Thmey Thmey 25
៤ខែ កម្ពុជារកចំណូលបាន ២ពាន់លានដុល្លារពីការនាំចេញកសិផល  
03/05/2021 4:30 pm ភ្នំពេញ រយៈពេល៤ខែ កម្ពុជាបាននាំចេញកសិផលចំនួន ៣,៨២៦ ,៤៣២តោន ទៅកាន់ប្រទេសចំនួន ៥៤។ ការនាំចេញកសិផលនេះ គិតជាទឹកប្រាក់ មានទំហំ ២ ,០៩១ ,១៦៦ ,០១៦ដុល្លារ។ នេះបើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ របស់នាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។

បើតាមប្រភពដដែល បរិមាណនៃការនាំចេញកសិផលជាង៣លានតោននេះ មានការកើនឡើងចំនួន ១ ,៧៨៤ ,០០៦តោន(៨៧,៣៥ភាគរយ) បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានការនាំចេញកសិផលត្រឹមចំនួន ២ ,០៤២ ,៤២៦តោន។

ការនាំចេញអង្កររយៈពេល ៤ខែ ក្នុងឆ្នាំ២០២១ មានបរិមាណ ១៩២, ៤៩៥តោន គិតជាទឹកប្រាក់ ១៦១ ,៦៩៥, ៨០០ដុល្លារអាមេរិក។ តួលេខនេះ មានការថយចុះ៣៥,៨៩ភាគរយ បើប្រៀបធៀបដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៣០០, ២៥២តោន ។

ដោយឡែកការនាំចេញស្រូវវិញ មានបរិមាណ ១, ៥២៩ ,២៨០តោន ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់ចំនួន ២២១, ២៨៨, ២៩០ដុល្លារអាមេរិក កើនឡើង៧៣,១៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមាន៨៨៣ ,២៣២តោន ។

រីឯការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ វិញ មានបរិមាណ ២, ៨១៧ ,៤៨៥តោន គិតជាទឹកប្រាក់ ១ ,៥៨០, ៩៤៦, ៤០៦ដុល្លារអាមេរិក បើប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន ១ ,៧១៣ ,៣២៤តោន មានការកើន ៦៤,៤៥ភាគរយ។

បន្ថែមលើនោះកម្ពុជាក៏ទទួលបានចំណូល ១២៧, ២៣៥, ៥១៩ដុល្លារអាមេរិក ពីការនាំចេញផ្នែកកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្មផងដែរ៕




 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com