Thmey Thmey 25
«វត្តសំរោងក្នុង» អាយុកាលរាប់រយឆ្នាំនៅបាត់ដំបង ជាទីតាំងទេសចរណ៍បែបពុទ្ធសាសនា និង ប្រវត្តិសាស្រ្ត
19/07/2021 10:00 am បាត់ដំបង
អត្តបទ៖ញ៉ែម ចាន់ 

បាត់ដំបង៖ វត្តសំរោងក្នុង ស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ វត្តនេះ ត្រូវបានគេចាត់ទុកជាវត្តចំណាស់មួយមានអាយុកាលរាប់រយឆ្នាំ  ដែលបានបង្កប់នូវ  ជំនឿអរូបដ៏ស័ក្ដិសិទ្ធិ និងរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 


វត្តសំរោងក្នុង ត្រូវបានកសាងនៅឆ្នាំ១៧០៧ និងបានដាក់ឈ្មោះតាមដើមសំរោងធំមួយដើម ដែលជាកន្លែង ធុតង្គជ័យតាំងអាស្រម។ សព្វថ្ងៃវត្តនេះ ក្លាយជាកន្លែងស័ក្ដិសិទ្ធិសម្រាប់បន់ស្រន់តាមជំនឿ របស់ប្រជាពលរដ្ឋ។ ព្រះវិហារ ដែលយើងមើលឃើញ ធ្វើអំពីឥដ្ឋ ដំបូងប្រក់ក្បឿង និងសរសរ ឈើ ដែលមានសភាពចាស់ជាងគេ ត្រូវបានសាងសង់ឡើង នៅឆ្នាំ១៨០០ ក្នុងការគ្រប់គ្រង់ របស់ព្រះចៅអធិការវត្តសំរោងក្នុងទី៣ ព្រះនាមធុត្តុង្គ ណាក ប៉ុន្តែកាលនោះវិហារនេះសាងសង់អំពីឈើសុទ្ធ ក្នុងអាស្រម នៃវត្តសំរោងក្នុងនេះ ។



ក្រោយមក ព្រះវិហារនេះ ត្រូវបានព្រះចៅអធិការទី៧ ធុត្តុង្គ ទៀង  សាងសង់បន្ត ឆ្នាំ ១៨៩០ ដែលធ្វើអំពីឥដ្ឋ ដំបូងប្រក់ក្បឿង និងសរសរ ឈើ ។ នេះបើ តាមឯកសារស្រាវជ្រាវ នៃ ពុទ្ធសាសនបណ្ឌិត និង បណ្ណាល័យអេឡិត្រូនិកខ្មែរ  ដែលរៀបរៀងដោយលោក ហួត របៀប ។
បើក្រឡែកមើលប្រាសាទ ក្នុងវត្តនេះវិញ គឺមានកំពស់ប្រមាណ ២០ម៉ែត្រ ដែលសាងសង់ពីឥដ្ឋ លាយជាមួយ បាយអ រាងបួនជ្រុង។ ក្លោងទ្វាក្រោម មានបួន បែរទៅរកអនុទិសទាំងបួន និងក្លោងទ្វាលើមានបួនបែរទៅរកទិសធំទាំងបួន។  តាមឯកសារស្រាវជ្រាវដដែល ប្រាសាទនេះកសាង ក្នុងឆ្នាំ ១៨៨៧  ដោយព្រះគ្រូ ទៀង ជាចៅអធិការវត្តទី៧ នៃវត្តសំរោងក្នុង សម្រាប់ដំកល់ព្រះធាតុ ព្រះគ្រូចៅអធិការវត្តមុនៗ  ។   

លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានឱ្យដឹងថា វត្តសំរោងក្នុង គឺជាវត្តមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា និងសិក្សាស្វែងយល់ រឿងរ៉ាវអតីតកាល ពិសេសក្នុងរបបខ្មែរក្រហម ដែលបាន សម្លាប់ និង ឃុំឃាំង អ្នកទោសនៅទីនោះ។ 



លោកបន្ថែមថា ក្នុងគម្រោង ក្រសួងវប្បធម៌នឹងជួសជុសវត្តចំណាស់ក្នុងខេត្តបាត់ដំបងមួយឆ្នាំឱ្យបានមួយ។ ក្នុងឆ្នាំដំបូងគឺជួសជុលវត្តសំរោងក្នុងនេះមុនគេ ប៉ុន្តែត្រូវបានប្ដូរមកជួសជុលវត្តខ្សាច់ពូនមុន ដោយសារវត្តនេះមានសភាពទ្រុឌទ្រោមខ្លាំង។ លោកបន្តថា គម្រោងជួសជុលវត្តបន្ទាប់ ត្រូវបានផ្អាកសិនដោយសារបញ្ហាកូវីដ-១៩។ 
លោក គឹម សោភ័ណ្ឌ បានបញ្ជាក់ដូច្នេះ«វត្តនេះ[វត្តសំរោងក្នុង] សំខាន់ បើសិនកញ្ចប់ថវិកាមាន យើងនឹងជួសជុលវត្តនេះភ្លាម។ ហេតុអ្វីបានខ្ញុំថាសំខាន់ ព្រោះវត្តនេះ មានប្រវត្តិពីបុរាណមកផង ប្រវត្តិសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃផង»។ 

ព្រះវិហារ និង ប្រាសាទ ក្នុងវត្តសំរោងក្នុង ត្រូវបានរងការខូចខាតយ៉ាងដំណំ ដោយសារសង្គ្រាម ពិសេសក្នុងសម័យខ្មែរក្រហម ។ ក្នុងសម័យខ្មែរក្រហម វត្តសំរោងក្នុង ត្រូវបានប្រែក្លាយពីបូជនីយដ្ឋានដែលស្ងប់ស្ងាត់ និងទីសម្រាប់រៀនសូត្រព្រះធម៌ មកជាគុកដាក់អ្នកទោស និងជាកន្លែងស្នាក់នៅរបស់ខ្មែរក្រហមទាំងស្រុង។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ សព្វថ្ងៃមានរណ្តៅសាកសពសរុបចំនួន ១០០រណ្តៅ នៅជុំវិញបរិវេណវត្តសំរោង៕ 
 
 
 
ដោយ៖ ញ៉ែម ចាន់ © រក្សាសិទ្ធិដោយ thmeythmey25.com