Thmey Thmey 25
និស្សិតនៅតែជ្រើសរើសជំនាញទេសចរណ៍ ទោះវិស័យទេសចរណ៍រងផលប៉ះពាល់ដោយសារកូវីដ-១៩
21/07/2021 1:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ កូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ខណៈអ្នកជំនាញក្នុងវិស័យនេះ ត្រូវបាត់បង់ការងារធ្វើជាបន្តបន្ទាប់។ ដ្បិតវិស័យទេសចរណ៍ កំពុងជួបប្រទះបញ្ហាក្តី ប៉ុន្តែមិនអាចធ្វើឲ្យនិស្សិត រួញរារៀនជំនាញទេសចរណ៍នេះឡើយ។

វិស័យទេសចរណ៍នៅកម្ពុជា និងទូទាំងពិភពលោក កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ប៉ុន្តែនិស្សិតជាច្រើននៅតែជ្រើសរើសរៀនជំនាញមួយនេះ និងប្រាថ្នាជ្រោងវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន នាថ្ងៃអនាគត។ 
 
ជានិស្សិតឆ្នាំទី១ ជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវតី គយ ស្រីភ័ស្ស  យល់ថា ក្នុងបរិបទជំងឹកូវីដ-១៩ កាន់តែធ្វើឱ្យវិស័យទេសចរណ៍ត្រូវការធនធានមនុស្ស ដើម្បីចូលរួមផ្សព្វផ្សាយ និងស្ដារផលប៉ះពាល់នានាកន្លងមក។ យុវតីមកពីខេត្តតាកែវរូបនេះ ជឿជាក់ថា ជំងឺកូវីដ-១៩ នឹងត្រូវរលាយបាត់នៅថ្ងៃណាមួយ ដូច្នេះការត្រៀមខ្លួនក្នុងការស្ដារ និងអភិវឌ្ឍទេសចរណ៍ គឺជាកាតព្វកិច្ចរបស់ខ្លួន ដែលជាធនធានមនុស្សយ៉ាងសំខាន់ក្នុងវិស័យនេះ។


 កញ្ញា គយ ស្រីភ័ស្ស និស្សិតឆ្នាំទី១ ជំនាញទេសចរណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កញ្ញា គយ ស្រីភ័ស្ស តាំងចិត្តថាខ្លួននឹងប្រើប្រាស់ជំនាញទេសចរណ៍ដែលរៀនពីសាកលវិទ្យាល័យ ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ «ជំនាញដែលនាងខ្ញុំបានរៀនសព្វថ្ងៃនេះ ពិតជាអាចជួយស្ដារវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជំនាញនេះនឹងអាចឱ្យខ្ញុំចូលរួមកាត់បន្ថយវិបត្ដិសេដ្ឋកិច្ច រួមទាំងផ្ដល់ការងារដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កើតកន្លែងទេសចរណ៍បែបធម្មជាតិ និងបែបកែច្នៃផង ហើយផ្សព្វផ្សាយពីសក្ដានុពលរបស់ប្រទេស »។ នេះជាការតាំងចិត្តរបស់កញ្ញា ស្រីភ័ស្ស ដែលប្ដេជ្ញាថា ខ្លួននឹងធ្វើជាមគ្គុទ្ទេសក៍ទេសចរមួយរូប ដែលអាចផ្សព្វផ្សាយ និងណែនាំកន្លែងទេសចរណ៍នៅកម្ពុជា ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ 

យុវជន ហ៊ុន រត្នធា មើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដល់វិស័យទេសចរណ៍ដែរ។ ប៉ុន្តែដោយសារក្ដីស្រមៃ ចង់ជួយសង្គម និងប្រជាជនក្នុងតំបន់នោះ បានជំរុញចិត្ត រត្នធា ឲ្យជ្រើសរើសជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
និស្សិតឆ្នាំទី១រូបនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះថា៖ « ខ្ញុំធ្លាប់បារម្ភខ្លះដែរថាខ្លាចអត់ការងារធ្វើដោយសារជំងឺកូវីដ-១៩ ប៉ុន្តែខ្ញុំយល់ថាវិស័យទេសចរណ៍ឆាប់ប៉ះពាល់ ប៉ុន្តែក៏ឆាប់ងើបឡើងវិញដែរ ព្រោះមនុស្សត្រូវចេញដើរកម្សាន្ត។ ជាក់ស្ដែងបច្ចុប្បន្នក៏នៅតែមានអ្នកដើរលេងច្រើនដែរ »។ 


