Thmey Thmey 25
មន្ទីរកសិកម្មត្បូងឃ្មុំ ណែនាំកសិករជ្រើសពូជដំឡូងមីពូជម៉ាឡេ KU50 ព្រោះធន់នឹងអាកាសធាតុ និងផ្ដល់ទិន្នផលខ្ពស់
11/04/2021 12:00 pm ត្បូងឃ្មុំ ដំឡូងមី ជាដំណាំពេញនិយមមួយប្រភេទ សម្រាប់កសិករក្នុងខេត្តត្បូងឃ្មុំ ដែលដាំដុះបន្ទាប់ពីការងារធ្វើស្រែចម្ការ។ ទោះបីដំឡូងមីត្រូវបានកសិករនៅខេត្តត្បូងឃ្មុំ ដាំដុះច្រើនក៏ដោយ តែរយៈពេល ៥ឆ្នាំចុងក្រោយនេះ ទិន្នផលដំឡូងមីរបស់កសិករ បានធ្លាក់ចុះ ដោយការជ្រើសរើសពូជដាំដុះមិនបានត្រឹមត្រូវ។

ដើម្បីឲ្យកសិករដែលដាំដំឡូងមី អាចទទួលបានទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ និងជំងឺ មន្ទីរកសិកម្មត្បូងឃ្មុំ បានណែនាំឲ្យកសិករជ្រើសរើស ពូជដំឡូងមី ប្រភេទពូជម៉ាឡេ(KU50) ដែលមានភាពធន់ទៅនឹងជំងឺដែលបង្កពីវីរុសម៉ូសាអ៊ិច(CMD) ធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់។

បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២០ ខេត្តត្បូងឃ្មុំមានផ្ទៃដាំដុះដំឡូងមី សរុបប្រមាណ ៥៥ ៤៧៥ហិកតា។ ក្នុងនោះផ្ទៃដីដាំដុះនៅរដូវវស្សា ចំនួន ៥៥ ៣៦០ហិកតា និងផ្ទៃដីដាំដុះនៅរដូវប្រាំង ចំនួន ១១៥ហិកតា ដែលមានទិន្នផលសរុប ១ ០០៣ ៨៥៥តោន។



« នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទិន្នផលដំឡូងមី ធ្លាក់ចុះ ចំនួន២ ៦៦០គីឡូក្រាម ក្នុងមួយហិកតា។ ការធ្លាក់ចុះទិន្នផលនេះ បណ្តាលមកពីការជ្រើសរើសពូជ ដាំដុះរបស់កសិករ នៅមិនទាន់បានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងដោយសារដំឡូងមី ទទួលរងនូវការគំរាមកំហែងពីជំងឺ និងសត្វល្អិតចង្រៃ ពិសេសជំងឺបង្កពីវីរុសម៉ូសាអ៊ិច(CMD)»។ នេះបើតាមមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

ជំងឺបង្កពីវីរុសម៉ូសាអ៊ិច ធ្វើឲ្យត្រួយដំឡូងមីចេញមករួញ ស្លឹកមានទំហំតូច ហើយនៅលើស្លឹកមានស្នាមអុចៗ និងកើតមាននៅគល់ស្លឹក។ ដើមដែលរងការបំផ្លាញខ្លាំងមានសភាពក្រិនតឿ និងលូតលាស់យឺត។ រុយស ជាភ្នាក់ងារចម្លងជំងឺពីដើមមួយទៅដើមមួយ ពីចម្ការមួយ ទៅចម្ការមួយទៀត។ ហើយវិធីដែលព្យាបាលជំងឺនេះបាន គឺប្រើថ្នាំកម្ចាត់រុយស ព្រោះជំងឺនេះគ្មានថ្នាំព្យាបាលនោះទេ៕



ដោយ៖ ខន ណារី
 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com