Thmey Thmey 25
 CamAgriMarket កម្មវិធីទូរសព្ទ ដើម្បីបង្កើនទីផ្សារវារីវប្បកម្ម និងផលិតផលកសិកម្មក្នុងស្រុក
22/07/2021 12:00 pm ភ្នំពេញ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ CamAgriMarket ជាកម្មវិធីទីផ្សារកសិកម្មអនឡាញ បង្កើតឡើងដើម្បីជំរុញផលិតផលកសិកម្មក្នុងស្រុក ដោយភ្ជាប់ទំនាក់ទំនងរវាងកសិកម្ម អាជីវករ និងអ្នកប្រើប្រាស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងព័ត៌មានពាក់ព័ន្ធក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ អង្គការទស្សនៈពិភពលោកកម្ពុជា ក៏បានបង្កើតទំព័រ CAST ដាក់បញ្ចូលក្នុងកម្មវិធី CamAgriMarket ដើម្បីបង្កើនទីផ្សារវារីវប្បកម្ម និងប្រាក់ចំណូលសម្រាប់វារីវប្បករផងដែរ។

ការិយាល័យទីផ្សារកសិកម្ម នៃនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតកម្មវិធី CamAgriMarket ក្នុងគោលបំណង លើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក និងបង្កើនទីផ្សារសម្រាប់កសិករតាមបណ្ដាខេត្ត។ លើសពីនេះ វាក៏ផ្សារភ្ជាប់រវាងកសិករ អាជីវករ ជាមួយអ្នកប្រើប្រាស់ លើការលក់ដូរផលិតផល តម្លៃ ប្រភពទំនិញ និងប្រភេទកសិផល ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ CamAgriMarket ក៏ជួយឱ្យកសិករដឹងពីព័ត៌មានទីផ្សារបច្ចុប្បន្ន ហើយអាចរៀបចំផែនការផលិតកម្ម និងសម្រេចចិត្តបានល្អប្រសើរ។

ទន្ទឹមនឹងនេះ អង្គការទស្សនៈពិភពលោកកម្ពុជា ក៏បានបង្កើតមុខងារទំព័រ CAST  ក្នុងកម្មវិធី ទីផ្សារកសិកម្មអនឡាញ CamAgriMarket ដើម្បីបង្កើនទីផ្សារវារីវប្បកម្មក្នុងស្រុកផងដែរ។ ទំព័រ CAST បង្ហាញឱ្យអ្នកប្រើប្រាស់បានស្គាល់ វារីវប្បករ អាជីវករត្រី និងក្រុមហ៊ុនវារីវប្បកម្មជាច្រើន នៅទូទាំងរាជធានីខេត្ត។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ នឹងបានស្គាល់ប្រភេទត្រីដែលកំពុងមានលក់ និងចិញ្ចឹមក្នុងស្រុក បរិមាណ តម្លៃ និងពេលវេលាប្រមូលផលផងដែរ។

លោក មៀច យ៉ាឌី ប្រធានការិយាល័យទីផ្សារកសិកម្ម នាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីនេះ គឺផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងបរិបទកូវីដ-១៩។ មួយវិញទៀត បន្ទាប់ពីអង្គការទស្សនៈពិភពលោកកម្ពុជា បង្កើតទំព័រ CAST ក្នុងកម្មវិធី CamAgriMarket ក៏ជួយស្ដារជីវភាពដល់វារីវប្បករ និងចូលរួមអភិរក្សត្រីក្នុងស្រុក ហើយកាត់បន្ថយការនាំចូលផងដែរ។

ប្រធានការិយាល័យទីផ្សារកសិកម្មរូបនេះ បន្ថែមថា ទីផ្សារអនឡាញ CamAgriMarket មានលក់ផលិតផលកសិកម្មច្រើនប្រភេទដូចជា ស្រូវ អង្ករ ធញ្ញជាតិ ទីផ្សារកៅស៊ូអន្តរជាតិ សាច់ ស៊ុត គ្រឿងសមុទ្រ ផ្លែឈើ បន្លែ ជី និងសេវាជាច្រើនទៀត ហើយក៏បន្ថែមទំព័រ CAST ដែលជាបណ្ដុំទីផ្សារត្រីជាដើម។

លោក ប៉ោង លាងអូន អ្នកដឹកនាំបច្ចេកទេសផ្នែកសេវាកម្មអាជីវកម្ម នៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា បានលើកឡើងថា គម្រោង CAST កំពុងគាំទ្រត្រីក្នុងស្រុកចំនួន៦ប្រភេទដូចជា ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីក្រាញ់ និងត្រីទីឡាប់យ៉ា។ នៅក្នុងទំព័រCAST នៃកម្មវិធី CamAgriMarket មានលក់ទាំងត្រីស្រស់ និងត្រីកែច្នៃ។

លោក ប៉ោង លាងអូន បន្ថែមថា៖«ទំព័រCAST គឺសម្រាប់សមាជិក ដែលបានចុះឈ្មោះជាអ្នកទទួលផលក្នុងគម្រោង CAST រួមមានអ្នកចិញ្ចឹមត្រី អាជីវករត្រី ក្រុមហ៊ុនវារីវប្បកម្មនានា ឬអ្នកចែកចាយចំណីត្រី។ ក្រុមទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែទូលាយជាងមុន»។ លោកបន្តថា កម្មវិធីទីផ្សារអនឡាញនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យវារីវប្បកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់នូវព័ត៌មានសំខាន់ៗ និងតម្លាភាពទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ផងដែរ៕  

 

ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com