Thmey Thmey 25
វ័យ៥០ឆ្នាំ លោក ម៉ិ ឡូ បន្តឡើងត្នោតដើម្បីធ្វើស្ករត្នោតលក់នៅតំបន់អង្គរ
02/08/2021 2:00 pm សៀមរាប ស្រុកបន្ទាយស្រី, សៀមរាប៖ ២៧ឆ្នាំ រស់ដោយសារប្រកបរបរឡើងត្នោត លោក ម៉ិ ឡូ ក៏នៅតែចិញ្ចឹមចិត្តបន្តរបរនេះរហូតកម្លាំងចុងក្រោយ។ មកដល់វ័យជិត៥០ឆ្នាំ លោក ម៉ិ ឡូ ដែលជាអ្នកប្រកបរបរឡើងត្នោតម្នាក់ ក្នុងចំណោមប្រជាជនដែលប្រកបរបរនេះនៅភូមិតាកុះ ឃុំព្រះដាក់ បានតស៊ូរាប់រងចិញ្ចឹមគ្រួសារដែលមានកូនប្រាំនាក់យ៉ាងសមរម្យ។

 
របរឡើងត្នោតនេះ ជារបរដែលហត់នឿយខ្លាំង តែដោយសារលោកពុំមានជម្រើសអ្វីផ្សេង លោកសម្រេចចិត្តយកអាជីពនេះដើម្បីចិញ្ចឹមគ្រួសារ។ របរធ្វើស្ករត្នោតនេះ ចាប់ផ្ដើមតាំពីព្រលឹមរហូតដល់ម៉ោង៨ឬ៩យប់ទើបចប់សព្វគ្រប់ ព្រោះមួយថ្ងៃត្រូវឡើងប្រមូលទឹកត្នោតពីរដង ព្រឹកព្រលឹមម្ដង និងរសៀលម៉ោង៣ម្ដង។ 

«របរឡើងត្នោតគឺនឿយច្រើនគ្នា មានគ្នាប្រាំនាក់ នឿយទាំងប្រាំនាក់។ ខ្លះលាងបំពង់ ខ្លះរកអុស ខ្លះធ្វើនេះធ្វើនោះ ទាល់តែជួយគ្នាទើបបាន។ បើយើងអត់ជួយគ្នា យ៉ាប់ហើយ! ឈ្លោះគ្នាឥឡូវហើយ អ្នកឡើងត្នោត!» នេះជាសម្ដីអះអាងរបស់លោក ម៉ិ ឡូ។ 

ជារៀងរាល់ឆ្នាំ លោក ម៉ិ ឡូ តែងតែជួលដើមត្នោតរបស់អ្នកដែលរស់នៅក្នុងភូមិជាមួយលោក ប្រមាណពី២៥ ទៅ៣០ដើម។ ជាមធ្យម ទិន្នផលស្ករត្នោតដែលលោកទទួលបានជារៀងរាល់ថ្ងៃ ចន្លោះពី១២ទៅ១៣គីឡូក្រាម។ 

គ្រួសារលោក ម៉ិ ឡូ ផលិតទាំងស្កររាវ (ស្ករខាប់) ស្ករផែន និងស្ករម្សៅ (ស្ករហុយ)។ តម្លៃលក់ស្ករទាំងបីប្រភេទនេះ ៥០០០រៀល(ប្រាំពាន់រៀល)ក្នុងមួយគីឡូ។ តម្លៃនៃការជួលដើមត្នោត ១ដើម ២០០០០រៀល (ពីរម៉ឺនរៀល)ក្នុងមួយឆ្នាំ។ «ជួលគេ មួយដើម២ម៉ឺនក្នុងមួយឆ្នាំ។ កើតក៏គេគិតលុយ មិនកើតក៏គេគិតលុយ។ អ្នកខ្លះ គេយកលុយ អ្នកខ្លះគេយកស្ករ។ បើគេយកស្ករ មួយដើម ៥គីឡូ» នេះបើតាមការប្រាប់ឲ្យដឹងពីលោក ម៉ិ ឡូ។

តាមបទពិសោធន៍ក្នុងការរស់នៅកន្លងមកជាមួយអាជីពធ្វើស្ករត្នោតដែលចាប់ផ្ដើមតាំងពីអាយុម្ភៃឆ្នាំមក លោក ម៉ិ ឡូ បានរៀបរាប់ថា ៖ «រស់ស្រួល! កូនបានរៀនសូត្រចប់ទាំងអស់ ហើយបានចងដៃចងជើងគេយ៉ាងស្រួល(ចូលរួមពិធីបុណ្យ ការផ្សេងៗ)។»

ដ្បិតរបរនេះមានការហត់នឿយ និងប្រឈមគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅដើមរដូវវស្សាមកដល់ ភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម តែលោក ម៉ិ ឡូ នៅតែអះអាងថាលោកមិនបោះបង់របរនេះចោលឡើយ និងបន្តធ្វើរហូតកម្លាំងចុងក្រោយ។ លោកបានបញ្ជាក់ថា ៖ «អាជីពនេះ អត់ចង់ចោល មិនដឹងទៅរកមុខរបរអីផ្សេងផង។ ប៉ុននេះហើយ មិនលះបង់ទេ ឲ្យតែនៅកម្លាំង»៕
 
ដោយ៖ ឡុង តូន © រក្សាសិទ្ធិដោយ thmeythmey25.com