 លោក ហ៊ុន រត្នធា និស្សិតឆ្នាំទី១ ជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច

និស្សិតទេសចរណ៍មកពីរាជធានីភ្នំពេញរូបនេះ រំពឹងថា ខ្លួននឹងអាចជួយបង្កើនចំណូលរដ្ឋ អភិវឌ្ឍសហគមន៍ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ។ ជាពិសេសពង្រីកសក្ដានុពលទេសចរណ៍កម្ពុជា និងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ តាមរយៈជំនាញទេសចរណ៍ខ្លួននេះ។

ក្នុងឆ្នាំ២០២១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានសិស្សចុះឈ្មោះចូលរៀន ក្នុងមហាវិទ្យាល័យទេសចរណ៍ចំនួន ៣០៣នាក់ ពោលគឺមិនមានការថមថយនិស្សិតរៀនជំនាញនេះទេ បើធៀបនឹងឆ្នាំមុនៗកន្លងមក។ ចំពោះទិន្នន័យនេះ បានធ្វើឱ្យលោកស្រី ឃុន ច័ន្ទមុនី ប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហាក់ភ្ញាក់ផ្អើលផងដែរ ខណៈកូវីដ-១៩ កំពុងធ្វើឲ្យវិស័យចរណ៍រងគ្រោះខ្លាំង។ 
 
លោកស្រីលើកឡើងដូច្នេះថា៖ « ពេលរៀបផែនការទទួលសិស្ស យើងបានគិតដែរថាជំងឺកូវីដ-១៩ អាចឱ្យសិស្សរួញរារៀនជំនាញនេះ តែជាក់ស្ដែងសិស្សគឺមិនថយចុះនោះទេ »។


លោកស្រី ឃុន ច័ន្ទមុនី ប្រធានដេប៉ាត់ម៉ង់ទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

មូលហេតុដែលសិស្សនៅតែជ្រើសរើសរៀនជំនាញទេសចរណ៍ច្រើន ព្រោះនិស្សិតយល់ថាកូវីដ-១៩ អាចនឹងធូរស្រាលនៅពេលពួកគេរៀនចប់ ហើយពួកគេនឹងអាចរកការងារធ្វើបានធម្មតា។ ម្យ៉ាងវិញទៀត នៅពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ទេសចរចាប់ផ្ដើមដើរលេងកម្សាន្តវិញ នោះធនធានបម្រើការក្នុងវិស័យនេះ ក៏ត្រូវការក្នុងចំនួនច្រើនផងដែរ។ នេះបើតាមប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាមួយគ្នានេះ លោកស្រី ឆាយ សៀវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មើលឃើញថា កម្ពុជាអាចត្រូវការពេល ៣ ទៅ៤ ឆ្នាំទៀត ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ បើទោះបីមានវ៉ាក់សាំងចាក់ឲ្យពលរដ្ឋគ្រប់គ្នាហើយក្ដី។ បើតាមលោកស្រី សៀវលីន ដ្បិតកម្ពុជាមានគម្រោង ទទួលទេសចរចាក់វ៉ាក់សាំងរួច នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ក្ដី ក៏ទេសចរមិនអាចសម្រុកមកកម្ពុជាបានភ្លាមៗដែរ។


 លោកស្រី ឆាយ សៀវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

« អ្នកជំនាញរបស់យើងកន្លងមកគាត់បានចាកឆ្ងាយពីការងារទេសចរណ៍ ដូច្នេះយើងបារម្ភថាអាចខ្វះធនធនមនុស្ស។ តែបើនិស្សិត កំពុងរៀនយើងក៏ត្រូវការពេលបង្វឹកពួកកាត់បន្ថែម ព្រោះវិស័យទេសចរណ៍គឺត្រូវការអ្នកជំនាញ ទើបអាចទាក់ទាញភ្ញៀវបាន »។ នេះជាការលើកឡើងរបស់ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា  ដែលបានលើកទឹកចិត្តដល់និស្សិតរៀនជំនាញទេសចរណ៍ កុំឲ្យបារម្ភពីបញ្ហាពិបាករកការងារធ្វើ ព្រោះវិស័យនេះ កំពុងត្រូវការធនធានមនុស្ស ដែលមានជំនាញច្បាស់លាស់៕
 

ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com