Thmey Thmey 25
ក្រសួងកសិកម្មទទួលស្គាល់ថា ការផ្គត់ផ្គង់តម្រូវការត្រីលើទីផ្សារកម្ពុជា នៅជួបបញ្ហាមិនទាន់អាចដោះស្រោយបាន
16/06/2021 3:30 pm ភ្នំពេញ
ដោយ៖ ខន ណារី

ថ្វីដ្បិតកម្ពុជាបច្ចុប្បន្នមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការធ្វើការងារលើវិស័យវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់តម្រូវការត្រីនៅលើទីផ្សារក្នុងស្រុក នៅតែបន្តជួបបញ្ហាមួយចំនួនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់អាចដោះស្រោយបាន។ មូលហេតុដែលក្រសួងកសិកម្មមិនទាន់អាចដោះស្រោយបញ្ហាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបាននោះ គឺដោយសារថ្លៃដើមនៃការចិញ្ចឹមត្រីខ្ពស់ និងយន្តការត្រួតពិនិត្យនៃការនាំចូលត្រីមានភាពស្មុគស្មាញ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី១៥មិថុនា។ 


ក្រសួងកសិកម្ម បានអះអាង នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ជាការពិតធនធានមនុស្សពាក់ព័ន្ធ និងការងារវារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បករនៅកម្ពុជា។ ជាក់ស្តែង មន្ត្រីជំនាញវារីវប្បកម្មត្រូវបានទទួលការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស និងបានយកចំណេះជំនាញទៅបណ្តុះបណ្តាលដល់កសិករឱ្យចេះចិញ្ចឹមត្រីស្ទើរតែគ្រប់ រាជធានី និងខេត្តដែលមានសក្កានុពលក្នុងការផលិត។ 

ក្រសួងកសិកម្មបានបន្តរៀបរាប់ដូច្នេះ៖«ទោះជាយ៉ាងនេះក្តី យើងទទួលបានស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហាប្រឈមមិនទាន់អាចដោះស្រោយបាននៅឡើយ»។

មូលហេតុសំខាន់មួយចំនួនដែលក្រសួងកសិកម្ម ពុំទាន់អាចដោះស្រោយបញ្ហានៃការផ្គត់ផ្គង់តម្រូវការទីផ្សារបាននោះ មាន៖ ការថមថយផលត្រីពីធម្មជាតិ, មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ជាពិសេសការប្រកួតប្រជែងទីផ្សារក្នុងស្រុក។ ក្រសួងកសិកម្ម បានបញ្ជាក់ថា វារីវប្បករមិនអាចផលិត និងផលិតទីផ្សារក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទេ ដោយសារតែការជ្រើសរើសទីតាំងចិញ្ចឹមត្រីមានលក្ខណៈភូមិសាស្ត្រមិនសមស្រប(ខ្វះប្រភពទឹក និងបរិស្ថានជុំវិញមិនទាន់គាប់ប្រសើរ)។ 



លើសពីនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីក្នុងការចិញ្ចឹមត្រីមានតម្លៃខ្ពស់ និងបណ្តាញទីផ្សារ និងការចែកចាយភាគច្រើន គឺគ្រប់គ្រងដោយអាជីវករ ឬឈ្មួញនាំចូលត្រី។  ចំពោះការវិនិយោគពីឯកជនក្នុងវិស័យវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុងនិងក្រៅស្រុក ហើយគួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាផលិតកម្ម កែច្នៃ និងស្តុកនៅមានតម្លៃខ្ពស់ ក៏ជាមូលហេតុចម្បងធំមួយដែលធ្វើឱ្យកម្ពុជា ខ្វះលទ្ធភាពផ្គត់ផ្គង់តម្រូវការត្រីនៅលើទីផ្សារបានដោយខ្លួន ផងដែរ។


ពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងលើរបស់ក្រសួងកសិកម្ម ដោយមិនបានភ្ជាប់នូវដំណោះស្រាយ ដល់ក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកនោះ  សមាគមវារីវប្បករកម្ពុជា នៅតែទទួចឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយរឿងត្រីដែលវារីវប្បករចិញ្ចឹមបានកំពុងនៅកកស្ទះពេញស្រះ ព្រោះតែគ្មានអាជីវករ ឬឈ្មួញបញ្ជាទិញ។ លោក ឡែមផូរ វរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបាននិយាយថា៖«បញ្ហានេះ នៅតែមិនទាន់មានដំណោះស្រាយពីអ្នកពាក់ព័ន្ធ បើទោះបីមានការប្រជុំអន្តរក្រសួង ជាច្រើនលើក​ ច្រើនសារក្ដី»។


បើតាមលោក ឡែមផូរ វរិទ្ធិ មកដល់ពេលនេះ ការនាំចូលត្រីពីបរទេស ពិសេសការនាំចូលពីប្រទេសវៀតណាម គឺនៅតែមានដែលជាបញ្ហាចម្បងសម្រាប់វារីវប្បករនានាដែលកំពុងចិញ្ចឹមត្រីបានយ៉ាងល្អ។  អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បន្តប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ៖«សមាគមបានជួបប្រជុំជាមួយក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច  ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ ក្រសួងបានសន្យារឹតបន្តឹងការនាំត្រីចូលពីខាងក្រៅ ប៉ុន្តែសកម្មភាពនេះនៅតែមានដដែល។​ ដូច្នេះសមាគមនៅតែបន្តទាមទារឲ្យរដ្ឋជួយដោះស្រាយបញ្ហានេះ»។


អ្នកនាំពាក្យរូបនេះបានបន្ថែមថា បច្ចុប្បន្នដំណោះស្រោយពីក្រសួងពាក់ព័ន្ធ ឱ្យក្រុមវារីប្បវករដែលជាអ្នកចិញ្ចឹមត្រី គឺមានទំហំតិចតួចនៅឡើយ ដោយ សព្វថ្ងៃក្រុមអ្នកចិញ្ចឹមត្រី នៅតែមានក្ដីកង្វល់ ព្រោះត្រីប្រា ត្រីពោ  ត្រីឆ្តោ ប្រមាណ ៨ពាន់តោនទៀត នៅតែគ្មានទីផ្សារ៕ 

 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com