Thmey Thmey 25
ទុរេនក្នុងស្រុកនៅតែមានសក្តានុពល តែម្ចាស់ដំណាំត្រូវយល់ពីបរិបទទីផ្សារសេរី!
04/06/2021 10:00 am ភ្នំពេញ
ដោយ៖ សុង សុធាវី

វិស័យកសិកម្ម ជាវិស័យមួយអាទិភាព ដែលជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋខ្មែរគ្រប់ស្ថានភាព ពិសេសក្នុងវិបត្តិដូវីដ-១៩នេះ។ ទន្ទឹមនេះ សម្រាប់ដំណាំទុរេនបានជួយលើកស្ទួយជីវភាពរបស់កសិករបានមួយកម្រិតផងដែរ។ បច្ចុប្បន្នដំណាំទុរេនរបស់កសិករខ្មែរនៅតែមានសក្តានុពល និងក្នុងពេលអនាគត។ ចុះបើមានអត្រាអ្នកដាំទុរេនច្រើន និងការហូរចូលទុរេនបរទេសច្រើនលើសលុប តើមានការប្រឈមអ្វីខ្លះ?

ចាប់ពីខែឧសភា ដល់កក្កដា ជារដូវសម្បូរផ្លែទុរេន ដែលមានទាំងពូជទុរេនខ្មែរ និងពូជទុរេននាំចូលពីបរទេស។ អំឡុងពេលនេះ អាជីវករ ឬ ម្ចាស់ជំនួញដែលប្រកបរបរនេះ តែងតែរិះរកគន្លឹះធ្វើឱ្យផលិតផលខ្លួន លក់ដាច់ និងមានការគាំទ្រច្រើនពីអតិដិជន។ លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន បានដាំទុរេនខ្មែរ ជាង៥០០០ដើម រួមមានពូជសណ្តោងគិត ឪខាក នៅលើផ្ទៃដីជាង ២០០ ហិកតា ដែលស្ថិតនៅស្រុកឈូក ខេត្តកំពត។ សហគមន៍ចម្ការស្តេចទុរេន ជាចម្ការដែលមានលក្ខណៈ ជាកសិ-ទេសចរណ៍ និងអេកូទេសចរណ៍សម្បូរបែប។



លោក ឃឹម ប៊ុនឡែន តែងប្រើគន្លឹះជាច្រើន ដើម្បីឈរជើងបានក្នុងរបរនេះ និងអាចប្រកួតប្រជែងជាមួយទុរេនពីតាមបណ្តាខេត្តផ្សេងៗ ជាពិសេសទុរេននាំចូលពីបរទេស។ ការចាប់អាជីវកម្មដំបូង លោក ឃឹម ប៊ុនឡែន បានចេញលក់ទុរេនមួយឆ្នាំ ដើម្បីយកបទពិសោធន៍ និងបានប្រើប្រាស់ទុនហិរញ្ញវត្ថុច្បាស់លាស់។ បន្ថែមលើនេះ ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេនរូបនេះ ក៏បានសិក្សាពីឥរិយាបទទីផ្សារ ឱកាស បញ្ហាប្រឈមផ្សេងៗ ដោយសារទុរេនខ្មែរ ពិបាកដាំ ចំណាយច្រើន បើធៀបទៅនឹងប្រទេសជិតខាង។

«តែទុរេនខ្មែរមានរសជាតិឈ្ងុយឆ្ងាញ់ មានលក្ខណៈធម្មជាតិ និងមានអារម្មណ៍ថាសុវត្ថិភាពក្នុងការញាំ»។ នេះគឺជាការលើកឡើងរបស់លោក ប៊ុនឡែន ដោយលោកបន្ដថា ទុរេនខ្មែរនៅតែមានសក្តានុពលទាំងបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែរដ្ឋាភិបាលគួរទប់ស្កាត់ទុរេនពីបរទេស ដើម្បីឱ្យផលិតផលក្នុងស្រុកអាចងើបឡើង និងនាំចេញទៅក្រៅ។ 


លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន

ដើម្បីជំរុញការលក់ឱ្យមានការកើនឡើង លោក ឃឹម ប៊ុនឡែន បានប្រើយុទ្ធសាស្រ្តជំរុញការលក់ទុរេន គឺទទួលទានទុរេនខ្មែរស្មើនឹងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងជួយផ្តល់ឱកាសការងារក្នុងស្រុក ពិសេសត្រូវពង្រឹងគុណភាព ផ្តល់សេវាកម្មល្អ និងមានគុណធម៌។ ទន្ទឹមនឹងនេះ ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពតរូបនេះ ក៏បានបង្ហាញពីរបៀបមើលទុរេនខ្មែរ ដោយទុរេនខ្មែរមានសណ្តង់វែងពីរតង់ រូបរាងទ្រវែងមិនសូវស្អាត និងមានបន្លាស្រួចវែង។ 

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី ជាមួយលោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន ក្នុងកម្មវិធី «អាជីវកម្មជំនាន់ថ្មី» ស្តីពីគន្លឹះ Start up និងសក្តានុពលទុរេនខ្មែរដូចតទៅ៖ 

 

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើតស្ថានីយបង្កាត់ពូជ និងពង្រីកការដាំទុរេនក្នុងស្រុកបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជា និងការនាំចេញ។ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេន ៥ ២៨៩ហិកតា ដោយផ្ទៃដីប្រមូលផលចំនួន ៣ ៤០៣ហិកតា និងបរិមាណផលប្រមាណ ៣៦ ៦៥៦តោន ក្នុងមួយឆ្នាំ៕
 
ដោយ៖ សុង សុធាវី © រក្សាសិទ្ធិដោយ thmeythmey25.com