Thmey Thmey 25
រយៈពេល៣ថ្ងៃ ខេត្តព្រះសីហនុរកឃើញវិជ្ជមានកូវីដ-១៩ ២០០ករណីបន្ថែមទៀត ដែលជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធ 
23/04/2021 9:00 pm ព្រះសីហនុ  រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ មេសា ខេត្តព្រះសីហនុ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០០នាក់បន្ថែមទៀត ដែលជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធអាជីវករផ្សារលើ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា នៅថ្ងៃទី២១មេសា រកឃើញមានករណីកូវីដ-១៩ ចំនួន៨១នាក់។ ថ្ងៃទី២២ មានចំនួន ៨៥នាក់ និងថ្ងៃទី២៣ មានចំនួន ៣៤នាក់។ អ្នកទាំងនោះជា អាជីវករផ្សារលើ ពលរដ្ឋរស់នៅ សង្កាត់លេខ១ដល់លេខ៤ និង​ពលរដ្ឋនៅឃុំព្រៃនប់។ 

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយអាជីវករផ្សារលើ ប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ-១៩ នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)។ លើសពីនេះ ពលរដ្ឋត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ រយៈពេល១៤ថ្ងៃ និងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៣មេសានេះ អាជ្ញាធរព្រះសីហនុបានដាក់ ភូមិចំនួន ៥ គឺភូមិ១ ភូមិ២ ភូមិ២ ភូមិ៤ និងភូមិ៥ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជា«តំបន់ក្រហម» បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលធ្ងន់ធ្ងរក្នុងតំបន់នេះ។ ក្រៅពីដាក់ភូមិទាំង៥នេះជាតំបន់ក្រហម អភិបាលខេត្ត ក៏បានបិទខ្ទប់ព្រះសីហនុ ២សប្តាហ៍ ចាប់ពីថ្ងៃទី២៣មេសា  ដល់ថ្ងៃទី៦ឧសភាដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

មកដល់ពេលនេះកម្ពុជាមានឆ្លងកូវីដ-១៩ រហូតដល់ ៨,៨៤៨នាក់ ដោយនៅក្នុងនោះ មាន ៨,៣០១នាក់ ជាអ្នកឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈ។ អ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន៣,១៤៨នាក់ខណៈមាន៦១នាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ៕ 


 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com