Thmey Thmey 25
យុវតី នៅ ស៊ឺយ៉ា ៖«ស្ត្រីគួរសាកធ្វើអ្វីដែលខ្លួនចង់ធ្វើ ជាជាងយកភេទកំណត់សមត្ថភាព»
05/03/2021 5:00 pm ភ្នំពេញ ភ្នំពេញ៖ យុវតី នៅ ស៊ឺយ៉ា ជាអ្នកចូលចិត្តដើរលេងបែបផ្សងព្រេង ឡើងភ្នំ និងទៅកម្សាន្តកន្លែងធម្មជាតិ។ នាងចាប់ផ្ដើមដើរព្រៃដំបូងក្នុងវ័យ ១៨ឆ្នាំ ដោយមិនត្រូវបានគ្រួសារអនុញ្ញាតនោះទេ។ កញ្ញា នៅ ស៊ឺយ៉ា ឲ្យដឹងថា គ្រួសាររបស់នាង តែងតែនិយាយថា ក្មេងស្រី មិនត្រូវដើរឆ្ងាយ ជាពិសេសចូលព្រៃជាដើម។ យុវតី ស៊ឺយ៉ា យកពាក្យ «ជាមនុស្សមិនត្រូវយកភេទ មកកំណត់លើសមត្ថភាព» មកជម្នះរាល់ឧបសគ្គ និងបង្ហាញគ្រួសារថា ខ្លួនពិតជាស្រលាញ់ការដើរព្រៃ ទើបខ្លួនអាចសម្រេចបំណងដើរព្រៃដោយមានសេរីភាព។
 
 ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញ លោក អ្នកនាង ទស្សនា វីដេអូ ដូចខាងក្រោម៖ 
 

ការដើរព្រៃ និងផ្សងព្រេង ជាចំណង់ចំណូលចិត្ត របស់យុវតី នៅ ស៊ឺយ៉ា តាំងពីកុមារមក។ កញ្ញា ស៊ឺយ៉ា ជាមនុស្សងាយចាញ់អាកាសធាតុ ងាយប្រតិកម្ម និងមានសុខភាពខ្សោយផងដែរ។ គ្រួសារស៊ឺយ៉ា ក៏មិនសូវសប្បាយចិត្តចំពោះការដើរព្រៃ និងទៅកន្លែងឆ្ងាយៗដោយគ្មានគ្រួសារទៅជាមួយនោះដែរ ប៉ុន្តែកត្តាទាំងនេះមិនអាចរារាំងចិត្តយុវតីវ័យក្មេងរូបនេះបានទេ។ 

កញ្ញា នៅ ស៊ឺយ៉ា បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំជាមនុស្សមិនចូលចិត្តជំទាស់ទេ ប៉ុន្តែខ្ញុំសម្រប និងឱ្យអតិភាពលើខ្លួនឯងច្រើនជាង។ តាំងពីតូចដល់ធំមកខ្ញុំចូលចិត្តអ្វីដែលប្លែក លេងអ្វីខុសគេ សូម្បីតែម៉ាក់ក៏គាត់ថាដែរ តែវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ បើនិយាយឱ្យខ្លីទៅ ខ្ញុំធ្វើវាដោយបេះដូង។ យើងប្រើពាក្យថាបេះដូងមួយម៉ាត់ អ្វីដែលជារនាំង ក៏អត់អាចឃាំងយើងបានដែរ »។



សម្រាប់យុវតីវ័យ ២០ឆ្នាំរូបនេះ ទោះបីការឡើងភ្នំ និងការដើរព្រៃអាចជួយបញ្ហាប្រឈមខ្លះៗ សម្រាប់ខ្លួនជានារី ដូចជាការខ្លាចសត្វ ខ្លាចងងឹត និងខ្លាចខ្មោចជាដើម ប៉ុន្តែយុវតីរូបនេះយល់ថា មនុស្សមិនអាចយកភេទមក កំណត់សមត្ថភាពខ្លួនបានទេ។ ស៊ឺយ៉ា បញ្ជាក់ថា៖ « កាលខ្ញុំចូលរួមដំបូងក៏ខ្ញុំគិតថា ការឡើងភ្នំត្រូវការកម្លាំងច្រើន ប៉ុន្តែបច្ចេកទេសក៏ជារឿងសំខាន់ផងដែរ បើយើងអត់មានកម្លាំងអ៊ីចឹង បច្ចេកទេសជារឿងសំខាន់។ បើនិយាយឱ្យស្រួលទៅ រាល់កិច្ចការទាំងអស់អត់ត្រូវបានកំណត់ដោយភេទទេ ដោយសារតែ យើងអត់យកភេទមកកំណត់សមត្ថភាពរបស់យើងទេ អ៊ីចឹងយើងត្រូវរកវិធីដើម្បីឱ្យយើងអាចធ្វើការរួមគ្នាបាន។ ជាក់ស្ដែងទៅបុរស និងនារីពួកគាត់ត្រូវយោងគ្នា »។  

អ្វីដែលកញ្ញាទទួលបាន គឺការស្គាល់ខ្លួនឯងច្បាស់ ដឹងពីគោលបំណងរបស់ខ្លួន ស្គាល់ក្រុមការងារ និងអ្នកចូលរួមបានល្អៗ។ លើសពីនេះ ស៊ឺយ៉ា ក៏ទទួលបានភាពកក់ក្ដៅពីអ្នកមកពីទីតាំងផ្សេងៗគ្នា ប៉ុន្តែ មានទិសដៅ និងចំណង់ចំណូលចិត្តដូចគ្នាផងដែរ។  



កញ្ញា នៅ ស៊ឺយ៉ា ក៏បានលើកទឹកចិត្តដល់នារីដទៃទៀត ឱ្យហ៊ានសាកល្បងធ្វើអ្វីដែលខ្លួនចង់ធ្វើ។ « សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំអត់យកភេទមកកំណត់សមត្ថភាពទេ គឺខ្ញុំយកលទ្ធផល។ រាល់លទ្ធផលណាមួយ គឺសុទ្ធតែមានការចាប់ផ្ដើម អ៊ីចឹងបើយើងគិតថា ខ្លាច វាជារឿងធម្មតាទេ ប៉ុន្តែបេសកកម្មរបស់យើង គឺយើងត្រូវហ៊ានសាកល្បង» ៕

 
 
ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com