Thmey Thmey 25
អាល់កុលក្លែងក្លាយជិត១២តោន ត្រូវបានអាជ្ញាធរបំផ្លាញចោល
13/05/2021 9:00 am ភ្នំពេញ ភ្នំពេញ៖ អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត១២តោន ដែលមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(CCF) នៃក្រសួងពាណិជ្ជកម្ម រឹបអូសបានពីទីផ្សារ និងបំផ្លាញចោល នៅទីលានចាក់សំរាមនៅក្នុងខណ្ឌដង្កោ។  លោក ផាន អូន អគ្គនាយក ក.ប.ប បានបញ្ជាក់ថា អាល់កុលក្លែងក្លាយជិត១២តោននេះ គឺរឹបអូសបានពីទីផ្សារ ឃ្លាំងស្តុក និងឱសថស្ថាននានា នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលផ្ទុះព្រឹត្តការណ៍២០កុម្ភៈ។
 
លោក ផាន អូន បានពន្យល់ថា សារធាតុគីមីមេតាណុល ដែលមាននៅក្នុងអាល់កុល ជាសារធាតុពុលដែលមនុស្សច្រើន ប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ លោក ផាន អូន បានបញ្ជាក់ថា ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើផងដែរ។ 
 
ផលប៉ះពាល់សុខភាពនោះរួមមាន៖ ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
 
អគ្គនាយកដ្ឋាន ក.ប.ប រូបនេះ បានអំពាវនាវដល់អាជីវករ, ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ ត្រូវធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពប្រជាពលរដ្ឋខ្ពស់ ជាងផលចំណេញរបស់ខ្លួន។
 
ជាមួយគ្នានេះ លោកក៏បានស្នើដល់សាធារណជនដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តទិញអាល់កុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ៕  

 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com