៧ មានព្រះរាជាមួយព្រះអង្គផ្សេងទៀត បានរៀបចំប្រាសាទវត្តនគរបាជ័យនេះឡើងវិញ​ ឱ្យទៅជាទីវត្តអារាម នៃពុទ្ធសាសនាហិនយាន ព្រមទាំងកសាងនូវសំណងថ្មីមួយចំនួន រួមមានព្រះវិហារ និងកែប្រែប្រាង្គកណ្ដាលរបស់ប្រាសាទទៅជាចេតិយ ដែលមានសភាពដូចបច្ចុប្បន្ននេះ។

ក្រោយវិហារបុរាណនោះចាស់ទ្រុឌទ្រោមបាក់បែក ព្រះវិហារថ្មីមួយត្រូវបានកសាងឡើងជំនួស ព្រះវិហារចាស់។ ចំពោះព្រះវិហារថ្មីដែលកសាងនោះ លោក សឹង ភារម្យ ប្រធានមន្ទីរវប្បធម៌ និងវិចត្រសិល្បៈ ខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ព្រះវិហារថ្មីនោះត្រូវបានកសាងឡើងប្រហែលជាអំឡុងទស្សវត្សឆ្នាំ ១៩៣០។ ឯក្នុងព្រះវិហារ ក៏មានបន្សល់នូវសិលាចារឹកមួយផ្ទាំងផងដែរ។

ជាមួយគ្នានេះ ប្រាសាទនគរបាជ័យ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទនេះ ក្នុងឆ្នាំ២០១៦។ ក្រៅពីការជួសជុលក្នុងឆ្នាំ២០១៦នេះ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរូបនេះថា កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក៏មានការជួសជុលផងដែរ មកលើប្រាសាទនេះ។ លោកបានបន្តដូច្នេះថា៖ «ក្រោយការអភិរក្ស និងជួសជុល បច្ចុប្បន្នប្រាសាទនគរបាជ័យ ពុំមានរងការហនិភ័យ បាក់បែកទៀតនោះទេ គឺរឹងមាំ។ ប៉ុន្តែអាចនឹងមានការជួសជុល នៅពេលអនាគត ព្រោះអាយុកាលប្រាសាទកាន់តែចាស់»។

យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយឆ្នាំ២០១០ ខេត្តកំពង់ចាម មានប្រាសាទមានរូបរាងចំនួន២៦ សំណល់គ្រឹះប្រាសាទចំនួន១៤ និងស្រះដែលជាទីតាំងយកថ្មចំនួន២៩ផងដែរ៕
 
 


 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com