Thmey Thmey 25
ហ្វូងសត្វរមាំងសរុប៧ក្បាល បង្ហាញខ្លួនក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ
25/04/2021 5:00 pm ភ្នំពេញ ភ្នំពេញ៖ សត្វរមាំងយ៉ាងហោចណាស់៧ក្បាល ក្នុងនោះ មានសត្វរមាំងពេញវ័យ៤ក្បាល និងវ័យជំទង់ ចំនួន២ក្បាល ព្រមទាំងកូនរមាំង១ក្បាល ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃសំបូរខេត្តក្រចេះ។ បើតាមទំព័រហ្វេសប៊ុករបស់អង្គការ WWF ហ្វូងសត្វរមាំងទាំងនេះ ត្រូវបានថតដោយមាស៊ីនស្វ័យប្រវត្តិ របស់ក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថានខេត្តក្រចេះ  និងអង្គការ WWF កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សម្រាប់អង្គការ WWF វត្តមានរបស់សត្វរមាំងមួយហ្វូងនេះ ជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះ កំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ ។

ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរ ពីប្រជាជនមូលដ្ឋាន នៃក្រុមល្បាតសហគមន៍ ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។ នេះបើតាមអង្គការ WWF ដោយបានបញ្ជាក់ទៀតថា ក្រុមការងារ បានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗចំនួន១១កន្លែង ដែលជាទីម្រករបស់សត្វរមាំង នៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្ត ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។

អង្គការ WWF បានបង្ហាញសុទិដ្ឋិនិយមចំពោះការកត់ត្រា នៃសត្វរមាំងនាពេលនេះថា បានផ្តល់ជាព័ត៌មាន និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀត ដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះ នៅក្នុងដែនជម្រក កាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រ ដល់ការរស់រានមានជីវិតតទៅអនាគត ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ៕
 



 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com