Thmey Thmey 25
UNDP ផ្តើមអនុវត្តគម្រោងគ្រប់គ្រងសំណល់ឧបករណ៍វេជ្ជសាស្ត្រនៅកម្ពុជា ក្រោមជំនួយហិរញ្ញវត្ថុចិន
10/06/2021 9:00 am ភ្នំពេញ

ដោយ៖ សែម វណ្ណា 
 
កម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ប្រចាំកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ សំដៅគាំទ្រដល់ការ គ្រប់គ្រងសំណល់វេជ្ជសាស្រ្តឱ្យមានប្រសិទ្ធភាពអំឡុងការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ គម្រោងនេះ គឺជាផ្នែកមួយនៃ នៃគម្រោងថ្នាក់តំបន់សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (SSCAF) ដែលអនុវត្តនៅក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមជំនួយថវិកាពីរដ្ឋាភិបាលចិន។
 
កូវីដ-១៩នៅកម្ពុជា កំពុងរីករាលដាលខ្លាំងទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ក្រសួងសុខាភិបាល មិនទាន់គ្រប់គ្រងសំណល់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ព្យាបាលកូវីដ-១៩ តាមបច្ចេកទេសត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ-១៩នៅជាប់នឹងសំណល់វេជ្ជសាស្ត្រទាំងនេះនោះទេ។ 
 
ឆ្លើយតបនឹងបញ្ហានេះ UNDP ប្រចាំកម្ពុជា សហការជាមួយក្រសួងសុខាភិបាល បានបង្កើតគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឱ្យមានប្រសិទ្ធភាពអំឡុងការរាលដាលនៃជំងឺកូវីដ-១៩ ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (SSCAF) ។ គម្រោងនេះ នឹងជួយឲ្យកម្ពុជា អាចការពារ និងកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពសាធារណៈនិងគ្រោះថ្នាក់ដល់បរិស្ថាន ពីសំណល់វេជ្ជសាស្រ្ត ដែលបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ 

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា គម្រោងនេះគឺជាផ្នែកសំខាន់មួយ ដែលប្រទេសចិនកំពុងចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិអំឡុងពេលកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ SSCAF សហការយ៉ាងជិតស្និទ្ធជាមួយ UNDP និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយកង្វះខាតការគ្រប់គ្រងសំរាមវេជ្ជសាស្ត្រដែលបានប្រើប្រាស់រួច។

លោក Wang Wentian អះអាងដូច្នេះ៖ «គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ យើង នឹងបន្តចែករំលែកបទពិសោធន៍របស់យើងក្នុងការគ្រប់គ្រង និងព្យាបាលជំងឺរាតត្បាត ព្រមទាំងធ្វើការជាមួយអ្នកដទៃ ដើម្បីសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក»។
 
UNDP បានបញ្ជាក់ថា គម្រោងនេះ នឹងផ្ដល់ឧបករណ៍សម្រាប់ប្រមូលសំរាមវេជ្ជសាស្ត្រ ការបែងចែកឧបករណ៍ការពារផ្ទាល់ខ្លួន ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងអ្នកប្រមូលកាកសំណល់រឹងនិងទឹកកខ្វក់ ឱ្យបានត្រឹមត្រូ វនិងប្រកបដោយសុវត្ថិភាព។ UNDP នឹងអនុវត្តគម្រោងនេះផ្ទាល់ជាមួយមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យកុមារជាតិ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអ្នកជំនាញគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តពីប្រទេសចិន។ 
 
លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា បានបញ្ជាក់ថា គម្រោងគ្រប់គ្រងសំណល់វេជ្ជសាស្រ្តនេះ អនុវត្តចំពេលដ៏សំខាន់សម្រាប់កម្ពុជា។ លោក Nick អះអាងដូច្នេះ៖ «គម្រោងនេះកំពុងត្រូវបានអនុវត្តនៅពេលវេលាដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ ការធានាថាទីប្រជុំជន អាចគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តប្រកបដោយសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពក្នុងពេលមានជំងឺរាតត្បាត គឺជាផ្នែកសំខាន់នៃការបន្តខិតខំដើម្បីគ្រប់គ្រងការរីករាលដាល និងផលប៉ះពាល់របស់ជំងឺឆ្លងមកលើប្រទេសកម្ពុជា»។
 
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាទរចំពោះឧបករណ៍ និងបច្ចេទេសដែលចិនផ្ដល់ជូនដើម្បីគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឱ្យមានប្រសិទ្ធភាព។ «ថ្ងៃនេះយើងមានកិត្តិយស តាមរយៈUNDP ប្រចាំកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវឧបករណ៍គ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តចំនួន ១២ ប្រភេទ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងសំរាមវេជ្ជសាស្ត្រនៅកម្ពុជា។ គម្រោងនេះ ចូលរួមចំណែកក្នុងការការពារការរីករាលដាលកូវីដ-១៩»។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ បានបង្ហាញរបាយការណ៍ថា កាកសំណល់វេជ្ជសាស្ត្រ កំពុងតែកើនឡើងនៅកម្ពុជា ដោយសារតែការកើនឡើងនៃវិស័យថែទាំសុខភាព។ កាកសំណល់វេជ្ជសាស្រ្តច្រើនលាយជាមួយកាកសំណល់ទូទៅ ត្រូវបានគេកប់ចោល និងដុតចោលនៅក្នុងឡសំរាម៕ 









 

ដោយ៖ សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey25.com