Thmey Thmey 25
ចូលឆ្នាំខ្មែរ៖ ជាង១០ឆ្នាំហើយ ដែលគ្រួសារអ្នកស្រី សេង ចាន់ពិសី តុបតែងផ្ទះបង្ហាញអត្តសញ្ញាណខ្មែរ
15/04/2021 4:00 pm ភ្នំពេញ
ភ្នំពេញ៖ អ្នកស្រី សេង ចាន់ពិសី តែងតែយកសម្ភារបុរាណខ្មែរមកតាំងលម្អផ្ទះ នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ។ បើតាមអ្នកស្រី ពិសី ការតុបតែងបែបនេះ គឺដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ និងជាសោភណ្ឌភាព ទាក់ទាញអារម្មណ៍ ។

ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកស្រី សេង ចាន់ពិសី តុបតែងបរិវេណខាងមុខផ្ទះ ដោយមានព្យួរគោមផ្កាយ ក្រមា អង្រុតតូច-ធំ មួកស្លឹកត្នោត អមដោយពន្លឺភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ រយៈពេល២ឆ្នាំហើយ ដែលជំងឺកូវីដ-១៩ បានកើតមានឡើង ស្របពេលនឹងពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែក៏មិនអាចបង្អាក់ការរៀបចំផ្ទះតាមបែបប្រពៃណី ដែលធ្វើឡើងរៀងរាល់ឆ្នាំរបស់អ្នកស្រី ពិសី បានឡើយ។

អ្នកស្រី សេង ចាន់ពិសី បានរៀបរាប់ពីមូលហេតុ ដែលអ្នកស្រីតុបតែងផ្ទះនៅថ្ងៃចូលឆ្នាំ ព្រោះដោយសារ ចង់បង្ហាញពីអ្វីដែលអត្តសញ្ញាណជាតិ ពិសេសគឺក្រមាខ្មែរ រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀតផងដែរ។«ផ្ទះខ្ញុំតុបតែងហ្នឹងគឺតែពេលចូលឆ្នាំខ្មែរទេ។ ហើយណាមួយទៀត ខ្ញុំស្រឡាញ់របស់បុរាណអស់ហ្នឹង ពេលដែលយើងតែងអ៊ីចឹងទៅ ដូចជាថែវប្បធម៌ដែលទទួលទេវតាឆ្នាំថ្មី និងអបអរ ជុំគ្រួសារបងប្អូន»។ នេះបើតាមអ្នកស្រី ចាន់ពិសី។



សម្រាប់អ្នកស្រី ពិសី ការតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ គឺបានរៀបចំជាង១០មកហើយ ដោយអនុវត្តបន្តពីម្ដាយឪពុកខ្លួន។ ចំពោះគ្រួសារអ្នកស្រី ពិសី យល់ថាការរៀបចំលម្អផ្ទះបែបនេះ ក្នុងថ្ងៃចូលឆ្នាំ គឺវាបង្ហាញពីការស្រឡាញ់នូវអត្តសញ្ញាណជាតិ ។ ម្យ៉ាងវិញទៀតការរៀបចំបែបនេះ ក៏ជាការទាក់ទាញអារម្មណ៍មួយ សម្រាប់ការជួបជុំគ្រួសារ នៅក្នុងឱកាសពិសេសនេះដែរ។

«នៅពេលរៀបចំផ្ទះអ៊ីចឹងទៅ អ្នកក្នុងគ្រួសារ បងប្អូន បានពេលហ្នឹងជុំគ្នា និយាយគ្នាលេង ញាំអីជុំគ្នា និងបង្កើនទំនាក់ទំនងក្នុងគ្រួសារដែរ។ ពេលរៀបចំអ៊ីចឹងទៅ វាដូចផ្ទះយើងមានកម្មវិធីដែរអ៊ីចឹង ហើយទៅម្នាក់នៅផ្ទះ មិនសូវចេញក្រៅ»។ នេះជាការលើកឡើងរបស់អ្នកស្រី ពិសី។



ជាអ្នករស់នៅភ្នំពេញ អ្នកស្រី សេង ចាន់ពិសី តែងតែរក្សាទុកសម្ភារលម្អទាំងនោះ ក្រោយចប់ពិធីចូលឆ្នាំខ្មែរ ដើម្បីទុកសម្រាប់យកមកតុបតែងលម្អនៅឆ្នាំក្រោយទៀត ព្រោះតែមិនចង់ចំណាយច្រើនលើសម្ភារលម្អនេះ៕



ដោយ៖ ផាត ដាណេ 
 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com