Thmey Thmey 25
​​ស្ត្រីមានផ្ទៃពោះ៨ខែ​ម្នាក់ ​ស្ថិតក្នុងចំណោម​អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់នៅកំពត
21/04/2021 5:00 pm កំពត
ស្ត្រីម្នាក់ ដែលមានផ្ទៃពោះ ៨ខែ ស្ថិតក្នុងចំណោម​អ្នកវិជ្ជមានកូវីដ-១៩ សរុប៣នាក់ ដែលប្រកាសដោយរដ្ឋបាលខេត្តកំពតនៅថ្ងៃទី ២១មេសានេះ។ ចំណែកហើយស្ត្រីម្នាក់ទៀតជាអ្នកលក់បន្លែ ដែលឡើងចុះកំពត-ព្រះសីហនុរាល់ថ្ងៃ។ ចំណែកម្នាក់ទៀតជាបុរស និងជាអ្នកបើករថយន្តដឹកអ្នក​ដំណើរភ្នំពេញ-កំពត។

រដ្ឋបាលខេត្តកំពត បានប្រកាសថា អ្នកកំពត៣នាក់ទៀត បានតេស្តវិជ្ជមានកូវីដ-១៩ នៅ​ថ្ងៃទី២០មេសា។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពត ចេញផ្សាយនៅថ្ងៃទី ២១មេសានេះ ក្នុងចំណោមអ្នកវិជ្ជមានទាង៣នាក់នោះ មានម្នាក់ជាស្ត្រីវ័យ២៤ ដែលកំពុងពពោះ៨ខែ។ ស្ត្រីរូបនេះ មានលំនៅក្នុងភូមិដើមស្នាយ ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត។ 

អ្នកជំងឺរូបនេះ បានថ្លែងប្រាប់ Thmeythmey25 ពីមន្ទីរពេទ្យខេត្តកំពត ដែលខ្លួនកំពុង​ សម្រាកព្យាបាលព្យាបាល ក្រោមការមើលថែ​របស់ក្រុមគ្រូពេទ្យថា កូនក្នុងផ្ទៃរបស់ខ្លួនជាកូនប្រុស ហើយ​ដែលអាច​នឹងសម្រាលនៅចុងខែឧសភាខាងមុខ។
ស្ត្រីរូបនេះ បានឱ្យដឹងទៀតថា នាង ក៏មានកូនស្ត្រីម្នាក់ទៀតដែឬ អាយុជិត៤ឆ្នាំ ដែលស្នាក់នៅជាមួយនឹងលោកយាយរបស់គេ។ ចំណែកឯប្តីរបស់គាត់ កំពុងធ្វើចត្តាឡីស័ក និងរង់ចាំការយកសំណាកវិភាគរកជំងឺកូវីដ-១៩ នៅពេលខាងមុខទៀត។

ចំណែកម្នាក់ទៀតជាស្ត្រី វ័យ៣៩ឆ្នាំ ជាអ្នកដើរទិញបន្លែ នៅភូមិតេជោក្បាលដំរី យកមកលក់នៅផ្សារលើ ខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ។ ស្ត្រីរូបនេះ រស់នៅ​ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នគាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន កោះស្លា(៣១៧)។ នេះបើតាមរដ្ឋបាលខេត្តកំពត ដោយបញ្ជាក់ទៀតថា អ្នកវិជ្ជមានម្នាក់ទៀត ជាបុរសវ័យ ៤២ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងជាអ្នកបើករថយន្តដឹកអ្នកដំណើរភ្នំពេញ-កំពត ។ អ្នកជំងឺរូបនេះ ​ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។

ដ្បិតរដ្ឋបាលខេត្តបានទទួលតួលេខអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ កាលពីថ្ងៃទី២០មេសាក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាល បានប្រកាសថា ខេត្តកំពតមានអ្នកកើតជំងឺកូវីដ-១៩ តែ២នាក់ ប៉ុណ្ណោះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃទី២១ មេសារបស់ខ្លួន។

តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាល កម្ពុជាមានករណីកូវីដ-១៩ សរុប ៧ ៧៤៧ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៧ ២០២ករណី។ អ្នកសះស្បើយមានចំនួន ២ ៧៩៤ ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់។ កម្ពុជានៅមានអ្នកជំងឺ ៤ ៨៩៣នាក់ ក្នុងនោះ ២ ៤១៦នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល ខណៈអ្នកព្យាបាលនៅផ្ទះ នៅសល់ចំនួន ១៥នាក់៕



 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com