Thmey Thmey 25
ក្រោយមានភ្លៀងធ្លាក់ សត្វស្លាបនៅ​ទួលព័ន្ធតាឡី មានងាប់តែ ២-៣ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ
20/04/2021 2:00 pm ព្រៃវែង
ភ្នំពេញ៖ រយៈពេលជាង១ខែ គិតចាប់ពីថ្ងៃទី១៧ មីនា ដល់ថ្ងៃទី១៩ មេសា ឆ្នាំ២០២១ សត្វស្លាបនៅតំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ងាប់អស់ជាង២ពាន់ក្បាល ដោយសារជំងឺផ្ដាសាយបក្សី A/H5N1។មកទល់ពេលបច្ចប្បន្ន សត្វស្លាបទាំងនោះ លែងងាប់ទៀតហើយ ព្រោះអាកាសធាតុត្រជាក់ មានភ្លៀងធ្លាក់ខ្លះ បានបង្ហូរកាកសំណល់អាចម៍សត្វ ដែលអាចបង្ករជាមេរោគកើតជាជំងឺដល់សត្វក្នុងទីតាំងនោះ។ នេះបើតាមលោក នួន សារ៉េត អនុប្រធានតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី។

រយៈពេល៤-៥ថ្ងៃចុងក្រោយនេះ សត្វស្លាបដែលងាប់ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបានថយចុះមកងាប់ត្រឹម ២-៣ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំនួននេះគឺបញ្ជាក់ថា សត្វស្លាបដែលងាប់នៅទីនោះ ធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងពេលកន្លងទៅងាប់ជាង១០០ក្បាលក្នុងមួយថ្ងៃ។



លោក នួន សារ៉េត បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទដូច្នេះថា៖«កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា សត្វងាប់តែ៣ក្បាលទេក្នុងមួយថ្ងៃ។ ហើយមកដល់ឥឡូវ ចាប់ពី១៧មក លែងមានសត្វងាប់ទៀតហើយ ឈឺ សំកុក អីក៏លែងមានដែរ។ មកដល់ថ្ងៃនេះងាប់អស់តែ២០០៩ក្បាលទេ»។

អនុប្រធានរូបនេះ មិនអាចបញ្ជាក់ពីកត្តាចម្បងដែលធ្វើឲ្យសត្វជាសះស្បើយដែរ តែលោក បានរៀបរាប់ដូច្នេះថា លោក មិនដឹងឡើយថាជំងឺផ្ដាសាយបក្សីនោះបង្កពីអ្វីឲ្យប្រាកដ អាចមកពីអាកាសធាតុក្ដៅខ្លាំង និងសត្វពុលក្លិនអាចម៍របស់វាជាដើម។ ក្រោយពេលអាកាសធាតុចាប់ផ្ដើមត្រជាក់បន្តិច សត្វក៏កាត់បន្ថយពីងាប់ច្រើនមកងាប់តិច ហើយនៅពេលមានភ្លៀងធ្លាក់បង្ហូរអាចម៍វាចេញ និងលែងមានក្លិន សត្វក៏លែងងាប់។ 


លោក បញ្ជាក់បន្ថែមថា ទោះបីបច្ចុប្បន្នសត្វលែងងាប់ក៏ពិតមែន ប៉ុន្តែអាជ្ញាធរ មិនទាន់បានអនុញ្ញាតឲ្យពលរដ្ឋ​ ឬភ្ញៀវទេសចរចេញចូល ឬឆ្លងកាត់តំបន់នោះនៅឡើយទេ។ អ្នកគ្រប់គ្រងតំបន់នោះ បន្តតាមដានសត្វស្លាប និងសម្អាតទឹកនៅទីនោះផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមសត្វស្លាបដែលងាប់ចំនួន ២០០៩ក្បាល ក្នុងតំបន់ទួលព័ន្ធតាឡី ដែលស្ថិតក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានដូចជា សត្វចង្កៀលខ្យង ក្អែកទឹក កុកគ្រោងមធ្យម ខ្វែក ត្រយ៉ងខ្លួនរលោង និងសត្វអូដ្ឋស្បូវ។ សត្វដែលងាប់ច្រើនជាងគេគឺសត្វចង្កៀលខ្យង ចំនួន២០០២ក្បាល។ នេះបើតាមរបាយការណ៍ស្រង់ទិន្នន័យចំនួនសត្វស្លាបងាប់ របស់មន្ទីរបរិស្ថានខេត្តព្រៃវែង៕
 
ដោយ៖ ផាត​ ដាណេ

 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com