Thmey Thmey 25
រមណីយដ្ឋាន«ទំនប់ស្លា» ពីអាងស្កុកទឹក ក្លាយជាទីទេសចរណ៍ពេញនិយម នៅខេត្តកំពង់ស្ពឺ
13/06/2021 11:00 am ភ្នំពេញ រូបភាពពី ហ្វេសប៊ុក រមណីយដ្ឋានទំនប់ស្លា 
ភ្នំពេញ៖រមណីយដ្ឋាន«ទំនប់ស្លា»កំពុងបញ្ចេញសម្រស់របស់ខ្លួនជាមួយសួនផ្កាចម្រុះពណ៌ជាច្រើនប្រភេទ រំលេចទៅដោយទឹកទំនប់ល្វឹងល្វើយ អមជាមួយព្រៃភ្នំខៀវស្រងាត់ បានបង្កើតជាទីទេសចរណ៍ដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរលម្ហែកាយ។ មានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ រមណីយដ្ឋាននេះស្ថិតនៅក្នុងនៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
 

ពីអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ការធ្វើកសិកម្មរបស់ពលរដ្ឋ ទំនប់ស្លាបានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ពេញនិយមថ្មីមួយ ក្រោយមានការកែច្នៃដោយពលរដ្ឋក្នុងតំបន់។  ពល​រដ្ឋបាននាំគ្នារៀបចំដាំផ្កាជាច្រើនប្រភេទចម្រុះពណ៌គ្នាក្នុងទំហំដី១ហិកតា មានដូចជាផ្កាស្បៃរឿង ផ្កាប្រាំពីរពណ៌ ​និងផ្កាឈូរ័ត្ន ផងដែរ។ លើសពីនេះ ក៏មានរៀបចំស្ពានស្នេហ៍ កញ្ចុះសម្រាប់អង្គុយលេង និងទូកកាយ៉ាកជិះលេងកម្សាន្ត។


រូបភាពពី ហ្វេសប៊ុក រមណីយដ្ឋានទំនប់ស្លា 

លោក ឡាយ សុភ័ក្រ ជាម្ចាស់ហ្វេសប៊ុក រមណីយដ្ឋានទំនប់ស្លា និងជាពលរដ្ឋរស់នៅទីនោះ បានឱ្យដឹងថា រមណីយដ្ឋាន ទំនប់ស្លា ត្រូវបានបង្កើតឡើងដោយពលរដ្ឋក្នុងសហគមន៍ នៅចុងឆ្នាំ២០២០។ បុរសវ័យ២៦ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeythmey25 ដូច្នេះ៖« ក្រោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ មិនត្រូវការបើកបង្ហូរទៅណា ទឹកទំនប់ក៏បានចាប់ផ្តើមថ្លា មានពណ៌ខៀវ។ បងប្អូននៅក្នុងតំបន់ក៏បានចាប់អារម្មណ៍មកលេងច្រើន និងនាំគ្នាងូតទឹកលេងកម្សាន្តផង។ នៅពេលឃើញថា បងប្អូននាំគ្នាមកលេងច្រើន មានភាពអ៊ូរអរ ពលរដ្ឋក្នុងតំបន់ក៏នាំគ្នារៀបចំដាក់ទូកកាយ៉ាក រៀបចំសួនផ្កា និងបង្កើតសកម្មភាពកម្សាន្តកាន់តែច្រើន»។

លោកបន្ថែមថា ចំពោះការចូលទស្សនាសួនផ្កា គឺមានតម្លៃ ២ពាន់រៀលក្នុងម្នាក់ ដោយពួកគាត់អាចចូលថតរូបលេង បានដោយសេរី។ ចំពោះ ការអង្គុយលេងក្នុងកញ្ចុះ មិនគិតថ្លៃសេវាឡើយ បើភ្ញៀវបញ្ជាទិញ អាហារពីម្ចាស់កញ្ចុះ។ ប៉ុន្តែបើយកម្ហូបពីក្រៅមក ត្រូវគិតថ្លៃ ១ម៉ឺនរៀល សម្រាប់ការជួលមួយថ្ងៃ។   
 
រូបភាពពី ហ្វេសប៊ុក រមណីយដ្ឋានទំនប់ស្លា 

ក្នុងបរិបទកូវីដ-១៩​ រមណីយដ្ឋាន«ទំនប់ស្លា» នៅតែមានមនុស្សទៅលេងកម្សាន្តមិនដាច់ឡើយ ប៉ុន្តែមិនបើកទទួលភ្ញៀវទេសចរទូលាយដូចមុនឡើយ។ 
ចំពោះភ្ញៀវណាដែលមិនពាក់ម៉ាស់ នឹងមិនអនុញ្ញាតឲ្យចូលឡើយ ហើយកញ្ចុះនីមួយៗ គឺមានអាលកុលគ្រប់ទាំងអស់ និងត្រូវរក្សាការពារតាមវិធានការ ៣កុំ ៣ការពារ ផងដែរ។ 

បន្ទាប់ពីមានការចាប់អារម្មណ៍ច្រើនពីអ្នកទៅលេងកម្សាន្ត លោក សុភ័ក្រ បានបញ្ជាក់ថា ពលរដ្ឋនៅសហគមន៍ ក៏កំពុងរៀបចំបឹងកាឡូ សម្រាប់ទទួលភ្ញៀវទេសចរមកសម្រាកលំហែកាយផងដែរ បាន៤០ភាគរយហើយ៕​


រូបភាពពី ហ្វេសប៊ុក រមណីយដ្ឋានទំនប់ស្លា 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com