Thmey Thmey 25
ខេត្តស្ទឹងត្រែង៖ អំណោយផលសម្រាប់ជីវិតនៅតាមដងទន្លេមេគង្គដ៏អស្ចារ្យ
27/04/2021 2:00 pm ភ្នំពេញ ខេត្តស្ទឹងត្រែង មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា នៅប៉ែកខាងត្បូងនៃព្រំដែនប្រទេសឡាវ គឺជាតំបន់មួយដែលសម្បូរទៅដោយធនធានធម្មជាតិ មានព្រៃឈើ សត្វព្រៃ រ៉ែ និងមច្ឆជាតិជាច្រើនប្រភេទ ច្រើនជាងខេត្តដទៃទៀតក្នុងប្រទេស។ ទន្លេមេគង្គ ហូរឆ្លងកាត់ព្រំដែនប្រទេសឡាវ មកជួបគ្នានឹងទន្លេសេកុង នៅទីរួមខេត្តស្ទឹងត្រែង ដែលជាទីប្រសព្វជាមួយទន្លេសេសាន និងស្រែពក។ ទន្លេមេគង្គ ចាប់ពីភាគខាងត្បូងព្រំដែនប្រភេទឡាវ
ប្រវែង ៣៧ គីឡូម៉ែត្រដល់ទីរូមខេត្តស្ទឹងត្រែង ត្រូវបានគេកំណត់ជាតំបន់រ៉ាមសារ ឬតំបន់ដីសើម ដែលមានសារៈសំខាន់យ៉ាងពិសេស។ តំបន់នេះ គឺជាទីជម្រក​របស់​មច្ឆាប្រភេទធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទ។

 
រៀងរាល់ថ្ងៃ នាពេលព្រឹក ត្រីជាច្រើនប្រភេទ មានតូចមានធំ ត្រូវបានអ្នកនេសាទមកពីគ្រប់ទិសទីទូទាំងខេត្ត ជាពិសេសយកចេញពីតំបន់រ៉ាមសារក្នុងទន្លេមេគង្គ បានយកមកដាក់លក់នៅផ្សារត្រីខេត្តស្ទឹងត្រែង។ ក្រៅពីត្រី ប្រជាកសិករនៅក្នុងខេត្ត ក៏នាំបន្លែជាច្រើនប្រភេទមកលក់នៅផ្សារនេះ ដូចមានរូបភាពបង្ហាញស្រាប់។ ទឹកទន្លេមេគង្គ បានជួយឱ្យបន្លែបង្ការទាំងអស់នេះលូតលាស់បាន។ ឧទាហរណ៍ទាំងនេះ បានបញ្ជាក់ច្បាស់ថា ទន្លេមេគង្គពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស មច្ឆជាតិ និងសត្វផ្សេងៗទៀត រីកចម្រើនលូតលាស់។ «ទន្លេមេគង្គ គឺជាទន្លេនៃជីវិតសម្រាប់ប្រទេសកម្ពុជា»៕  
 
ដោយ៖ ឈុត ឈាណា USAID / Wonders of the Mekong   © រក្សាសិទ្ធិដោយ thmeythmey25.com